ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំនាំបន្លែពីបរទេស

ខេត្តព្រៃវែង៖ នៅក្នុងពិធី​តាំង​ពិ​ព័​រណ៌​ផ្សារណាត់​បន្លែ និង​ផលិតផល​សុវត្ថិភាពនៅ​ខេត្ត​ព្រវែងកាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម ខិតខំ​ឲ្យអស់​លទ្ធភាព ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព សុវត្ថិភាព​បន្លែ ផ្លែឈើ និង​ផលិតផល​ផ្សេងៗ ដើម្បី​ធានា បាន​នូវ​តម្លាភាព​ទីផ្សារ សច្ចភាព និង​យុត្តិធម៌​ក្នុង​ការប្រកួតប្រជែង​។​

លោក វេង សាខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​គោលការណ៍​សំខាន់ៗ​៤​ចំណុច៖

ទី​១. ធ្វើការ​បង្វែ​ទិសដៅ​ផលិត​ពី​ការផលិត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ទៅជា​ការផលិត​ដើម្បី​ធ្វើ​កសិពាណិជ្ជកម្ម កែប្រែ​សួន​បន្លែ​ទៅជា​ចំការ​បន្លែ​។

ទី​២. បញ្ចូល​បច្ចេកទេស​ផលិត ការជ្រើសរើស​ពូជ ការប្រើ​ប្រព័ន្ធ​ដំណក់​ទឹក ការប្រើប្រាស់​ផ្ទះ​សំណាញ់ ដើម្បី​កាត់បន្ថយ​ហានិភ័យ បង្កើន​ផលិតភាព​ផលិតកម្ម​លើ​ផ្ទៃដី​ដដែល​។

ទី​៣. កែលម្អ​ខ្សែ​ច្រវាក់​ផលិតកម្ម ផលិត​តាម​ផែនការ​ឬ​តាម​កម្មវិធី​ច្បាស់លាស់ ផលិត​តាម​ការបញ្ជាទិញ តាម​តម្រូវការ​ទីផ្សារ និង​ចាំបាច់ ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​អនុវត្តន៍​កសិកម្ម​ល្អ (GAP) ហើយ​ត្រូវធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​។

ទី​៤. ត្រូវ​គិតគូរ​ពី​ការកែច្នៃ វេច​ខ្ចប់​ដើម្បី​បង្កើន​តម្លៃ​បន្ថែម ថែរក្សា ទុកដាក់ និង​មធ្យោបាយ​ដឹក ជញ្ជូន ផលិតផល ទៅកាន់​ទីផ្សារ ដើម្បី​ផ្តល់​សេវា​ឲ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។

​​តួលេខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ក្នុង​១​ឆ្នាំៗ​កម្ពុជា បាន​នាំចូល​បន្លែ​គិត​ជា​បរិមាណ​ចំនួន​ជាង​១៤​ម៉ឺន​តោន​ ​ស្មើនឹង​ជាង​ពាក់កណ្តាល​នៃ​បរិមាណ​តំរូវការ​បន្លែ​សរុប​នៅ​ក្នុងប្រទេស ហើយ​ការនាំ​ចូល​បន្លែ​នេះ​ទៀតសោត កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ ។ ​បន្លែ​នាំចូលទាំងនោះ មាន​បន្លែ​ខ្លះ​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​ច្រើន​បង្កផលប៉ះពាល់ចំពោះសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរបស់យើង ៕