ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថបង្រ្កាបឈើអារជាង ១០ម៉ែត្រត្រីគុណប្រគល់ជូនមេព្រៃបន្តនីតិវិធី

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអារវុធហត្ថលើផ្ទះប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកភ្នំក្រវាញសហការគ្នា ចុះបង្រ្កាបករណីដឹកជញ្ជូនឈើអារលេខ២ប្រមាណជាង ១០ម៉ែត្រត្រីគុណ ប្រគល់ជូនលោកមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញចាត់ការបន្ត។

ប្រតិបត្តិខាងលើអនុវត្តឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិគល់ទទឹង ឃុំសន្រ្ទៃ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការកម្លាំងបង្ក្រាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ) លទ្ធផល៖ ចាប់ឃាត់គោយន្តកន្រ្តៃដឹកឈើអារពេញៗចំនួន ៥គ្រឿង មានឈើចំនួន ១០១សន្លឹកស្មើរនឹងចំនួន ១២,១៥ម៉ែត្រត្រីគុណ ជាប្រភេទឈើអារលេខ ដែលឈើទាំងនេះគេអះអាងដឹកចេញពីចំណុចបាតឆ្នាំ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទៃ ស្រុកភ្នំក្រវាញ ក្នុងគោលបំណងដឹកទៅឯខេត្តកំពងុឆ្នាំតែត្រូវបានកម្លាំងធ្វើការបង្រ្កាបបាននៅត្រង់ចំណុចខាងលើនេះ។

ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិខាងលើនេះដែរ ក៍បានឃាត់ខ្លួនអ្នកបើកបរគោយន្តកន្រ្តៃដឹកឈើចំនួន ៥នាក់ផងដែរដើម្បីយកមកសួរនាំ ដែលទី១ មានឈ្មោះ យឹម សារ៉ាយភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអណ្តូងរនុក ឃុំព្រៃមូល ស្រុករលាប្អៀរ ទី២ ឈ្មោះ នុត វីភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងរវាង ឃុំក្រាំងរវាងស្រុកសាមគ្គីមានជ័យ ទី៣ ឈ្មោះ ឈឿន សុខា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃលាក់នាង ឃុំព្រៃបាក់ ស្រុករលាប្អៀរ ទី៤ ឈ្មោះ ប៊ុន ថន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្រាំងល្វារ ឃុំក្រាំងល្វារ ស្រុកសាមគ្គីមានជ័យ និងទី៥ ឈ្មោះ សេង មឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបន្តទៀត បច្ចុប្បន្អ្ន អ្នកបើកបរគោយន្តទាំង ៥នាក់និងវត្ថុតាង(គោយន្តកន្រ្តៃរួមទាំងឈើ) បានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ បឹុម ពិន