ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តព្រះវិហារ ស្ម័គ្រចិត្តផ្តល់ឈាមជូនមន្ទីរពេទ្យបង្អែក១៦មករា

ខេត្តព្រះវិហារ ៖ ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់!! លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំ នាយ នាយរងកងរាជអាវុធហត្ថស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាមជាចាំបាច់ ជូនមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានលើកឡើងថា អនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយនាយរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងអស់បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួល ខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋដែល កំពុងខ្វះឈាម និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

លោកមេបញ្ជាការបានលើកឡើងទៀតថា កងរាជអាវុធហត្ថខេត្តព្រះវិហារបានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្ត៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីលោក នាយ ឧត្តមសេនីយ៍ សៅ សុខា ឱ្យយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គីឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបម្រើប្រជាជន ។

នៅគ្រាដែលកងរាជអាវុធហត្ថក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សា ការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់ បច្ចុប្បន្ននេះ ។ កងរាជអាវុធហត្ថខេត្តព្រះវិហារបានបង្កើតនូវសមទ្ធផលជាច្រើន សម្រាប់អង្គភាព ជា ពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានផ្តល់កម្លាំងចិត្តដល់បងប្អូន ដែលបានចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសម្រាប់បម្រើឱ្យជនរួមជាតិដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត ជាពិសេសលោក មេបញ្ជាការ ក៏បានចូលរួមផ្តល់ឈាម ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់ផងដែរ ៕ វណ្ណៈ