ព័ត៌មានទាន់ហេតុការណ៍៖

កសិដ្ឋានចិញ្ចឹមមាន់របស់លោកឃុន សំបូរកំពុងផ្ទុះជំងឺផ្ដាសាយបក្សីងាប់ជាង១៧០០ក្បាលនៅស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ កសិដ្ឋានចិញ្ចឹមមាន់របស់លោកឃុន សំបូរកំពុងផ្ទុះ ជំងឺផ្ដាសាយបក្សីងាប់ជាង១៧០០ក្បាល នៅស្រុកព្រៃឈរ ។

ពាក់ព័ន្ធនឹងការផ្ទុះឡើងនៅជំងឺផ្តាសាយបក្សីនេះដែរ ខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ បានជំរាបជូនប្រធានគណកម្មការចម្រុះខេត្តកំពង់ចាមដើម្បី ទប់ស្កាត់នូវការឆ្លងរាល់ដាលជំងឺផ្តាសាយបក្សី H5N1 កំពុងតែកើតមាននៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកឃុន សំបូរ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅភូមិកើតហេតុខាងលើនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា មុនដំបូងមាន់របស់គាត់ងាប់មួយថ្ងៃ១០ក្បាល គាត់បានឲ្យពេទ្យសត្វខេត្តពិនិត្យមើល ពេទ្យថាអត់មានជំងឺឆ្លងអីទេ ដល់ពេលមាន់ចេះតែងាប់មួយថ្ងៃ១០ក្បាល គាត់បានឲ្យពេទ្យសត្វពិនិត្យមើលម្តងទៀតស្រាប់មាន់ងាប់ម្តង១០០ក្បាលតែម្តង ។ លោកឃុន សំបូរបន្តទៀតថា ការងាប់មាន់នេះ វាឆ្លងពីមាន់ងាប់ដែលប្រជាពលរដ្ឋចិញ្ចឹមនៅជិតខាងងាប់មុន ម្យ៉ាងវិញទៀតគាត់ចិញ្ចឹមមាន់នៅក្រោមខ្យល់ដែលមាន់គេងាប់មុនផង។

ពាក់ពន្ធនឹងការផ្ទុះឡើងនៅជំងឺផ្តាសាយបក្សីនេះដែរ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ លោកឡោ ចាន់លី អភិបាលស្រុកព្រៃឈរដឹកនាំកំលាំងចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ ជូនប្រជាពលរដ្ឋ និងណែនាំប្រាប់ប្រជាពលរដ្ឋនៅភូមិកកោះឃុំត្រពាំងព្រះ ស្រុកព្រៃឈរ កុំឲ្យបរិភោគសត្វងាប់ ព្រោះអាចឆ្លងដល់ទាំងអស់គ្នា ។

បើតាមក្រសួងកសិកម្ម ក្រោយពីការរកឃើញបែបនេះខាងក្រសួងបានចាត់មន្ដ្រីជំនាញ ចុះអនុវត្តវិធានការណ៍បុស្សព្យាបាល និងបន្ដអង្កេត តាមដានស្ថានភាពជំងឺផ្ដាសាយបក្សីនេះ នៅតាមបណ្ដាភូមិជុំវិញតំបន់កើតហេតុជាប្រចាំ ព្រមទាំងបានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋផងដែរ។

បើតាមមន្ដ្រីសុខាភិបាល ជំងឺផ្ដាសាយបក្សីនេះក៏អាចបង្កគ្រោះថ្នាក់ទៅដល់មនុស្សផងដែរ ប្រសិនបើពួកគេទៅប៉ះពាល់សត្វដែលមានជំងឺ ឬបរិភោគសាច់សត្វដែលមានជំងឺដែលមិនបានចម្អិនឲ្យបានឆ្អិនល្អ។ កុមារកម្ពុជាមួយចំនួន ក៏ធ្លាប់បានស្លាប់ដោយសារជំងឺផ្ដាសាយនេះផងដែរ ៕ វណ្ណៈ