ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសំណង់ខុនដូមួយកន្លែងធ្វេសប្រហែសធ្លាក់ដុំថ្មចំកញ្ចក់រថយន្តស៊េរីទំនើបមួយគ្រឿង គ្មានអ្នកណាទទួលខុសត្រូវ

ភ្នំពេញ៖ រខុនដូមួយកន្លែងសាងសងគ្មានបច្ចេកទេសត្រូវត្រឹមតាមស្តង់ដា និងគ្មានការប្រុងប្រយ័ត្ន បានធ្វើឲ្យដុំថ្មធ្លាក់ពីលើចុះមកក្រោយចំកញ្ចក់រថយន្តស៊េរីទំនើបមួយគ្រឿង បណ្ដាលឲ្យបែកប្រេសស្រាំ គ្មានអ្នកណាទទួលខុសត្រូវចេញមុខមកធ្វើការដោះស្រាយនោះឡើយ ហើយប្រជាពលរដ្ឋនាំគ្នានិយាយថាសំណាងហើយធ្លាក់មិនត្រូវចំអ្នកជិះម៉ូតូឬអ្នកថ្មើរជើងច្បាស់ជារបួសធ្ងន់ អាចមានអ្នកស្លាប់ផងដែរ ។

ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខការដ្ឋានសំណង់អគារលេខ៤៦ ផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពពីបុរសរងគ្រោះសុំមិនបញ្ចេញឈ្មោះ មានវ័យប្រហែល៣៨ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាក HANTAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2559 មួយគ្រឿង ក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯង ។ លុះមកដល់ខាងមុខការដ្ឋានសំណង់អគារមួយកន្លែងខាងលើក៏ស្រាប់តែមានដុំថ្មតូចល្មម មួយដុំបានធ្លាក់ពីលើចុះមកក្រោមត្រូវចំកញ្ចក់រថយន្តផ្នែកខាងមុខ បណ្តាលឲ្យបែកស្រាំអស់តែម្តង ។

តាមប្រភពដដែរបានបន្តទៀតថា ដោយមានរថយន្ត និង ម៉ូតូច្រើនពេកនោះ លោកមិនបានឈប់ភ្លាមទេ ដោយបន្តបើកទៅខាងមុខបន្តិច និង រកកន្លែងបត់ត្រឡប់ក្រោយ មកឈប់ខាងមុខការដ្ឋានខាងលើវិញ ដើម្បីរកមេការខាងការដ្ឋានមកធ្វើការដោះស្រាយគ្នា ។ ពេលនោះ រូបលោកក៏បានទៅសួរកម្មករសំណង់ម្នាក់រកមេការការដ្ឋានសំណង់អគារខាងលើប្រាប់ពីរឿងនេះ ដើម្បីធ្វើការ ដោះស្រាយគ្នាផងដែរ តែមិនមានអ្នកណាម្នាក់ចេញមុខមកធ្វើការដោះស្រាយគ្នាជាមួយនិងរូបគាត់ឡើយ។ ដោយមិនមាន អ្នកមើលការខុសត្រូវណាម្នាក់ចេញមុខមកធ្វើការដោះស្រាយគ្នានោះ រូបលោកក៏ប្តឹងកម្លាំងមានសម្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមដែរ តែនៅតែមិនមានអ្នកណាម្នាក់ចេញមកធ្វើការដោះស្រាយទៀត ដោយគ្រាន់តែបាន ប្រាប់ឲ្យរូបលោកទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ប៉ុណ្ណោះ ។

ជនរងគ្រោះបន្តថា ក្នុងហេតុការណ៍សំណាងហើយដែលធ្លាក់ចំកញ្ចក់រថយន្ត ចុះបើធ្លាក់ត្រូវអ្នកជិះម៉ូតូ ឬអ្នកថ្មើរជើងវិញ ច្បាស់ជារងរបួសធ្ងន់ ឬក៏ចំក្បាលមនុស្សអាចនឹងស្លាប់បាន ។

ក្រោយកើតហេតុ បុរសរងគ្រោះដែលជាម្ចាស់រថយន្តស៊េរីទំនើប បានទៅដាក់ពាក្យបណ្តឹង នៅសាលាសង្កាត់បឹងកេងកងទី១ ដើម្បីធ្វើការកោះហៅម្ចាស់ការដ្ឋានសំណង់អគារខាងលើ ដើម្បីមកធ្វើការដោះ ស្រាយគ្នាតាមច្បាប់ ៕ស រស្មី