ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានិងថៃមានគម្រោងបើកច្រកមុំបី

ខេត្តសៀមរាប៖ ប្រទេសកម្ពុជានិងថៃមានគម្រោងរួមគ្នាដើម្បីបើកច្រកមុំបីដើម្បីអភិវឌ្ឍនិងធ្វើកិច្ចសហប្រតិបត្តិការបីប្រទេស រួមគ្នាក្នុងនោះមានប្រទេសកម្ពុជា ថៃ និង​ប្រទេសឡាវ នៅពេលខាងមុខឆាប់ៗនេះ។

ដើម្បីដំណើរការនៃគម្រោងខាងលើនេះគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានបើកកិច្ចប្រជុំលើកទី​១៩របស់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ដោយក្នុង​នោះភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ព ជើងគោកនិងជាមេបញ្ជាការយោធភូមិ​ភាគទី៤ រីឯភាគីថៃដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វិឆ័យ ឆែ.ច.ហ មេបញ្ជា​ការយោធភូមិភាគទី២។

ក្នុងកិច្ចប្រជុំនោះភាគីទំាងពីរបានឯកភាពគ្នាចាត់ចែងរៀបចំរបៀបរបបឆ្លងដែនឱ្យមានរបៀបរៀបរយនៅភូមិសាស្រ្តច្រក​ជប់គគីរជាប់ច្រកសាយតាគូរ ច្រកអូរស្មាច់ជាប់ច្រកចមនិងច្រកជាំជាប់ច្រកសាង៉ាំ។ចំពោះច្រកអានសេះរង់ចាំកិច្ចប្រជុំកំណត់ផែនការលម្អិតក្នុងការចាត់តាំងរៀបចំសាង សង់ដើម្បីស្ថាបនាច្រកអានសេះឱ្យទៅជាច្រកអន្តរជាតិពេញបរិបូរណ៍។

ដូច្នេះក្នុងចន្លោះរយៈពេលនេះភាគីទាំង ពីរមិនត្រូវដំណើរការសាងសង់អ្វីដែលជាហេតុនាំឱ្យមានការប៉ះពាល់ដល់ការត្រួត​ពិន​ិត្យកំណត់ខ្សែបន្ទាត់ព្រំដែនទៅអនាគតនោះទេ។ ភាគីទាំងពីរក៏បានឯកភាពគ្នា ផងដែរក្នុងការលើកសំណើទៅថ្នាក់លើក្នុង ​ការស្នើអភិវឌ្ឍន៍ភូមិសាស្រ្តនេះជាតំបន់ទេស ចរណ៍និងសុំបើកច្រកអនុគ្រោះថ្មីមួយទៀត​គឺច្រកមុំបី ច្រកបូកដើម្បីធ្វើការអភិវឌ្ឍនិងធ្វើកិច្ចសហប្រតិបត្តិការ៣ប្រទេសគឺ​កម្ពុជា ថៃ និងឡាវ នៅពេលខាងមុខ។

ភាគីទាំងពីរក៏បានគាំទ្រនិងបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្រ្កាបការជួញដូរគ្រឿងញៀនក្នុងភូមិសាស្ត្រតំបន់ព្រំដែន ជាពិសេសត្រូវមានកិច្ចសហប្រតិ​បត្តិការយ៉ាងជិតស្និទ្ធរវាងទីស្នាក់ការទំនាក់ ទំនងបញ្ហាគ្រឿងញៀនកម្ពុជា-ថៃ ដើម្បី​ផ្លាស​់ប្តូរព័ត៌មានទិន្នន័យរវាងគ្នាឱ្យបាន​ទាន​់ពេលវេលានិងមានវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។​ត្រូវធ្វើការផ្លាស់ប្តូរ​និងផ្ដល់ព័ត៌មានអំពីក្រុមជនខិលខូចទិញដូរឈើតាមបណ្តោយព្រំដែនដើម្បីទប់​ស្កាត់​បង្ក្រាបឱ្យបានទាន់ពេលវេលាទៅតាម​ច្បាប់នៃប្រទេសនីមួយៗដោយមិនមានប្រើអំពើហិង្សានិងបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀត សម្រាប់ការការពារ ទប់ស្កាត់ បង្រ្កាប អង្កេតស្រាវជ្រាវរកឱ្យឃើញជនខិលខូច ដៃដល់ ដែលឃុបឃិត​គ្នាវាយប្រហារឆក់ប្លន់សម្លាប់មនុស្សដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាតិនៃប្រទេស នីមួយៗផងដែរ៕ ហេង សូរិយា