ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់លួចកាបូបលុយនៅផ្ទះម៉ាស្សា

ភ្នំពេញៈនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតប៉ុស្តិ៍បានឃាត់ជនសង្ស័យម្នាក់ចូលលួចកាបូបលុយនៅក្នុងផ្ទះម៉ាស្សាយីហោ១៦៨ ផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជា សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយប្អូនម្តុំចំកាដូង សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ អ្នកធ្វើជ្រូកខ្វៃនៅទួលស្វាយព្រៃ ។

សម្ភារដកហូត កាបូបលុយ១ នៅក្នុងកាបូបមានលុយ១២ម៉ឺនរៀលជារបស់ជនរងគ្រោះ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកចូលហាងម៉ាស្សាគោលបំណងមកម៉ាស្សា បានដើរចូលមកក្នុងហើយនារីរងគ្រោះបានដេកលង់លក់ ជនសង្ស័យបានដាស់នារីរងគ្រោះតែនារីរងគ្រោះមិនក្រោក ពេលនោះជនសង្ស័យបានឃើញការបូបលុយរបស់នារីគ្រោះ ក៏បានលួចយក ដើរចេញមកខាងក្រៅយកលុយ រួចបោះការបូបលុយចោលនៅក្បែរនោះ ហើយជនសង្ស័យបានដើរនៅក្បែរនោះ ខណៈនោះក៏នារីរងគ្រោះភ្ញាក់ដឹងខ្លួនបាត់កាបូបលុយ ក៏ឆោឡោ ផ្អើល ចេញមកខាងក្រៅឃើញជនសង្ស័យ បានហៅមកឆែកឆេរមើល ក៏ស្គាល់ក្រដាសលុយរបស់ខ្លួន ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់ខ្លួនភ្លាមៗតែមង្ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី