ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ-កម្មការិនីថា បន្ទប់ជួលខ្លះនៅខណ្ឌពោធិ៍សែនជ័យលួចដំឡើងថ្លៃឈ្នួល

ភ្នំពេញ៖ សេចក្ដីរាយការណ៍​បានឲ្យ​ដឹងថា មានម្ចាស់បន្ទប់ជួលមួយចំនួនតូចនៅតែគឃ្លើននឹងការអំពាវនាវរបស់ សម្ដេចតេជោ ជាក់ស្ដែងម្ចាស់បន្ទប់ជួល ដែលមានជាង៤០០បន្ទប់ នៅភូមិកន្ទោក​ខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែន​ជ័យបានដំឡើងថ្លៃបន្ទប់ជួលរបស់ខ្លួនពី៥ដុល្លារទៅ១០ដុល្លាររួចបាត់ទៅហើយដែល ប្រការនេះធើ្វឲ្យកម្មករកម្មការិនីប្រតិកម្ម ។

ក្រៅពីការដំឡើងថ្លៃបន្ទប់ជួលដែល មិនមានអនាម័យល្អ និងទឹកប្រើប្រាស់មាន​កំបោរខ្លាំង ហើយថ្លៃភ្លើងដល់ទៅ១.៥០០​រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងហើយនោះក៏ម្ចាស់បន្ទប់ជួលជាង៤០០បន្ទប់នោះបានបណ្ដេញអ្នកជួលដែលតវ៉ាចេញពីបន្ទប់ ប្រមាណ២-៣បន្ទប់រួចរាល់ហើយ ហើយថែមទាំងបានព្រមានដល់អ្នកជួលផ្សេងទៀតថា ប្រសិនបើហ៊ានទម្លាយរឿងនេះទៅក្រុមអ្នកសារព័ត៌មាន ឬអាជ្ញាធរនោះ នឹងដេញចេញពីបន្ទប់ភ្លាម ។

ប៉ុន្ដែការព្រមានថានឹងបណ្ដេញចេញនេះ កាន់តែធ្វើឲ្យក្រុមកម្មករ និងអាជីវករ តូចតាចអាចដែលរកស៊ីត្រឹមមួយរស់ៗ ទប់មិនបាននោះឡើយ ពោលគឺទម្លាយ ប្រាប់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដើម្បី ឲ្យ​ជួយ​ផ្សព្វផ្សាយ និងដោះស្រាយ​ជូនពួក​គាត់​ផង ព្រោះថាការដំឡើងថ្លៃបន្ទប់ជួល​នេះធ្វើឲ្យពួកគាត់កាន់តែត្រូវចំណាយច្រើនជាងមុនបន្ថែមទៀត ។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍​សែនជ័យ នៅថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០១៧ បានចាត់ឲ្យលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ និងមន្ដ្រី​ជំនាញពាក់ព័ន្ធចុះជួយធ្វើអន្ដរាគមន៍រក ដំណោះស្រាយជូនក្រុមកម្មករ និងអាជីវ​ករតូចតាចផងដែរដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយរបស់ពួកគាត់ ។

NKD-36x6_outline

លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍​សែនជ័យ បានសន្យាថា នឹងដោះស្រាយ ជូនប្រជាពលរដ្ឋនៅតាមបន្ទប់ជួលនោះ ដើម្បីឲ្យស្របតាមការអំពាវនាវរបស់​សម្ដេចតេជោហ៊ុន សែន កុំឲ្យម្ចាស់បន្ទប់ ជួលមានការដំឡើងថ្លៃ បើទោះបីប្រាក់ ឈ្នួលរបស់កម្មករបានឡើងមួយកម្រិតទៀតក៏ដោយ ។

យ៉ាងណាមិញ អ្នកជួលបន្ទប់ជួលទាំង​៤០​បន្ទប់ ដែលបានដំឡើងថ្លៃរយៈពេល ជាង២ខែមកហើយ ក្នុងចំណោមបន្ទប់ជាង​៤០០បន្ទប់នោះ បានរៀបរាប់ពីទុក្ខលំបាក​ថែមទៀតថា បន្ទប់ជួលដែលគេដំឡើងថ្លៃ​នោះមានចំនួនពី៥-១០ដុល្លារទៅតាមបន្ទប់ តូចឬធំ ប៉ុន្ដែស្ថានភាពបន្ទប់វិញគឺមិនមានអនាម័យត្រឹមត្រូវនោះទេ ។

បើនិយាយពីទឹកប្រើប្រាស់វិញពីមុន តម្លៃមួយម៉ែត្រគូបតែ២.០០០រៀល ប៉ុណ្ណោះ ហើយរយៈពេល២ខែចុងក្រោយ​នេះ ម្ចាស់បន្ទប់ជួលដំឡើងដល់៣.០០០​រៀលក្នុងមួយម៉ែត្រគូប ខណៈដែលទឹកនោះមិនមែនជាប្រភេទទឹកស្អាតនោះទេ គឺជាប្រភេទទឹកអណ្ដូង ដែលពិបាកក្នុងការប្រើប្រាស់បរិភោគខ្លាំងណាស់ព្រោះថា​មានជាតិកំបោរច្រើនពេកទុកមិនបានយូរ​ឡើយ ។

មួយវិញទៀត សម្រាប់ថ្លៃនៃការប្រើ ប្រាស់ភ្លើងវិញពីមុនប្រើភ្លើងឯកជនតម្លៃ ១.៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងក្រោយ មកផ្លាស់ទៅប្រើប្រាស់ភ្លើងដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាវិញ ប៉ុន្ដែតម្លៃនៅ តែ១.៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដដែល ។

ក្រៅពីការរៀបរាប់ពីទុក្ខលំបាកបែបនេះក្រុមកម្មករ និងអាជីវករទាំងអស់នោះបានទទូចដល់អាជ្ញាធរមូលដ្ឋាននិងថ្នាក់ដឹកនាំមេត្តាជួយដោះស្រាយជូនពួកគាត់ផងថ្វីដ្បិតតែប្រាក់ឈ្នួលត្រូវដំឡើងពិតមែនតែ ប្រសិនបើបន្ទប់ជួលឡើងថ្លៃបែបនេះពួកគាត់នៅតែជួបការលំបាកដដែល។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយក៏លោកអភិបាលខណ្ឌពោធិ៍សែនជ័យបានសន្យាថានឹដោះស្រាយជូនពួកគាត់ឲ្យខាងតែបាន ៕ ហេង សូរិយា