ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

កញ្ញាឯកតំណាងកម្ពុជា យស ប៉ូលីណា ជួបអ្នកគាំទ្រផ្ទាល់មុនពេលចេញទៅអាមេរិក

ភ្នំពេញ៖ កញ្ញាឯកតំណាងកម្ពុជា Miss Global Cambodia ប្រចាំឆ្នាំ២០១៧កញ្ញា យស ប៉ូលីណា បានធ្វើដំណើរមកពីសហរដ្ឋអាមេរិកដើម្បីធ្វើទស្សនកិច្ច និងដំណើរកម្សាន្តនៅលើទឹកដីនៃប្រទេសកម្ពុជាអស់រយៈពេលជាង២សប្តាហ៍មកហើយ។ មុនពេលចាកចេញទៅពីកម្ពុជា នាងបានរៀបចំពិធីជួបជុំអ្នកគាំទ្រដោយផ្ទាល់ដើម្បីជួបជុំ ថតរូប និងថ្លែងសេចក្តីនឹករលឹកពីគ្នាទៅវិញទៅមក។

ជំនួបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១២ ខែ ឧសភា នេះនៅបន្ទាប់VIP នៃរោងភាពយន្តMajor Cineplex ផ្សារទំនើបអ៊ីអនក្រោមវត្តមានកញ្ញាឯកMiss Global Cambodia ប្រចាំឆ្នាំ២០១៧កញ្ញាយសប៉ូលីណា តំណាងរោងភាពយន្តនិងអ្នកគាំទ្រជាច្រើនចូលរួម។ ទីណាត់ជួបនេះបានធ្វើឲ្យមានមនុស្សកុះករពិសេសអ្នកគាំទ្រកញ្ញាឯករូបនេះអមដោយការថតរូប ជជែកថ្លែងក្តីនឹករលឹក ។ អ្វីដែលកាន់តែធ្វើឲ្យកញ្ញាឯកវ័យ២៥ឆ្នាំរូបនេះមានការភ្ញាក់ផ្អើលគឺអ្នកគាំទ្រនាងបានរៀបចំពិធីខួបកំណើតឲ្យនាងដើម្បីជាការលើកទឹកចិត្ត និងបង្កើតបរិយាកាសសប្បាយរីករាយអមដោយការដក់ជាប់នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាមួយអ្នកគាំទ្រ។

ថ្លែងដោយក្តីរំភើប កញ្ញាយសប៉ូលីណា បញ្ជាក់ថាអំឡុងមកទស្សនកិច្ចនៅកម្ពុជាជាថ្មីនេះនាងបានប្រើពេល៣សប្តាហ៍ចូលរួមក្នុងកម្មវិធីនានាជាច្រើន។ នាងថាពិតជាមានកិត្តិយសគ្រាដែលប្រជាជនកម្ពុជាស្វាគមន៍នាងដោយស្នាមញញឹម។ នាងថានាងបាន ចុះទៅកាន់ខេត្តក្រុងនានាដើម្បីស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរឲ្យបានកាន់តែច្រើន។អ្វីដែលកាន់តែរំភើបចិត្តគឺក្រោយបានជួបជាមួយអ្នកគាំទ្រនាងជាច្រើនបូករួមទាំងការរៀបចំពិធីខួបកំណើតដ៏គួរឲ្យភ្ញាក់ផ្អើល។ ក្រៅពីការជួបជុំសំណះសំណាលនាងក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកគាំទ្រតាមរយៈការទសទាយចំណង់ចំណូលចិត្តនាងដើម្បីទទួលរង្វាន់សំបុត្រកុនដែលផ្តល់ដោយរោងភាពយន្តMajor Cineplex។

យស ប៉ូលីណាបានបញ្ជាក់ដែរថា នាងនឹងវិលទៅកាន់ទឹកដីសហរដ្ឋអាមេរិកវិញនៅថ្ងៃទី១៥ខែឧសភានេះ ប៉ុន្តែអារម្មណ៍នាងនឹងនៅតែដល់ជាប់នូវស្នាមញញឹម និងការផ្តល់ភាពកក់ក្តៅសម្រាប់នាងមកទស្សនកិច្ចលើកនេះ។ នាងបញ្ជាក់ដែរថានឹងវិលមកកាន់ទឹកដីនៃប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខព្រោះតែនាងមានកិច្ចការងារមួយចំនួនដែលត្រូវបំពេញ៕ វឌ្ឍនា