ព័ត៌មានទាន់ហេតុការណ៍៖

កម្មករលាយស៊ីម៉ងត៍ម្នាក់ធ្លាក់ក្នុងអាងក្រឡុកស៊ីម៉ងត៍បណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ កម្មករលាយស៊ីម៉ងត៍ម្នាក់ បានធ្លាក់ក្នុងអាងក្រឡុកស៊ីម៉ងត៍បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុម៨ នៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ខណៈកម្មកររូបនេះកំពុងអង្គុយលាងជើងលើមាត់អាងហើយមានកម្មករម្នាក់ទៀតបានទៅដល់មិនបានមើលមុខមើលក្រោយក៏ចុចគន្លិះបញ្ជាម៉ាស៊ីនក្រឡុកស៊ីម៉ងត៍ធ្វើឱ្យជនរងគ្រោះធ្លាក់ចូលក្នុងអាងលាយស៊ីម៉ងត៍ស្លាប់តែម្តង។

តាមប្រភពព័ត៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលជាកម្មករធ្លាក់ក្នុងអាងក្រឡុកស៊ីម៉ងត៍បណ្តាលឲ្យបាត់បង់ជីវិតនេះ ឈ្មោះ ភាព ប៊ុនហៀង ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិបួនមុខ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។

NKD-36x6_outline

ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុដែលជាពេលវេលាធ្វើការលាយស៊ីម៉ងត៍ចាក់គ្រឹះក្នុងការដ្ឋានកន្លែងកើតហេតុ គេឃើញជនរងគ្រោះខាងលើបានទៅអង្គុយលាងជើងលើមាត់អាងក្រឡុកស៊ីម៉ងត៍ ហើយខណៈនោះក៏ស្រាប់តែមានកម្មករម្នាក់ទៀតបានទៅដល់មិនបានមើលមុខមើលក្រោយក៏ចុចគន្លិះបញ្ជាម៉ាស៊ីនក្រឡុកស៊ីម៉ងត៍ធ្វើឱ្យជនរងគ្រោះធ្លាក់ចូលក្នុងអាងលាយស៊ីម៉ងត៍ស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច ។ ពេលឃើញដូច្នេះ កម្មករដែលចុចគន្លិះបញ្ជាម៉ាស៊ីនក្រឡុកស៊ីម៉ងត៍ភិតភ័យខ្លាំង ក៏គេចខ្លួនបាត់ទៅ ទុកនៅសាកសពក្នុងអាងត្រូវកម្មករនាំគ្នាស្រង់យក ចេញពីអាង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ក្នុងឧប្បត្តិហេតុដូចខាងលើប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អរុណរះ