ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដចាប់ជនជាតិវៀតណាម ៥នាក់ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម ក្នុងខណ្ឌ៧មករា

ភ្នំពេញ៖ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីវេលាម៉ោង​២រសៀលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅកន្លែងកាត់សក់ ប៉ារីស . ស៊ាន វ៉ៃ .លីលី នីនី តាមបណ្ដោលផ្លូវលេខ១០៧ ក្នុងសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបន្ដប្រតិបត្តិការចាប់ជនជាតិវៀតណាម៥នាក់ប្រុស១នាក់ មកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាត ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅ​ចំណុចខាងលើ ផ្លូវលេខ​១០៧ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា និងក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការជនជាតិវៀតណាមខាងលើត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី៕ ស រស្មី