ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចប៉ៃលិនឃាត់គ្រឿងចក្រអេស្ការទ័រជីកកកាយ និងឈូសឆាយដីភ្នំ២កន្លែង និងចាប់តៃកុងរថយន្ត៤នាក់ដាក់ឃុំខ្លួនមួយយប់

ខេត្តប៉ៃលិន៖ រថយន្តដឹកដី៣គ្រឿង និងគ្រឿងចក្រអេស្ការវ៉ាទ័រជីកកកាយដីចំនួន២គ្រឿង រថយន្តដឹកគ្រឿងចក្រអេស្ការមួយគ្រឿងត្រូវបានកងកម្លាំងអាវុធហត្ថខេត្ត បានសហការជាមួយខណ្ឋរដ្ឋបាលព្រៃឈើ ចុះទៅឃាត់រថយន្តទាំងនោះដែលជីកកកាយ ឈូសឆាយដីភ្នំខុសច្បាប់២កន្លែងដែល ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

បើតាមសំដីលោកវរៈសេនីយទោ នង វណ្ណនី មេបញ្ជាការងអាវុធហត្ថខេត្តប៉ៃលិនបានឲ្យដឹងថា៖ នៅពេលមុនកើតហេតុលោក ក៏បានទទួលបញ្ជាពីលោក វ៉ាន់ ណាឡុង មេបញ្ជាការអាវុធហត្ថខេត្ត ឲ្យលោកដឹកនាំកម្លាំងអាវុធហត្ថខេត្តចុះសហការជាមួយខណ្ណរដ្ឋបាលព្រៃឈើ ចុះទៅបង្ក្រាប និងដកហូតរថយន្តដឹកដីចំនួន៣គ្រឿងគ្រឿងចក្រអេស្ការវ៉ាទ័រជីកកកាយ និងឈូសឆាយដីចំនួន២គ្រឿង រថយន្តដឹកគ្រឿងចក្រអេស្ការ ១គ្រឿង និងឃុំខ្លួនតៃកុងរថយន្ត ចំនួន៤នាក់ក្រោយពីសួរនាំរួច ។

ហេតុការណ៍ដែលកម្លាំងទាំងពីចុះសហការឃាត់ម្ចាស់រថយន្តទាំងនោះបានឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ រថយន្តទាំងនោះ និងម្ចាស់រថយន្ត៤នាក់ សមត្ថកិច្ចទាំង២មិនទន់បានសម្របសម្រួលដោះលែងនៅឡើយ ។

មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តប៉ៃលិនបាននិយាយបង្ហើបឲ្យដឹងថា៖ម្ចាស់គ្រឿងចក្រដែលធ្វើសកម្មភាពជីកកកាយ និងឈូសឆាយដីព្រៃភ្នំនោះម្ចាស់ឈ្មោះលីនស្នាក់នៅក្នុងភូមិខាងលើហើយបានធ្វើសកម្មភាពជីកកកាយ និងឈូសឆាយដីភ្នំដឹកលក់នៅតាមភូមិជារៀងរាល់ថ្ងៃបណ្តាលឲ្យខូចទ្រង់ទ្រាយយ៉ាងដំណំ ។

ប្រភពពីមន្ត្រីជំនាញខណ្ឋរដ្ឋបាលព្រៃឈើខេត្តបានបន្តថា៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីកម្លាំងអាវុធហត្ថខេត្តបានសហការជាមួយនឹងខាងរដ្ឋបាលព្រៃឈើរបស់កម្លាំងលោក បានចុះទៅធ្វើការបង្ក្រាបទីតាំង២កន្លែងនោះបានតែម្តង ។ ក្រុមឈ្មួញជីកកកាយ និងឈូសឆាយដីភ្នំដឹកលក់នេះ ធ្វើឡើងចំនួន២កន្លែងក្បែរគ្នា ទី១. ស្ថិតនៅខាងក្រោយអនុវិទ្យាល័យផ្សារព្រំ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ និងទី២. ស្ថិតនៅចំណុចដីថ្មី ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ។

ប្រភពបញ្ជាក់ទៀតថា៖ បន្ទាប់ពីស្ងាត់សកម្មភាពរយ:ពេលប៉ុន្មានសប្តាហ៍កន្លងទៅ ស្រាប់តែក្រោយ មកថ្មីៗនេះ ក្រុមឈ្មួញសម្រុកនាំគ្នាជីកកកាយ និងឈូសឆាយដីព្រៃភ្នំដឹកលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើតនឹងច្បាប់នោះឡើយ ខណ:ដីពង់រាបក៏ដូចជាដីភ្នំនៅទីគ្រប់កន្លែងនៅក្នុងភូមិខាងលើ មានការឡើងថ្លៃយ៉ាងគំហុកគួរឲ្យកត់សម្គាល់ជាខ្លាំង ។

ទោះបីជាយ៉ាងណាក៏ដោយខាងអាវុធហត្ថខេត្តបានសហការគ្នា ជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឃាត់ខ្លួនតៃកុងរថយន្តចំនួន៤នាក់ យកទៅកន្លៃងអាវុធហត្ថ ខេត្តប៉ៃលិន ដើម្បី សាកសួរ រួចឃុំខ្លួនមួយយប់ បន្ទាប់មកក៏កសាង និងរៀបចំ សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ប៉ៃលិន ចាត់ការតាមនីតិវិធីច្បាប់ ។ រីឯរថយន្ត និងគ្រឿងចក្រអេស្ការទ័រ ជីកកកាយដីព្រៃភ្នំទាំងអស់ត្រូវបានជំនាញយកទៅរក្សាទុកនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរង់ចាំដោះស្រាយ ៕ ស សារ៉េត