ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងក្លាយជាប្រទេសកិត្តិយសក្នុងពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ានឆ្នាំនេះ

ភ្នំពេញ៖ ពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ខាងមុខនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិនក្នុងនោះ កម្ពុជានឹងធ្វើជាប្រទេសកិត្តិយស ស្របពេលទំនាក់ទំនង ការទូតកម្ពុជា-ចិន នឹងឈានចូលគម្រប់ខួបលើកទី៦០ ក៏ដូចជាគម្រប់ខួបលើកទី១៥ ក្នុងការបង្កើតភាពជាដៃគូ យុទ្ធសាស្ត្រចិន-អាស៊ាន ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទកាសែតមួយនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃ២១ សីហា ឆ្នាំ២០១៨នេះ ។ ពិព័រណ៌ខាងលើនេះ ជាវេទិកាដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយការទូត ព្រមទាំងវប្បធម៌ រវាងប្រទេសទាំងពីរ ជាពិសេសបង្កើតកានុវត្តភាពវិនិយោគ និងសកម្មភាពពាណិជ្ជកម្មដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រីកគោលដៅទីផ្សារទាំងក្នុង និងក្រៅប្រទេសស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយ លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

លោក ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាក្រៅពីការតាំងបង្ហាញផលិតផល និងសេវាយើងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាអមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាអមដោយពិធីចុះហត្ថលេខាលើ គម្រោងវិនិយោគមួយចំនួន ក៏ដូចជារៀបចំវេទិកាវិនិយោគកម្ពុជា-ចិនលើកទី៣ និងកម្មវិធីទស្សនកិច្ចរបស់ពាណិជ្ជករកម្ពុជាទៅកាន់ប្រទេសចិនដើម្បីស្វែងរកដៃគូធ្វើអាជីវកម្ម ។

សម្រាប់កម្មវិធីពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ានជារៀងរាល់ឆ្នាំ កម្ពុជាតែងតែរៀបចំពន្លាជាតិដើម្បីបង្ហាញ ពីកិត្តិនាមរបស់ប្រទេសដល់អ្នកចូលរួមឲ្យបានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ។ សម្រាប់ឆ្នាំ២០១៨នេះ កម្ពុជានឹងរៀបចំជាពន្លាជាតិមួយ ដោយយកប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ ធ្វើជាទីក្រុងស្រស់ប្រិមប្រិយ និងមានអគារមួយទំហំ៤៥X៦០ម៉ែត្រ ដែលអាចរៀបចំបាន១៤៦ស្តង់សម្រាប់បង្ហាញផលិតផល និងសេវារបស់ប្រទេសផងដែរ ។ ឆ្នាំនេះ កម្ពុជាមានកិត្តិយសនឹងក្លាយជាប្រទេសប្រធានបទចម្បងមួយ (country of honor for the 15th CAEXPO)នៃការពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន – អាស៊ានលើកទី១៥នេះ ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអតិបតីចូលរួមក្នុងព្រឹត្តិការណ៍សំខាន់នេះផងដែរ ។

ព្រឹត្តិការណ៍ ក៏ពិសេសនេះនឹងចាប់ពីថ្ងៃទី១១ ខែកញ្ញាដល់ថ្ងៃទី១៥ ខែកញ្ញា ទូរទស្សន៍ Nice TV នឹងចាក់ផ្សាយ “កម្ពុជានៅពិព័រណ៍ចិន – អាស៊ានលើកទី១៥ – ដែលជាការផ្សាយផ្ទាល់ពិសេស” ដើម្បីឱ្យប្រជាជនកម្ពុបានទស្សនាការផ្សាយបន្តផ្ទាល់នៃការតាំងពិព័រណ៍ និងមានការផ្សាយជារៀងរាល់ថ្ងៃ ឱ្យប្រជាពលរដ្ឋយល់ដឹងអំពីដំណើរការ ក៏អស្ចារ្យរបស់ប្រទេសកម្ពុជានៅក្នុងពិព័រណ៍ខាងលើ ៕ វឌ្ឍនា