ព័ត៌មានទាន់ហេតុការណ៍៖

ករណីមន្ត្រីសេដ្ឋកិច្ចប្រព្រឹត្តអំពើពុករលួយ​ ៖​ តុលាការព្យួរទោសម្នាក់​និងម្នាក់ទៀតអនុវត្តត្រឹម១០ខែ

ភ្នំពេញ​៖ លោកលាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែធ្នូ នេះ​ ប្រកាសសាលក្រមផ្តន្តាទោសមន្ត្រីនគរបាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ពីរនាក់ ដែលប្រព្រឹត្តអំពើពុករលួយ ដែលសាលក្រមនេះបានផ្តន្ទាទោសឈ្មោះ

ហ៊ុយ ហឿន ដាក់ពន្ធនាគារពីរឆ្នាំ តែអនុវត្តទោស១០ខែ និងផ្តន្ទាទោសឈ្មោះ ឯម​ កុសល​ ដាក់ពន្ធនាគារពីរឆ្នាំតែទោសនេះត្រូវព្យួរទាំងអស់ ព្រមទាំងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១០លានរៀល ពី​បទវិតិក្រម​ តាម​មាត្រា​៥៩២​ និង​ មាត្រា​៥៩៣​នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ មាត្រា​៣២​ ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ​ ។

ក្នុងសវនាការ​កន្លងទៅ ជនជាប់ចោទ​ ឈ្មោះ​ ឯម​ កុសល​ បដិសេធ​ថា​ខ្លួន​ពុំ​បាន​ ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ សូម​ឱ្យ​តុលាការ​រក​យុត្តិធម៌។

ចំណែក​ ឈ្មោះ ហ៊ុយ ហឿន សារភាពថាខ្លួនពិតជាបានទៅទារប្រាក់តាមទីកន្លែងចំនួន៣០កន្លែងពិតមែនហើយមួយកន្លែងចាប់ពី៣០ដុល្លារ៥០ដុល្លារដល់១០០ដុល្លារ​ហើយធ្លាប់បានចុះតាមខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ ប៉ៃលិន កំពង់ធំ និងខេត្តកណ្តាល​ដោយ​សរុបក្នុងមួយខែប្រមូលបានប្រាក់២០០០ដុល្លារដល់៣០០០ដុល្លារហើយទារបាន​រយៈ​ពេល៦ខែមកហើយ។​

ចំណែកឈ្មោះ ឯម​ កុសលគឺបានចុះទៅជាមួយដែរ​ពេលធ្វើការតែរឿងបានផលប្រយោជន៍គេមិនបានដឹងទេ។

អង្គភាពប្រឆាំងអំពើពុករលួយ ACU បានចេញសេចក្តីប្រកាសមួយស្តីពីការឃាត់ខ្លួនលោក ហ៊ុយ ហឿន នាយ​រង​ផ្នែក​សិទ្ធិអ្នកនិពន្ធ ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​ ការិយាល័យ​កម្មសិទ្ធិបញ្ញា​ (ក៣) នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​នៃ​ក្រសួង​មហាផ្ទៃបានដើរ ទារប្រាក់ពីក្រុមហ៊ុន សហគ្រាស បុគ្គលឯកជនផ្សេងៗ នៅរាជធានី ភ្នំពេញ។

នៅក្នុងសេចក្តីប្រកាសរបស់ ACU បានឲ្យដឹងដែរថា ឈ្មោះ ឯម កុសល ឋានន្តរសក្តិវរសេនីយ៍ទោ មន្រ្តីនគរបាលប្រឆាំង​បទល្មើស ក៏បានចូលរួមក្នុងសកម្មភាពទារប្រាក់នេះផងដែរ៕ ចេស្តា