ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈ២នាក់ទៀតកំពុងរត់គេចខ្លួនក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ខណៈបក្សពួក២នាក់ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីបុរសម្នាក់ជាជនរងគ្រោះបានមកដាក់ពាក្យប្តឹងពីបទ ហិង្សាដោយចេតនាប្រើកាំបិតកែច្នៃកាប់មកលើជនរងគ្រោះចំក្បាលរងរបួសដេរ១៨ថ្នេរ។

ហេតុការណ៍បង្ករបួសស្នាមនេះ កើតឡើងកាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ត្រង់ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ របស់ជនរងគ្រោះឈ្មោះលី រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក រស់នៅភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានប្តឹងឈ្មោះ ទិត្យ ភា ហៅ(ក្តាម) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ រស់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងបក្ខពួកពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានធ្វើសកម្មភាពយកដាវកាប់មកលើក្បាលបណ្តាលឲ្យរបួសដេរចំនួន១៨ថ្នេរ កាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ត្រង់ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនមានបក្ខពួក៣នាក់ទៀត ១/ឈ្មោះ ធារ៉ា ភេទប្រុស អាយុជាង២០ឆ្នាំ ២/ឈ្មោះ កុយ ភេទប្រុស អាយុជាង២០ឆ្នាំ ៣/មិនស្គាល់ឈ្មោះជាបងថ្លៃរបស់អាកុយ។

ជនសង្សយ័បានបន្តទៀតថា មូលហេតុដែលខ្លួនឈានទៅដល់កាប់ទៅលើជនរងគ្រោះដោយសារកាលពីវេលាម៉ោង០៨និង00នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ខ្លួនបានទៅចូលរួមកម្មវិធីបុណ្យដាលាន នៅភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជយ័។ ពេលនោះបានទាស់ពាក្យសំដីជាមួយឈ្មោះប៉ង់ ហើយអាប៉ង់ បានយកដាវកែច្នៃកាប់មកលើរូបគេ បណ្តាលរងរបួសស្រាល បន្ទាប់មកអាប៉ង់ បានជិះម៉ូតូមកផ្ទះនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ហើយ បបួលបក្ខពួកខាងលើជិះម៉ូតូ២គ្រៀងសំដៅមកភូមិត្រពាំងពោធិ ដោយខ្លួនយកដាវកែច្នៃចេញពីម៉ូតូអាកុយ ដើម្បីមកសងសឹកអាប៉ង ពេលជិះមកដល់ភូមិត្រពាំងពោធិ៍ម៉ោងប្រហែល២២និង៤០នាទី ខ្លួនបានឃើញបុរសម្នាក់អង្គុយលើម៉ូតូពាក់មួកសុវត្ថិភាពស្លៀកពាក់ខោអាវស្រដៀងនឹងអាប៉ង់ ខ្លួនក៏លោតចុះពីលើម៉ូតូទាញដាវកាប់ទៅលើក្បាលបណ្តាលរយះមួកសុវត្ថិភាពធ្លាយដល់ក្បាល ក្រោយពីធ្វើសកម្មភាពរួច ពួកខ្លួនបាននាំគ្នាគេចខ្លួនដោយបោះដាវចោលចំងាយប្រហែល២០ម៉ែត្រពីកន្លែងកើតហេតុ។

ក្រោយពីទទួលពាក្យបណ្តឹង កំលាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅបានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យ១នាក់ ឈ្មោះ ទិត្យ ភាហៅ(ក្តាម) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ (ជាជនដៃដល់) នៅម៉ោង១៥និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅផ្ទះជនសង្ស័យភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនការិយាលយ័ប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕ ព្រែកជ័យ