ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ការឈូសឆាយដីព្រៃលិចទឹកនៅស្រុកកំពង់លែងដំណើរការយ៉ាងអនាធិបតេយ្យ ក្រោមក្រសែភ្នែកអាជ្ញាធរ

ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ដីព្រៃលិចជម្រកត្រី ពងកូនដែលស្ថិតក្នុងតំបន់៣នៅចំណុច បឹងខ្នើយសើយ បឹងខ្នើយទោល និង ចំណុចទួលគោកព្រះ ស្ថិតក្នុងឃុំច្រណូកនិងជុំវិញបឹងស្ទឹងរដ្ឋ ស្ថិតក្នុងឃុំសំរោង សែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងជាប់ព្រំប្រទល់ខេត្តកំពង់ធំ ដែលរងការកាប់ ឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក របស់រដ្ឋសម្រាប់ត្រីពងកូននារដូវវស្សានោះ អស់រយៈពេលបួនឆ្នាំកន្លងមកហើយមក ទល់សព្វថ្ងៃនេះ មិនមានមន្ត្រីជំនាញជល ផលនិងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកឬខេត្ត មានឆន្ទៈពិតប្រាកដ ក្នុងការបង្ក្រាបចាប់ឈ្មួញដែលជាជនល្មើសសែអ្នកធំៗមាន អំណាចមកផ្ដន្ទាទោសម្ដងណាឡើយ។ បើមានបញ្ជាពីថ្នាក់ខេត្តឲ្យចុះទៅត្រួតពិនិត្យ មានតែចុះទៅធ្វើកំណត់ហេតុឬរបាយការណ៍ដោះបន្ទុកថាជាដីរបស់ប្រជាពលរដ្ឋអាស្រ័យផល ដើម្បីបិទបាំងអោយក្រុមឈ្មួញនិងអ្នកមានអំណាចនៅពីក្រោយខ្នង ដដែលៗប៉ុណ្ណោះ ។

ក្រុមមន្ត្រីនៅខេត្តកំពង់ឆ្នាំងគិតតែនាំគ្នាអង្គុយសម្ងំក្នុងម៉ាស៊ីនត្រជាក់ ធ្វើគ ធ្វើថ្លង់ ចាំទទួលលាភសម្ការ ស៊ីលុយតាម ជំនាញរៀងៗខ្លួន។ បើយើងសង្កេតឃើញ ក្នុងការបង្ក្រាបចាប់វិញនោះគឺចាប់បានតែប្រជាពលរដ្ឋទន់ខ្សោយ គ្មានសែស្រឡាយ បក្ខពួក ដែលពួកគាត់គ្រាន់តែកាប់ឆ្ការធ្វើស្រែចម្ការតាមលក្ខណៈគ្រួសារបន្តិចបន្តួចនោះ បែរជាចាប់ពួកគាត់វាយខ្នោះនិង កសាងសំណុំរឿងបញ្ជូនមកតុលាការផ្ដន្ទាទោស បើគ្មានលុយទេគឺដឹងតែគុកហើយ ។

ករណីនេះត្រូវបានប្រជាពលរដ្ឋជាម្ចាស់ឆ្នោតរស់នៅតំបន់ភូមិ-ឃុំ ខាងលើបានរិះគន់ទៅលើមន្ត្រីជំនាញខណ្ឌជលផល ឬ សមត្ថ កិច្ចពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានបែរជានាំបើកភ្លើងខៀវឃុបឃិតគ្នាឲ្យក្រុមឈ្មួញដីធ្វើឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិតេយ្យ ដែលជាជម្រកត្រីពងកូនតាមតែអំពើចិត្តដោយមិនខ្លាចរអានឹងផ្លូវច្បាប់នោះឡើយ បើទោះបីជាប្រមុខរាជរដ្ឋាភិ បាលសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះបទល្មើសក្នុងតំបន់បឹង ទន្លេសាបត្រូវតែបង្ក្រាបឲ្យខាងតែបានជាប្រចាំយ៉ាងណាក៏ដោយ ។ ចំពោះបញ្ហាការទន្ទ្រានយកដីព្រៃលិច ពីសំណាក់ក្រុម ឈ្មួញនិងមន្ត្រីមានអំណាចនៅបន្តសកម្ម ភាពជារៀងរាល់ថ្ងៃ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ថ្នាក់ជាតិដែលមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទគួរមាន វិធានការដាក់ក្រុម​អធិការកិច្ចចម្រុះចុះ អង្កេតស្រាវជ្រាវ បទល្មើសឈូសឆាយ បំផ្លាញព្រៃលិចទឹក ខាងលើនោះផង​ទាន ៕ សហការី