ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ​សំណង់​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​បុរី​ឆាយ​ណា​ថោ​ន​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​ជា​កម្មករ​សំណង់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​មុង​ក្នុង​ សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ សង្ស័យ​ខ្យល់គ​ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​ក្នុង​បុរី​ឆាយ​ណា​ថោ​ន​ ភូមិ​ព្រៃ​ព្រី​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ម្នាក់​នោះ​ ឈ្មោះ​លី​ ធី​ អាយុ​៤៣​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​គីឡូ​បី​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​ មាន​ប្រពន្ធ​និង​កូនស្រី​ម្នាក់​ ធី​ស្រី​ណាត​២៤​ ស្នាក់​នៅ​សង្កាត់​ ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ ហើយ​ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ភ្នំពេញ​ ធ្វើ​ជា​កម្មករ​សំណង់​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៤​ ខែមិថុនា​ ក្រោ​ពេល​ហូប​បាយ​ល្ងាច​រួច​ បុរស​រង​គ្រោះ​បាន​ចូល​ដេក​តែ​ម្នាក់ឯង​នៅ​លើ​គ្រែ​ខាងលើ​ ហើយ​រាល់ដង​គាត់​តែង​ក្រោក​នៅ​វេលា​ម៉ោង​៥​ ព្រឹក​ងូតទឹក​រួច​ ទើប​ចូល​ធ្វើ​ការងារ​។​ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ម៉ោង​ជិត​៧​ទៅ​ហើយ​មិនឃើញ​គាត់​ក្រោក​ទៀត​ ដោយ​មានការ​សង្ស័យ​ អ្នកធ្វើការ​ជាមួយ​បាន​ចូល​ទៅ​ដាស់​ឲ្យ​ក្រោក​ធ្វើការ​ ស្រាប់តែ​បាន​ប្រទះ​ឃើញ​គាត់​ស្លាប់​បាត់​ទៅ​ហើយ​ ។​ ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ យ៉ាង​ខ្លាំង​ហើយ​គេ​បាន​តេ​ប្រាប់​កូនស្រី​គាត់​ ឲ្យ​ទៅ​យក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួចរាល់​៕​ សុខា​ សែន​ជ័យ​

image_1