ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ទទួលអំណោយពី​សប្បុរសជន សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ

ភ្នំពេញ​៖​ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃចន្ទទី ២០ ខែសីហា នេះ លោកស្រី​ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួប​សវនាការ​និងទទួលអំណោយជា អង្ករចំនួន ៧០តោន​ សារុងចំនួន២ពាន់ អាវចំនួន១០ម៉ឺន និងថវិកា​ចំនួន៥ម៉ឺនដុល្លារ ពីសប្បុរសជន សម្រាប់ប្រតិបត្តិការ​មនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ។

ហ្វេសប៊ុក​ផេក​កាកបាទក្រហម​កម្ពុជា​ សរសេរ​ថា​ ធនធានដែលសប្បុរសជនបានបរិច្ចាគនាពេលនេះរួមមាន ៖
១/ អាវចំនួន ១០០.០០០អាវ ស្មើនឹងថវិកា ៣០០.០០០ដុល្លារ (សាមសិបម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន យូ អាយ ស៊ី (UIC Apperel manufacturing Co.,LTD) ដែលដឹកនាំដោយ លោក លីន ជែមជីង (Mr. Lin James Ching) អគ្គនាយកក្រុមហ៊ុន។
២/ អង្ករចំនួន ២០តោន (ម្ភៃតោន) ពីក្រុមហ៊ុនអេមរុ រ៉ាយស៍ ខេមបូឌា (AMRU RICE CAMBODIA) ដែលដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
៣/ អង្ករចំនួន ៥០តោន (ហាសិបតោន) និងសារុងចំនួន ២.០០០ (ពីរពាន់សារុង) ពី លោកជំទាវ សុខ កែវ ច័ន្ទសារុន និងក្រុមគ្រួសារ។
៤/ ថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (Cambodia Brewery Limited) ដែលដឹកនាំដោយ លោក រ៉ូឡេនដ៏ បាឡា (Mr. Roland Bala) អគ្គនាយកក្រុមហ៊ុន។

ក្នុងឱកាសនោះ លោកស្រីអនុប្រធាន បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់គណៈប្រតិភូដែលបាននាំយក ថវិកា ស្បៀង និងសម្ភារ មកចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តនានា។

ជាមួយនឹងការថ្លែងជម្រាបជូនពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា លោកជំទាវអនុប្រធាន បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ប្រកបដោយសទ្ធាជ្រះថ្លារបស់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ហើយក្នុងនាម កាកបាទក្រហមកម្ពុជា ជាអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌បាននាំយកស្បៀង សម្ភារ និងថវិកា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងពេលថ្មីៗនេះ បានជាង ១៦.០០០គ្រួសារ ដើម្បីជួយសម្រាលការលំបាកដល់គ្រួសាររងគ្រោះទាំងនោះ។

ជាកិច្ចឆ្លើយតប សប្បុរសជនទាំងអស់ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងនាំយកអំណោយមកចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទ។

ទន្ទឹមនឹងនោះ សប្បុរជនទាំងអស់បានសម្តែងនូវសេចក្តីជឿទុកចិត្តចំពោះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស៕ ចេស្តា