ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣

​សិង្ហ​បុរី​ ៖​ ប្រភព​ព័ត៌មាន​ពី​សិង្ហ​បុរី​ បានឱ្យ​ដឹង​ថា​ នា​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​ ២០១៥​វេលា​ម៉ោង​១១​ព្រឹក​នៅ​ប្រទេស​សិង្ហ​បុរី​ លោក​ថោ​ង​ ខុន​ រដ្ឋមន្ដ្រីក្រសួង​ ទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ទទួល​លិខិតផ្លូវការ​ដើម្បី​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​ ៣២​ឆ្នាំ​២០២៣​ពី​ប្រធាន​ក្រុមប្រឹក្សា​ សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ (SEAGF​ Council)​ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហ​ ព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ហើយ​ ។​

​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការ​យល់ព្រម​របស់​លោក​ ថោ​ង​ ខុន​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ នៅ​ប្រទេស​សិង្ហ​បុរី​មុន​ថ្ងៃ​បើក​ការ​ ប្រកួត​ផ្លូវការ​នៃ​ព្រឹត្ដិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ លើក​ទី​២៨​ឆ្នាំ​២០១៥​នា​យប់​ថ្ងៃ​ទី​៥​ ខែ​ មិថុនា​ឆ្នាំ​២០១៥​នេះ​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ​ប្រទេស​ ម៉ា​ឡេ​ស៊ី​បាន​ទទួល​សិទ្ធិ​រៀបចំ​ព្រឹត្ដិការណ៍​ ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៧​បន្ដ​ពី​ប្រទេស​សិង្ហ​បុរី​ ។​ រីឯ​ ប្រទេស​ប្រ៊ុ​យ​ណេ​ក៏​ទទួល​បាន​សិទ្ធិ​រៀប​ ចំ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​បន្ដ​ពី​ប្រទេស​ ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​ឆ្នាំ​២០១៩​ដោយ​ពុំ​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ​ ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​មាន​មោទនភាព​ ក្រៃ​លែង​ ដោយ​បាន​ទទួល​សិទ្ធិ​រៀបចំ​ ព្រឹត្ដិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ ទី​៣២​ឆ្នាំ​២០២៣​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​នូវ​ លិខិតផ្លូវការ​ពី​សំណាក់​ប្រធាន​ក្រុម​ ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​នេះ​គឺ​កម្ពុជា​ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ហើយ​ដែរ​ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ​ នានា​ពេល​បច្ចុប្បន្ន​នេះ​ពាក់ព័ន្ធ​ជាមួយ​ ព្រឹត្ដិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ ប្រព្រឹត្ដ​នៅ​កម្ពុជា​នេះ​ ៕​ សារី​ម​

11393190_823781207709242_1232394676602486731_n