ព័ត៌មានទាន់ហេតុការណ៍៖

ការតាចំណាយប្រាក់១៥ពាន់លានដុល្លារជួយទួរគីទប់ទល់វិបត្តិសេដ្ឋកិច្ច

កាលពីថ្ងៃទី១៥ ខែសីហា សារព័ត៌ មានទួរគីបានដកស្រង់សម្តីលោក Ibrahim Kalin អ្នកនាំពាក្យប្រធានាធិបតីទួរគីបានប្រកាសថា ប្រទេសការតា បានសម្រេច វិនិយោគដោយផ្ទាល់នូវទឹកប្រាក់១៥ពាន់លានដុល្លារដល់ប្រទេសទួរគី។

លោក Ibrahim Kalin បញ្ជាក់ទៀតថា ទាំងនោះគឺជាការប្រកាសរបស់ព្រះមហា ក្សត្រការតា Tamim Bin Hamad Al Thani ពេលបំពេញព្រះរាជទស្សនកិច្ចទៅកាន់ ទីក្រុងអង់ការ៉ា ប្រទេសទួរគី។ ក្នុងថ្ងៃជា មួយគ្នានោះព្រះមហាក្សត្រការតា បានជួបពិភាក្សាជាមួយប្រធានាធិបតីទួរគី លោក អឺដូហ្គាន។ នៅក្នុងជំនួបពិភាក្សានោះ ក៏មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រទេសទាំងពីរផងដែរ។

លោក Kalin បានបញ្ជាក់យ៉ាងច្បាស់ថា «ការតាបានសន្យាវិនិយោគដោយផ្ទាល់នូវទឹកប្រាក់១៥ពាន់លានដុល្លារ មកលើ ប្រទេសទួរគី។ ទំនាក់ទំនងរវាងទួរគី នឹង ការតា មានភាពរឹងមាំ ដោយសារតែប្រទេសទាំងពីរមានសាមគ្គីភាព ជួយគ្នាទៅវិញទៅមកពេលមានគ្រោះអាសន្ន»។ នៅក្នុង ជំនួបទ្វេភាគី មេដឹកនាំប្រទេសទាំងពីរក៏ បានពិភាក្សាទៅលើបញ្ហាសំខាន់ៗ និង ស្ថានភាពប្រែប្រួលនៅក្នុងតំបន់ផងដែរ។

ឯកអគ្គរាជទូតការតាប្រចាំនៅទួរគី លោក Salem Bin Mubarak Al Shafi បានបញ្ជាក់ថា ប្រទេសការតា តែងតែរួមសុខរួមទុក្ខជួយដល់ទួរគីពេលជួបនូវបញ្ហាសេដ្ឋកិច្ច។ រយៈពេលកន្លងមកថ្មីៗ ការតា និងទួរគីដែលជាប្រទេសសម្ពន្ធមិត្តរបស់អាមេរិកបានបង្កើនចំណងមិត្តភាពសេដ្ឋ កិច្ចឲ្យកាន់តែជិតស្និទ្ធថែមទៀត។ បច្ចុប្បន្ន ទួរគីកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មពីអាមេរិក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សេដ្ឋកិច្ច ហើយឲ្យប្រាក់ទួរគីបានធ្លាក់ថ្លៃ រហូតដល់៤៥ភាគរយ។

កន្លងមកប្រធានាធិបតីទួរគីបានអំពាវនាវដល់ពលរដ្ឋលក់ប្រាក់ដុល្លារអាមេរិកចេញដើម្បីទប់ស្កាត់ប្រាក់ជាតិធ្លាក់ថ្លៃ។ ក្រៅពីនេះ លោក អឺដូហ្គាន ក៏បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការដំឡើងពន្ធទៅលើផលិតផលនាំចូលពីសហរដ្ឋ អាមេរិក រួមមានដូចជារថយន្តដឹកអ្នកដំណើរក្នុងអត្រា១២០ភាគរយ លើគ្រឿង ស្រវឹង១៤០ភាគរយ និងលើថ្នាំជក់៦០ ភាគរយ ហើយក្រៅពីនេះការយកពន្ធលើគ្រឿងសម្អាង អង្ករ និងធ្យូងថ្ម ក៏ត្រូវបាន ដំឡើងផងដែរ៕ ម៉ែវ សាធី