ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ៥នាក់ ពីបទល្មើសជាក់ស្ដែងប៉ុនប៉ងប្រព្រឹត្តអំពើលួច

ភ្នំពេញ ៖ ជនសង្សយ័៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយពីធ្វើ សកម្មភាពលួចកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងច្រកចូលសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

មន្ត្រីនគរបានព្រហ្មខណ្ឌដង្កោបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតកម្លាំងនគរបាលខណ្ឌដង្កោបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោលុះដល់ចំណុចផ្លូវបេតុងក្បែររបងសាលាកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទី១-ឈ្មោះ ពៅ សុភាព ភេតប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២-ឈ្មោះ រ៉ន ម៉េងឡុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងក្រុងតាខ្មៅ ខេត្ត កណ្តាល រួមនឹងវត្ថុតាងសោកាច់កម៉ូតូចំនួន១ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចពីកន្លែងបក្ខពួករបស់គេដែលជាអ្នកទទួលទិញម៉ូតូ ហើយនៅវេលាម៉ោង៨ព្រឹកថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យចំនួន៣នាក់ទៀតទី១-ឈ្មោះ យ៉ន សុភាព ហៅង៉ុយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ជាអ្នកទទួលទិញម៉ូតូ), ទី២-ឈ្មោះ ហួត សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី៣-ឈ្មោះ ស សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រួមនឹងម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ស្លាបកំភេន គ្មានស្លាកលេខ១គ្រឿង, ម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ១គ្រឿង និងម៉ាស៊ីនបូមទឹកចំនួន១គ្រឿង ត្រង់ចំណុចផ្ទះជួលក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រួចយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ហេង នរិន្ទ្រ

Pl-New-Copyrights1-175

Pl-New-Copyrights2-141

Pl-New-Copyrights-225