ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ជំនាញ​ជលផល​ក្រចេះ​បញ្ជូន​ខ្លួន​អ្នកនេសាទ​ពីរ​នាក់​ប្រើ​ឧបករណ៍​ឆក់​ត្រី​ទៅ​តុលាការ​

​ខេត្តក្រចេះ​៖ ​កម្លាំង​ជំនាញ​ជលផល​ក្រចេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​នេះ​ បាន​បញ្ជូន​ខ្លួន​បុរស​ជា​អ្នកនេសាទ​ដោយ​ប្រើ់​ឧបករណ៍​ឆក់​ខុសច្បាប់​ពីរ​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដោយ​ចោទប្រកាន់​ តាម​មាត្រា​ច្បាប់​ស្តី​ពី​ជលផល​ត្រង់​មាត្រា​៩៨​ចំនុច​ទី​៤​ការ​ធ្វើ​នេសាទ​ដោយ​ឧបករណ៍​ឆក់​គ្រឿងផ្ទុះ​និង​សារធាតុពុល​គ្រប់​ប្រភេទ​នៅ​ក្នុង​ដែន​នេសាទ​ជន​ទាំងនោះ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​ឬ​បំផ្លាញ​ចោល​។​

ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​ក​ម្លាំ​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​ សហ​ការណ៍​ជាមួយ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ កោះ​តា​ស៊ុ​យ​ ចាប់​ឃាត់ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​១០​ ខែមករា​ ខ​ណះ​ដែល​ជន​នេះ​កំពុង​ធ្វើ​សកម្មភាព​ ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ នៅ​ចំនុច​អូរ​វែង​កណ្តាល​កោះ​តា​ស៊ុ​យ​ ភូមិ​ចុង​កោះ​ ឃុំ​កោះ​តា​ស៊ុ​យ​ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​។​

លោក​ បែន​ ប៊ុ​ណ្ណា​រ៉ា​វុ​ធ​ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ ១,​ឈ្មោះ​ សេង​ ហុង​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល​១​ ឃុំ​ចំបក់​ ស្រុក​ព្រែក​ប្រសព្វ​ និង​ទី​២​ឈ្មោះ​ ប៊ី​ន​ ដា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​២​ ឃុំ​ខ្សាច់​អណ្តែត​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​។​

លោក​បាន​បន្ត​ថា​ នៅ​ក្នុង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ បាន​រឹបអូស​បាន​វត្ថុ​តាំង​ឧបករណ៍​ល្មើសច្បាប់​មួយ​ចំនួន​ដូច​ជា​ដូច​ជា​ អាំង​វែក​ទ័​រ​ឆក់​ត្រី​ចំនួន​១​គ្រឿង​ ដង​ឆក់​១​គូរ​ ថ្នង​ដងត្រី​ចំនួន​១​ អា​គុយ​៧០​អាំ​ព័រ​ចំនួន​១​គ្រឿង​ និង​ត្រី​ចំរុះ​ទំងន់​ជិត​១០​គីឡូក្រាម​ផង​ដែរ​ ។​

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​ លោក​ សៀន​ គិ​ន​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ចាប់​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ បាន​រាយការណ៍​ពី​សកម្មភាព​ការ​នេសាទ​ខុសច្បាប់​ ដោយ​ប្រើ​ឧបករណ៍​ឆក់​ទៅ​លោក​នួន​លាង​ហេង​មេឃុំ​កោះ​តា​ស៊ុ​យ​ ហើយ​លោក​មេឃុំ​ បាន​ស្នើ​សុំ​ ឱ្យ​កម្លាំង​មន្ត្រី​ជំនាញ​ជលផល​ផ្នែក​ព្រែក​ប្រសព្វ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ចុះ​ធ្វើការ​ទប់ស្កាត់​និង​ចាប់​បង្ក្រាប​តែ​ម្តង​។​

លោក​ថា​ ក្នុង​នាម​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​ លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងអស់​មេត្តា​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ ជា​ពិសេស​ឧបករណ៍​ឆក់​ត្រី​នេះ​ជាដើម​ ព្រោះ​វា​បង្ក​ឲ្យ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល​នៅ​ក្នុង​ធម្មជាតិ​របស់​យើង​៕

img_0870(1) img_0869(2)

ចុចអាន៖ឃាត់ខ្លួន​បុរស​ម្នាក់ ​ដកហូត​ថ្នាំ​ញៀន​៣៩៩២​គ្រាប់​ បញ្ជូន​ទៅ​តុលាការ​