ព័ត៌មានទាន់ហេតុការណ៍៖

ការងារជួសជុលប្រាសាទជាមុខរបរមរតក​មួយ​នៃអ្នកស្រុកអង្គររមណីយដ្ឋានអង្គរគឺជាបេតិកភណ្ឌរស់របស់មនុស្សជាតិខេត្ត

សៀមរាប៖ រមណីយដ្ឋាននេះមិនមែនមានត្រឹមតែប្រាង្គប្រាសាទព្រៃព្រឹក្សា ប៉ុណ្ណោះទេ តែក៏មានមនុស្សរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតនិងរក្សាទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អទៀតផង។ អ្នកស្រុកដែលរស់នៅក្នុងតំបន់រមណីយដ្ឋានពិភពលោកនេះគេច្រើនហៅថាអ្នកអង្គរ។

ក្រៅពីមុខរបរជាកសិករ អ្នកអង្គរច្រើនតែមានមុខរបរបន្ថែមទៀត ដែលពាក់ព័ន្ធ នឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ដូចជា កម្មករជួសជុលប្រាសាទ ភ្នាក់ងារទេស ចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារការពារព្រៃឈើជុំវិញអង្គរជាដើម។

លោកតា ឈិញ ដោយ គឺជាមនុស្ស ម្នាក់ដែលមានមុខរបរជាកម្មករជួសជុលប្រាសាទស្ទើរពេញមួយជីវិតនិងកំពុងតែ បន្តមរតកនេះដល់ក្មេងៗជំនាន់ក្រោយ។ មានទីលំនៅភូមិនគរក្រៅជាប់នឹងក្រុងអង្គរធំ លោកតាធ្លាប់ធ្វើជាកម្មករជួសជុល ប្រាសាទស្ទើរគ្រប់ជំនាន់គឺតាំងពីជំនាន់ បារាំងសម័យសង្គ្រាមនិងសម័យក្រោយសង្គ្រាម។ សព្វថ្ងៃលោកតាកំពុងធ្វើនៅ ការដ្ឋានJASA ជួសជុលប្រាសាទបាយ័ន។
លោកតាមមានប្រសាសន៍ថា”ប្រាសាទនិងផ្ទះរបស់ខ្ញុំវាសឹងតែជាកន្លែងតែមួយទៅហើយព្រោះតាំងពីក្មេងមកខ្ញុំនៅតែ នឹងប្រាសាទ។ ខ្ញុំធ្វើការក្នុងប្រាសាទតាំងពីសម័យបារាំង ពេលដែលខ្ញុំមានអាយុប្រហែល១៧ឆ្នាំនៅឡើយ។ សព្វថ្ងៃខ្ញុំ អាយុ៧០ឆ្នាំហើយក៏នៅតែធ្វើការនឹង ប្រាសាទដដែល”។

ដោយរៀបរាប់ពីសកម្មភាពការងារជួសជុលប្រាសាទតាំងពីក្មេងមកដល់ពេលនេះ លោកតាបញ្ជាក់ថា “ប្រាសាទច្រើនណាស់ ដែលខ្ញុំធ្លាប់បានជួសជុលដូចជាក្នុងសម័យបារាំងជួសជុលប្រាសាទធម្មនន្ទ ប្រាសាទ បាពួនជាដើម។ ក្នុងសម័យសង្គ្រាមគេ ជម្លៀសខ្ញុំទៅវត្តអធ្វារក៏ជួសជុលនៅ ប្រាសាទវត្តអធ្វារទៀត។ក្រោយសម័យ សង្គ្រាមខ្ញុំក៏ចូលធ្វើការនៅតាមប្រាសាទផ្សេងៗទៀតដូចជា ប្រាសាទបាគង ប្រាសាទលលៃ។ តាំងពីជប៉ុនមកជួស ជុល ប្រាសាទបាយ័ននេះក្នុងឆ្នាំ១៩៩៤ មកខ្ញុំក៏ចូលមកធ្វើជាមួយគេរហូតមក ដោយបន្តជួសជុលនៅប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រនិងប្រាសាទបាយ័ននេះឯង”។

NKD-36x6_outline

លោកតាប្រាប់ថា”ដំបូងយើងធ្វើតែការងារជាកម្មករធម្មតាៗដូចជា ដាប់ថ្ម ឈូស ថ្ម តម្រៀបថ្មជាដើម។ដល់យូរៗទៅយើង កាន់តែជំនាញគេឲ្យយើងឆ្លាក់ក្បាច់ខ្លះៗជំនួសក្បាច់ដែលវាខូច។ឥឡូវយើងកាន់តែចាស់គេឲ្យយើងជួយបង្ហាត់ក្មេងៗជំនាន់ក្រោយ និងជួយដឹកនាំការងារមើលការងារខុសត្រូវលើក្មេងៗដែលមិនទាន់ចេះច្បាស់។ ខ្ញុំស្រឡាញ់ការងារនេះណាស់ខ្ញុំមិនមែនធ្វើការតែនៅប្រាសាទទេទោះជាខ្ញុំទៅផ្ទះហើយក៏ដោយក៏ខ្ញុំតែងគិតមមៃមករកការងារដែលខ្ញុំធ្វើរហូត”។

មិនមែនតែលោកតាតែម្នាក់ឯងទេដែលមកធ្វើការនៅតាមប្រាសាទកូនរបស់គាត់៦នាក់ផ្សេងទៀតបូករួមទាំងចៅប្រុសម្នាក់ទៀតក៏កំពុងធ្វើការនៅតាមប្រាសាទដែរ។ លោកតាបញ្ជាក់ថា”ខ្ញុំមានកូនទាំងអស់ ១២នាក់ ប៉ុន្តែនៅរស់តែ៨នាក់ទេ។ កូន ប្រុសខ្ញុំ៥នាក់ និងចៅប្រុសម្នាក់កំពុងធ្វើការជាមួយខ្ញុំនៅ JASA ជួសជុលប្រាសាទ បាយ័ននេះ ចំណែកកូនម្នាក់ទៀត គេធ្វើការជាមួយក្រុមអាមេរិកាំងនៅភ្នំបាខែង”។

ក្រៅពីលោកតានិងក្រុមគ្រួសាររបស់គាត់នៅមានអ្នកអង្គររាប់ពាន់ផ្សេងទៀត ដែលមានមុខរបរពាក់ព័ន្ធនឹងកិច្ចអភិរក្សបេតិកភណ្ឌអង្គរ។ ក្រៅពីនេះ អ្នកអង្គរក៏នៅតែជាឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីដូនតាដ៏ច្រើន ដែលតំបន់ផ្សេងៗទៀត មិនសូវយកចិត្តទុកដាក់ឬបានបោះបង់ចោលទៅហើយ។ កិច្ចពិធីទាំងនេះមានដូចជា ពិធីសុំទឹកភ្លៀងពិធីឡើងមាឃពិធីកោរជុកជាដើម៕ សហការី

t34

13413928_1105772689483917_530224842_n