ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមានភ្នាក់ងារអចលនទ្រព្យ ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជី! នេះជាឱកាសក្នុងទីផ្សារមួយនេះ?

នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមាន ភ្នាក់ងារជំនាញ កំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង អាផាមេន បុរី និងដីឡូតិ៍ជាដើម។ ទីផ្សារអចលនទ្រព្យនៅតែបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយស្របជាមួយគ្នានេះមានភ្នាក់ងារអចលនទ្រព្យថ្មីៗបង្កើតឡើងគ្រប់ពេលដែលធ្វើឲ្យទីផ្សារពោរពេញទៅដោយភ្នាក់ងារអចលនទ្រព្យដែលកំពុងធ្វើការដូចគ្នាលើការលក់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍។ ដោយសារតែបែបនេះភ្នាក់ងារមួយចំនួនបានកំណត់ទិសដៅអាជីវកម្មរបស់ខ្លួននៅផ្នែកផ្សេងទៀតដោយផ្តោតទៅលើការ ជួល និងលក់អចលនទ្រព្យអាជីវកម្មដែលជាទីផ្សារថ្មីថ្មោងមួយនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។

ក្រុមហ៊ុនអចលនទ្រព្យ SEAPS គឺជាភ្នាក់ងារមួយក្នុងចំណោមភ្នាក់ងារមួយចំនួនដែលកំពុងធ្វើការលើវិស័យនេះ។ ក្រុមហ៊ុនSEAPSធ្វើការលើការជួល និងលក់អចលនទ្រព្យអាជីវកម្មគ្រប់ប្រភេទ ដូចជា បារ ភោជនីយដ្ឋាន សណ្ឋាគារបូទិកនិងសណ្ឋាគារធំៗនៅក្រុងព្រះសីហនុ និងទីក្រុងភ្នំពេញ។

លោក Cris Knowles ប្រធានគ្រប់គ្រងក្រុមហ៊ុន SEAPS បានលើកឡើងថា “ប្រទេសកម្ពុជាពិតជា ទីផ្សារដែលថ្មី សម្រាប់វិស័យអចលនទ្រព្យអាជីវកម្មដោយបានផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកទិញ ដែលមានចំណេះ ដឹងច្រើននៅ ក្នុងវិស័យនេះក្នុងការបើកអាជីវកម្មថ្មី និងជម្រុញឲ្យផ្នែកនេះកាន់តែរឹងមាំ។

លោក Cris បានបន្ថែមទៀតថាសំណួរពីអតិថិជន និងតម្រូវការបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ អ្នកទិញមានចំនួនច្រើនទាំងជនបរទេស និងជនជាតិខ្មែរ ខេត្តព្រះសីហនុ កោះរ៉ុង និងកោះរ៉ុងសន្លឹមជាឧទាហរណ៍ជាកស្តែងដែលមានតម្រូវការច្រើនពីអតិថិជនមកពីប្រទេសលោកខាងលិចហើយម្យ៉ាងទៀតកម្ពុជាមានគម្លាតនៅលើទីផ្សាររវាងចំនួនអ្នកទិញបរទេសដែលកំពុងស្វែងរកអចលនទ្រព្យអាជីវកម្ម និងភ្នាក់ងារអចលនទ្រព្យដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយតម្រូវការរបស់អតិថិជន។

បន្ថែមលើសពីនេះទៀតលោក Cris ជឿជាក់ថាការធ្វើការជាមួយអចលនទ្រព្យអាជីវកម្មនេះតម្រូវឲ្យមានទំនុកចិត្តខ្ពស់ ចំណេះដឹងច្បាស់លាស់ និងចាំបាច់ត្រូវមានការយល់ដឹងចំពោះអាជីវកម្មច្បាស់លាស់ដើម្បីអាចលក់ចេញបាន។ “បន្ទាប់ពីបទពិសោធន៍១៧ឆ្នាំនៅក្នុងវិស័យនេះខ្ញុំយល់ពីអ្វីដែលអតិថិជនរបស់ខ្ញុំចង់បាន ហើយយើងពិតជាត្រូវការពេលវេលាដើម្បីស្តាប់អំពីតម្រូវការរបស់ពួកគេ និងឆ្លើយគ្រប់សំណួរដែលពួកគេមាន។ ខ្ញុំត្រូវធ្វើឱ្យអតិថិជនមានអារម្មណ៍ជឿជាក់លើការទិញអាជីវកម្មថ្មីរបស់ពួកគេហើយប្រាប់ពួកគេពីជំហានចាំបាច់ទាំងអស់ដែលពាក់ព័ន្ធ”។

ទាក់ទងនឹងតម្លៃរបស់អចលនទ្រព្យអាជីវកម្មលោក Cris បាននិយាយថាតម្លៃគឺអាស្រ័យលើទំហំនៃអាជីវកម្មប៉ុន្តែដែលសំខាន់វាអាស្រ័យលើថាតើអាជីវកម្មអាចរកប្រាក់ចំណេញបានប៉ុន្មាន និងឱកាសរីកចម្រើនត្រឹមកម្រិតណា។ ចំណែកតម្លៃក៏ប្រែប្រួលយ៉ាងខ្លាំងទៅតាមប្រភេទអាជីកម្មនីមួយៗដូចជាបារធម្មតាមានតម្លៃចាប់ពី៥,០០០ដុល្លារឡើងទៅ និងសណ្ឋាគារដែលអាចមានតម្លៃ ៣០០,០០០ដុល្លារឡើងទៅ។

NKD-36x6_outline

ក្រុមហ៊ុនអចលនទ្រព្យ Yi Fung គឺជាភ្នាក់ងារមួយទៀតដែលកំពុងធ្វើការលើការលក់អចលនទ្រព្យ អាជីវកម្មនៅកម្ពុជា។ លោក Stephen Suen នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Yi Fung បាននិយាយថា “យើងផ្តោតសំខាន់លើសណ្ឋាគារ និងសណ្ឋាគារបូទិកដែលមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែយើងក៏បានពង្រីកបន្ថែមទៀតទៅខេត្តព្រះសីហនុ និងកំពតដែលបច្ចុប្បន្ននេះ ឃើញតម្រូវការកាន់តែច្រើន”។

លោក Stephen កត់សម្គាល់ថាតម្រូវការអចលនទ្រព្យអាជីវកម្មដែលមានដូចជា៖ សណ្ឋាគារ និងកន្លែងស្នាក់នៅភាគច្រើនមានតម្រូវការពីជនបរទេសមកពីបណ្តាប្រទេសតំបន់អាស៊ីដូចជា៖ ប្រទេសម៉ាឡេស៊ី តៃវ៉ាន់ និងចិន។ លោកបន្ថែមថា “វិនិយោគិនមើលឃើញឱកាសច្រើននៅក្នុងទីក្រុងភ្នំពេញក្នុងពេលបច្ចុប្បន្ននេះខណៈពេលដែលទីផ្សារកំពុងរីកចម្រើនយ៉ាងខ្លាំងជាពិសេស វិស័យទេសចរណ៍។ តម្រូវការនៃសណ្ឋាគារបាននាំយកក្រុមអ្នកវិនិយោផ្សេងៗគ្នាដែលមានចាប់ពីវិស័យឯកជនទៅដល់ក្រុមហ៊ុនសាជីវកម្ម ឬសូម្បីតែខ្សែចង្វាក់នៃក្រុមហ៊ុនដែលទិញសិទ្ធិអាជីវកម្ម (franchise) ដែលមានថវិកាដ៏ច្រើន។

ទាក់ទិននឹងបញ្ហាប្រឈមនៃការលក់អចលនទ្រព្យអាជីវកម្ម លោក Stephen បានលើកឡើងថាភ្នាក់ងារអចលនទ្រព្យជួបប្រទះនឹងការលំបាកក្នុង “ការភ្ជាប់ចំណុចរួមមួយរវាងអ្នកទិញនិងអ្នកលក់”។ “ហើយនេះជាមូលហេតុមួយដែលភ្នាក់ងារអចលនទ្រព្យផ្សេងទៀតមិនចូលចិត្តការងារផ្នែកនេះ”។ ការងារនេះទាមទារឱ្យមានការរៀបចំការសហប្រតិបត្តិការ និងការអត់ធ្មត់យ៉ាងច្រើនហើយកិច្ចព្រមព្រៀងទិញលក់អាជីវកម្មយ៉ាងធំ កាន់តែនេះពិបាក”។

លោក ស៊ន សៀប ជានាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate បានលើកឡើងដូចគ្នានឹងលោក Stephen លោកថា “មានការលំបាកក្នុងការទំនាក់ទំនងជាមួយអ្នកទិញ និងអ្នកលក់ដើម្បីឈានទៅដល់ការទិញលក់មួយ។ នេះគឺដោយសារតែអ្នកទិញត្រូវការពេលវេលាដើម្បីធានាថាពួកគេនឹងទិញអាជីវកម្មដ៏ត្រឹមត្រូវមួយ។ លោក សៀប បានឲ្យដឹងដែរថាការទិញអចលនទ្រព្យអាជីវកម្មខុសពីការទិញផ្ទះ។ “នេះគឺដោយ សារតែការទិញផ្ទះគឺអាចរងចាំផលចំណេញត្រឡប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែការទិញ អាជីវកម្មគឺដើម្បីទទួលបានចំណូលប្រចាំខែភ្លាមៗ។ ដូច្នេះទើបភ្នាក់ងារមួយចំនួនចូលចិត្តប្រតិបត្តិ ការការងារតែលើសេវាកម្មទិញលក់អចលនទ្រព្យទូទៅ”។

ភ្នាក់ងារទាំងអស់ដែលបានធ្វើការលើការលក់អចលនទ្រព្យអាជីវកម្មយល់ស្របថាការងារនេះត្រូវចំណាយពេលយូរបើប្រៀបធៀបទៅនឹងការលក់លំនៅដ្ឋានធម្មតា ប៉ុន្តែវាក៏បានផ្តល់ផលចំណេញសាកសមទៅនឹងការខិតខំប្រឹងប្រែងវិញដែរ។ ទីផ្សារនៃការលក់អចលនទ្រព្យអាជីវកម្ម នេះនៅមានលក្ខណៈតូចនៅឡើយនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែតម្រូវការនៅតែកើនឡើងជានិច្ចហើយនេះគឺជាឱកាសដ៏ល្អសម្រាប់ភ្នាក់ងារអចលនទ្រព្យដើម្បីពង្រីកសេវាកម្មនិងជំនាញរបស់ពួកគេស្របតាមការលក់ទាំងអចលនទ្រព្យអាជីវកម្ម និងអចលនទ្រព្យទូទៅ៕

ផ្តល់សិទ្ធដោយៈ realestate.com.kh