ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ពាក់ព័ន្ធករណីកាត់កញ្ចក់រយន្តពេលយប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ពាក់ព័ន្ធករណីលួចកាច់កញ្ចក់រថយន្តបានហើយ​រត់មិនរួច ត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងបែកមុខ មាត់ រួចប្រគល់អោយទៅកម្លាំងនគរបាលខណ្ឌ៧មករា ចំណែកជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតផ្សារញ៉ែ តាមបណ្តោយផ្លូវ២១៥ កែងនឹងផ្លូវ១៥០ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សួន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ មានស្រុកកំណើតនៅខេត្តព្រៃវែង ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានម្ចាស់រថយន្តម៉ាក TUNDRA មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខ ភ្នំពេញ 2AV-7758 បើកមកចតនៅចំណុចកើតហេតុខាងលើ ដើម្បីចូលទៅផឹកស៊ី ស្រាប់តែលេចមុខ​ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក បានជិះមកឈប់ក្បែររថយន្តរួចបានធ្វើសកម្មភាពកាច់ កញ្ចក់រថយន្តផ្នែកខាងឆ្វេងបានសម្រេច ហើយក៏បាននាំគ្នា​ឡើងជិះម៉ូតូគេចខ្លួន ស្រាប់តែត្រូវសន្តិសុខដែលយាមនៅក្បែរនោះ ​បានឃើញ ស្រែកថាចោរៗ ត្រូវបានប្រជាពលរដ្ឋនាំគ្នាពទ្វ័ចាប់បានម្នាក់ វាយបែកមុខមាត់រួចប្រគល់ឲ្យទៅកម្លាំងនគរបាលខណ្ឌ៧មករា ចំណែកជនសង្ស័យម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាល​សង្កាត់វាលវង់ បញ្ជូនខ្លួនទៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីចាក់ការតាមច្បាប់៕ ស រស្មី