ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្តៀង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ឃាត់ខ្លួន​មនុស្ស​ម្នាក់​ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​

​ខេត្តពោធិ៍សាត់​ ៖​ លោក​ឧត្តមសេនីយ៍ត្រី​ ខេ​ង​ ទី​តូ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ បាន​បញ្ជា​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ កណ្តៀង​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ ញឹក​ បាន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កណ្តៀង​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ក្នុង​រដូវ​បិទ​នេសាទ​ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ម្នាក់​ រួម​ទាំង​វត្ថុ​តាង​យក​ទៅ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ស្រុក​ចាត់ការ​តាម​នីតិវិធី​ ។​

​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​បឹង​ទន្លេសាប​ ស្ថិត​ក្នុងភូមិ​កោះ​ក្អែក​ ឃុំ​រាំង​ទិល​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ ។​

​លោក​អនុសេនីយ៍ឯក​ ញឹក​ បាន​ ឲ្យ​ដឹង​ថា​ កម្លាំង​របស់​លោក​បាន​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​មាន​ទាំង​វត្ថុ​តាង​ដូច​ជា​បា​ឡា​បំពាក់​ម៉ាស៊ីន​ កម្លាំង​១៨​សេះ​២​គ្រឿង​ ទូក​២​គ្រឿង​ មង​ត្រី​ប្រ​ម៉ា​ប្រវែង​៣០០​ម៉ែត្រ​ ធុង​ទឹកកក​ធំ​សម្រាប់​ក្លា​សេ​ត្រី​១​ ត្រី​ប្រ​ម៉ាស​ទម្ងន់​៦០​គីឡូក្រាម​ ។​

​លោក​បន្ត​ថា​ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកនេសាទ​ក្នុង​រដូវ​ត្រី​ពង​-​កូន​ម្នាក់​ឈ្មោះ​ ង្វៀ​ង​ យុំ​ា​ង​យូ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​កោះ​ក្អែក​ ឃុំ​រាំង​ទិល​ ស្រុក​កណ្តៀង​ ជា​ជនជាតិ​វៀតណាម​ ។​

​លោក​មេបញ្ជាការ​បញ្ជាក់​ថា​ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​អ្នកនេសាទ​នៅ​តំបន់ហាមឃាត់​(​អតីត​ឡូត៍​នេសាទ​លេខ​២៦)​ ហើយ​ភ្លាម​នោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ដឹងខ្លួន​ក៏​ព្យាយាម​បើកកាណូត​គេចខ្លួន​ តែ​ត្រូវ​កម្លាំង​របស់​លោក​ ឃាត់ខ្លួន​បាន​ទាំង​មនុស្ស​ និង​វត្ថុ​តាង​នៅ​នឹង​កន្លែង​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្តៀង​ កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ទៅ​ជំនាញ​រដ្ឋបាល​ជលផល​ស្រុក​កណ្តៀង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ ប៉ឹម​ ពិន​

p1

p2