ព័ត៌មានទាន់ហេតុការណ៍៖

កសិករខេត្តស្ទឹងត្រែងប្រកាសលែងដាំល្ពៅ

ខេត្តស្ទឹងត្រែង ៖ កសិករមួយចំនួននៅខេត្តស្ទឹងត្រែងរអ៊ូរទាំបន្ទាប់ពីតម្លៃកសិផលឆ្នាំនេះធ្លាក់ចុះខ្លាំង បើទោះបីជាកសិករ អំពាវនាវទទូចសុំស្ថាប័នពាក់ព័ន្ធ ជួយស្វែង រកទីផ្សារដើម្បីលើកស្ទួយកសិផលដែល ពួកគេដាំដុះបានក្តី ។ ក្រុមកសិករមួយចំនួនបង្ខំចិត្តកម្ទេចល្ពៅចោលក្នុងចម្ការរាប់សិបតោន បន្ទាប់ពីតម្លៃល្ពៅមិនអាចទូទាត់កម្លាំងពលកម្មដែលត្រូវចំណាយពេលប្រមូល ផលចេញពីចម្ការបាន ។

ក្រុមកសិករដាំល្ពៅនៅខេត្តស្ទឹងត្រែង សម្ដែងក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ បន្ទាប់ពីដំណាំល្ពៅត្រូវឈ្មួញទិញក្នុង តម្លៃទាបបំផុតគិតជាមធ្យម១គីឡូក្រាម ១៥០រៀលដល់១៨០រៀល ។ បញ្ហានេះ ជំរុញឲ្យកសិករក្លាយជាកូនបំណុលរបស់ធនាគារឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលលំបាក នឹងរើបម្រះរួច ។

កសិករដាំល្ពៅនៅភូមិវាលដេញ ឃុំ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់និយាយថា កសិករភាគច្រើនខ្ចីប្រាក់ពីធនាគារធ្វើដើម ទុនរំពឹងថាបានប្រាក់ចំណេញ តែផ្ទុយទៅ វិញ ពួកគេភាគច្រើនបានបរាជ័យ។ កសិកររាប់រយគ្រួសារដែលដាំល្ពៅឆ្ងាយពីភូមិ ប្រមាណ៥គីឡូម៉ែត្រឡើងទៅបានបង្ខំចិត្ត បោះបង់ល្ពៅចោលក្នុងចម្ការរាប់សិបតោន ហើយកសិករមួយចំនួនបានដាំបាញ់ថ្នាំ កម្ទេចផ្លែល្ពៅចោល។ ប្រជាពលរដ្ឋមាន សង្ឃឹមតិចតួចណាស់ថា កសិករមាន លទ្ធភាពដោះបំណុលបាន បើពុំមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលទេនោះ ។

កសិករម្នាក់ទៀតរស់នៅឃុំសំអាងឲ្យដឹងថា លោកបង្ខំចិត្តកម្ទេចល្ពៅចោលក្នុងចម្ការប្រហែលជិត២តោនលើផ្ទៃដីជាង ២ហិកតារ ខណៈតម្លៃល្ពៅមិនអាចទូទាត់កម្លាំងពលកម្ម និងការដឹកជញ្ជូន ។ លោក ថា កសិករភាគច្រើនកំពុងជាប់បំណុលគេ វ័ណ្ឌក ដែលប្រឈមការលក់ទ្រព្យសម្បត្តិ ដើម្បីដោះបំណុល ។

NKD-36x6_outline

ឈ្មួញប្រមូលទិញល្ពៅនៅខេត្តស្ទឹងត្រែង លោក សាម៉េង ហុង ទទួលស្គាល់ថា តម្លៃផលិតផលល្ពៅធ្លាក់ថ្លៃបណ្ដាលមកពី រោងចក្រថៃដែលទទួលទិញល្ពៅមានតិច ជាកត្តាធ្វើឲ្យតម្លៃប្រមូលទិញធ្លាក់ចុះ ។ លោកបញ្ជាក់ថា ល្ពៅដែលថៃ បញ្ជាទិញ គឺគេរើសតែល្ពៅពណ៌ខៀវស្រស់ និងមាន ទម្ងន់ចាប់ពី៤គីឡូក្រាមឡើងទៅ ហើយ ល្ពៅមួយគីឡូក្រាមតម្លៃ៥០០រៀល ។ លោកថា ការចំណាយដឹកជញ្ជូនចំណាយ សមត្ថកិច្ចតាមព្រំដែន ក៏ជាបន្ទុកបន្ថែមទៀតសម្រាប់អាជីវករប្រមូលទិញល្ពៅនាំចេញពីក្នុងស្រុក ។

ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង លោក លៀង សេង កត់សម្គាល់ថា តម្លៃ កសិផលធ្លាក់ថ្លៃដោយសារពលរដ្ឋដាំដុះ បានច្រើន រួមផ្សំទីផ្សារមានបញ្ហាក៏មិនមែនតែកម្ពុជាទេ នៅប្រទេសឡាវក៏មានវិបត្តិ នេះដែរ ។ លោកថា ឈ្មួញទិញកសិផល មានតិចតួច ហើយអ្នកផ្គត់ផ្គង់ច្រើនក៏ជំរុញឲ្យតម្លៃកសិផលចុះថោកដែរ។ យ៉ាងណា លោកជំរុញឲ្យពលរដ្ឋខ្មែរជួយទិញកសិផលពីកសិករក្នុងស្រុកដើម្បីជួយសម្រាល ជីវភាពរបស់កសិករយើង ។

នៅខេត្តស្ទឹងត្រែងកសិករដាំល្ពៅច្រើនជាងគេ គឺស្រុកថាឡាបរិវ៉ាត់ លើផ្ទៃដីរាប់ រយហិកតា ហើយកសិករក្នុងមួយគ្រួសារ ជំពាក់បំណុលគេចាប់ពី៥០០ដុល្លារឡើងទៅ ។

ក្រុមកសិករចាត់ទុកថា តម្លៃលក់ផ្លែល្ពៅឆ្នាំនេះកាន់តែចុះថោក បើប្រៀបធៀបនឹងតម្លៃលក់ល្ពៅកាលពីឆ្នាំ២០១៥មាន តម្លៃជាមធ្យមជាង១.០០០រៀលក្នុងមួយ គីឡូក្រាម ។ ការធ្លាក់ថ្លៃនេះ ទើបជំរុញឲ្យកសិករចង់បោះបង់មុខរបរកសិកម្មនេះ ៕  ហេង សូរិយា

adw