ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

កត្តាដែលជំរុញឲ្យអឺរ៉ុបបង្កើតកងទ័ពរួមការពារអឺរ៉ុប ដោយសារអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ

ចែករំលែក៖

កតាសំខាន់ដែលជំរុញឲ្យ ប្រធានាធិបតីបារំាំងស្នើបង្កើតកម្លាំងការពាររួម នៅ តំបន់អឺរ៉ុប ដោយសារតែលោកយល់ឃើញ ថាអឺរ៉ុប គឺជាតំបន់ដែលគ្រោះថ្នាក់បំផុត ក្រោយពេល អាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាអាវុធជាមួយរុស្ស៊ី ។

សន្ធិសញ្ញាទ្វេភាគីអាមេរិក និងសហ ភាពសូវៀត នៅឆ្នាំ ១៩៨៧បានធ្វើឲ្យរុស្ស៊ី យល់ព្រម ដកទៅវិញ មីស៊ីលរយៈចម្ងាយ មធ្យម ដែលមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងដែលរុស្ស៊ី ដាក់បែរតម្រង់រួចហើយ សំដៅ រដ្ឋធានី របស់ប្រទេសអឺរ៉ុប។បើសិនអាមេរិកដកខ្លួនមែន អ្នកដែលប្រឈមមុខ រងគ្រោះខ្លាំងជាងគេ គឺបណ្តាប្រទេសអឺរ៉ុប សមាជិករបស់អង្គការអូតង់ ដែលជា សម្ពន្ធមិត្តរបស់អាមេរិក ប៉ុន្តែមិនមែនអាមេ រិកនោះទេ។ សន្ធិសញ្ញា ស្តីពីអាវុធនុយក្លេ អ៊ែរ ដែលធ្វើឡើង ក្នុងបរិបទសង្រ្គាម ត្រជាក់ មានគោលដៅ ហាមឃាត់ ផលិត និងប្រើប្រាស់ មីស៊ីល បាញ់ចេញពីដី ក្នុង រយៈចម្ងាយចន្លោះពី៥០០ទៅ ៥ពាន់គីឡូ ម៉ែត្រ។ មីស៊ីលរយៈចម្ងាយមធ្យម របស់ រុស្ស៊ី គឺគ្មានគ្រោះថ្នាក់ គំរាមកំហែង ដល់ ទឹកដីអាមេរិកនោះទេ ប៉ុន្តែ គឺទឹកដីអឺរ៉ុប ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី។

ដូច្នេះបើសិនអាមេរិកដកខ្លួន ចេញពី សន្ធិសញ្ញា នោះរុស្ស៊ី ក៏លែងគោរពធ្វើតាម សន្ធិសញ្ញាតទៅទៀតដែរ។ ដូច្នេះ គឺសន្តិ សុខរបស់អឺរ៉ុបដែលនឹងរងការគំរាមកំហែងគ្រប់ពេលវេលាពីរុស្ស៊ី ជាពិសេស នៅក្នុង កាលៈទេសៈដែល អូតង់និងរុស្ស៊ី កំពុង តែតានតឹង ប្រឈមមុខដាក់គ្នា ខាងផ្នែក យោធា នៅតាមព្រំដែនអឺរ៉ុបខាងកើត។

កតាទាំងនោះហើយទើប ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យបង្កើតកងទ័ពអឺរ៉ុប ដើម្បី ឲ្យអឺរ៉ុបអាចការពារខ្លួនឯង។ លោកម៉ាក្រុង បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងបទ សម្ភាសន៍ ដែលវិទ្យុបារាំង អឺរ៉ុបអាង (Europe 1) បានចាក់ផ្សាយនៅថ្ងៃអង្គារនេះ នៅក្នុងឱកាសដែលបារាំងកំពុងត្រៀម រៀបចំប្រារព្ធខួប១០០ឆ្នាំ នៃសង្រ្គាម លោកលើកទី១។ ការអំពាវនាវរបស់ប្រធានាធិបតីបារាំង ដែលចង់ឲ្យអឺរ៉ុបមានកង ទ័ពផ្ទាល់ខ្លួន ធ្វើឡើង ផងដែរ នៅក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគម្រោងដក អាមេរិកចេញពីសន្ធិសញ្ញា ស្តីពីអាវុធនុយក្លេអ៊ែរចម្ងាយមធ្យម ដែលតាមពិតធ្លាប់ បានជួយ រដ្ឋធានី អឺរ៉ុប ឲ្យរួចផុតពីគ្រាប់ មីស៊ីលរបស់សហភាពសូវៀត ក្នុងអំឡុង សម័យសង្រ្គាមត្រជាក់។

“យើងនឹងមិនអាចការពារប្រជាជនអឺរ៉ុបបានទេ ដរាបណាយើងមិនសម្រេចចិត្ត បង្កើតឲ្យមានកងទ័ពអឺរ៉ុបពិតប្រាកដមួយ។ ប្រឈមទៅនឹងរុស្ស៊ី ដែលនៅជិតខាង អឺរ៉ុប និងដែលមិនរអែងនឹងបង្ហាញការគំរាមកំហែង យើងចង់បានអឺរ៉ុបមួយ ដែលអាច ការពារដោយខ្លួនឯង”។ នេះជាប្រសាសន៍របស់លោកប្រធានាធិបតីបារាំង អេម៉ានុយ អែល ម៉ាក្រុង ដែលត្រូវបានចាក់ផ្សាយ នៅវិទ្យុបារាំងនៅថ្ងៃនេះ។

តាំងពីចូលកាន់តំណែងជាប្រធានាធិបតីបារាំង នៅឆ្នាំ ២០១៧ លោកម៉ាក្រុង បានជំរុញ ជាច្រើនលើកឲ្យមានការបង្កើតកងកម្លាំងយោធាអឺរ៉ុប។ នៅក្នុងបទ សម្ភាសន៍ជាមួយវិទ្យុបារាំង លោកម៉ាក្រុង បានអំពាវនាវសាជាថ្មីម្តងទៀតឲ្យមានការបង្កើតកងទ័ពអឺរ៉ុប ដើម្បីកាត់បន្ថយការ ពឹងផ្អែក ទៅលើអាមេរិក ផង និងដើម្បី បញ្ជាក់ពីអធិបតេយ្យភាពរបស់អឺរ៉ុបផង។

“នៅពេលដែល ខ្ញុំឮប្រធានាធិបតីអាមេ រិក លោកដូណាល់ ត្រាំ ប្រកាសថា គាត់ នឹងដកអាមេរិកចេញពីសន្ធិសញ្ញា ដែល ហាមឃាត់អាវុធនុយក្លេអ៊ែរ និងបង្កើតឡើងនៅក្រោយវិបត្តិមីស៊ីលនៅអឺរ៉ុប តើអ្នក ណាជាជនរងគ្រោះ? គឺអឺរ៉ុប ហើយនឹង សន្តិសុខរបស់អឺរ៉ុបនេះឯង។” លោក ម៉ាក្រុងបាននិយាយយ៉ាងដូច្នេះ មុននឹង បន្ថែមថា សន្តិភាពនៅអឺរ៉ុប គឺលែងទៀង ទាត់ទៀតហើយ។

សម្រាប់ប្រធានាធិបតីបារាំង ដែលមិន និយាយចំៗដល់ប្រទេសរុស្ស៊ី ការប៉ុនប៉ង ឈ្លានពាន វាយប្រហារទៅលើបណ្តាញ អុីនធើណេត ដើម្បីលូកដៃ កកូកកាយលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុបគឺជាឧទាហរណ៍ស្រាប់។

ប្រទេសបារាំង ក្រោមអាណត្តិរបស់ លោកម៉ាក្រុង បានផ្តួចផ្តើម បង្កើត កង កម្លាំងរួម ដែលមានការចូលរួមពីប្រទេស អឺរ៉ុបចំនួន ៩ ដើម្បី បើកបេសកកម្ម យោធា ដូចជារំដោះមនុស្សចេញពីតំបន់សង្រ្គាម ឬផ្តល់ជំនួយ នៅក្នុងករណីមានគ្រោះមហន្តរាយជាដើម។

នៅឆ្នាំមុន ក្នុងគោលដៅ កាត់បន្ថយការពឹងផ្អែកទៅលើជំនួយយោធាអាមេរិក អឺរ៉ុបបានសម្រេចបង្កើតមូលនិធិរាប់ពាន់លានអឺរ៉ូសម្រាប់វិស័យការពារអឺរ៉ុប។ យ៉ាងណា ក៏ដោយ ប្រទេសនៅអឺរ៉ុបនៅតែមិនអាចស្រុះស្រួលគ្នា ដើម្បីបង្កើតឲ្យចេញជាកងទ័ពអឺរ៉ុបរួមនោះទេ។ អាល្លឺម៉ង់ និងប្រទេស អឺរ៉ុបមួយចំនួន ដែលស្ថិតនៅក្បែរព្រំដែនជាមួយរុស្ស៊ី មិនគាំទ្រគំនិត បង្កើតកង កម្លាំងអឺរ៉ុប ព្រោះគេនៅឃើញសារសំខាន់ របស់កងទ័ពអូតង់ ដែលត្រូវបានបង្កើត ឡើងដើម្បីការពារសន្តិសុខរបស់ប្រទេសនៅអឺរ៉ុប ទល់នឹងការឈ្លានពានពីរុស្ស៊ី។ អ្នកជំនាញវាយតម្លៃថា កងទ័ពអឺរ៉ុបមិន អាចលេចចេញជារូបរាងបាន ដោយសារ តែមានការជំទាស់ពីអាមេរិក។ អាមេរិក របស់លោកដូណាល់ ត្រាំ ដែលជាក្បាល ម៉ាស៊ីន ដឹកនាំអង្គការអូតង់ ធ្លាប់បានរិះគន់ និងដាក់សម្ពាធ ឲ្យប្រទេសសមាជិកអឺរ៉ុប បង្កើនការបង់វិភាគទាន ក្នុងកេសថវិកាអូតង់៕ ម៉ែវ សាធី

 

 

 


ចែករំលែក៖