ព័ត៌មានទាន់ហេតុការណ៍៖

ការទិញដូរដោយមិនប្រើសាច់ប្រាក់ ផាយ ផេ មានទំហំជាងមួយលានដុល្លារហើយ

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការសាកល្បងជាងមួយខែកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលជាកម្មវិធីមានតែមួយគត់នៅកម្ពុជា បានកត់ត្រានូវការដោះដូរទំនិញជាបន្តបន្ទាប់ក្នុងទំហំជាទឹកប្រាក់ជាងមួយលានដុល្លារហើយ ។ នេះបង្ហាញឲ្យឃើញពីតម្រូវការចង់បាននូវប្រព័ន្ធទូទាត់ ដែលកាត់បន្ថយហានិភ័យក្នុងការកាន់ក្រដាស់ប្រាក់ ព្រមជាមួយនឹងការផ្ដល់ជូនពិសេស និងការបញ្ជុះតម្លៃជាដើម ។

កម្មវិធី ផាយ ផេ (Pi Pay) ជាប្រព័ន្ធទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលបានអភិវឌ្ឍឡើងនៅក្នុងប្រទេសកម្ពុជា បានកត់ត្រា ថាគិតមកត្រឹមចុងសប្ដាហ៍កន្លងទៅនេះ ប្រតិបត្តិការលក់ដូរតាមរយៈកម្មវិធីនេះ គឺមានទំហំទឹកប្រាក់មួយលានដុល្លារ ។ នេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ ដោយសារតែកម្មវិធីនេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង នៅមិនទាន់បានសម្ពោធជាផ្លូវការនៅឡើយ ។

កម្មវិធី ផាយ ផេ បានបើកឲ្យសាធារណជនប្រើប្រាស់កាលពីជាងមួយខែមុន ហើយចាប់តាំងពីពេលនោះមក កម្មវិធីនេះមានការពេញនិយមខ្លាំងក្នុងចំណោមប្រជាពលរដ្ឋក្រុងភ្នំពេញ ដោយសារតែភាពងាយស្រួល និងសុវត្ថិភាពក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់ ព្រមជាមួយនឹងការបញ្ចុះតម្លៃជាច្រើននៅតាមហាង ភោជនីយដ្ឋាន ទីកម្សាន្តដែលពេញនិយមនៅក្នុងរាជធានីភ្នំពេញ ។

លោក ថូម៉ាស់ ផូករនី (Tomas Pokorny) នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ បានថ្លែងថា៖ “យើងមានក្តីរំភើបដែលសាធារណជនកម្ពុជា មានទស្សនវិស័យរួមដូចយើងខ្ញុំដែរក្នុងការនាំមកនូវការទូទាត់ដោយមិនប្រើសាច់ប្រាក់ មកប្រើក្នុងប្រទេសកម្ពុជា ហើយរំភើបដែលពួកគេគាំទ្រដល់យើងខ្ញុំតាមរយៈការប្រើប្រាស់កម្មវិធីនេះ ។ គ្រាន់តែគិតឃើញអំពីចំនួនប្រជាជនដែលកំពុងតែប្រើប្រាស់កម្មវិធី ផាយ ផេ ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ គឺរំភើបណាស់ទៅហើយ” ។ លោកបានបន្តទៀតថា៖ “យើងបានទទួលនូវមតិយោបល់ជាច្រើនពីអ្នកប្រើប្រាស់ថាតើពួកគេចូលចិត្តកម្មវិធីនេះដូចម្តេចខ្លះ និងថាតើពួកគេចង់បានអាជីវករណាខ្លះដែលមានប្រើកម្មវិធីនេះ ។ ទាំងអស់នេះ ពិតជាមានភាពចាំបាច់ខ្លាំងណាស់សម្រាប់យើងក្នុងដំណាក់កាលសាកល្បងដែលកំពុងដំណើរការនេះ” ។

NKD-36x6_outline

លោក ក៏បានមានប្រសាសន៍ទៀតដែរថា៖ “ពិតណាស់ យើងក៏បានលឺអ្នកប្រើប្រាស់ប្រាប់អំពីការលំបាករបស់ខ្លួនក្នុងការចាប់ផ្ដើមប្រើកម្មវិធីនេះ ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងាររបស់យើង និងតាមរយៈមណ្ឌលសេវាអតិថិជន យើងបានដោះស្រាយនូវការលំបាកទាំងនោះ ក៏ដូចជាទម្លាយរាល់បញ្ហាមួយចំនួន ដែលនេះគឺជាផ្នែកមួយធម្មតាទៅហើយ សម្រាប់កម្មវិធីដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង” ។

ខណៈដែលក្រុមហ៊ុន ផាយ ផេ បន្តបង្កើតភាពជាដៃគូជាមួយនឹងបណ្ដាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករនានា ក្រុមហ៊ុនក៏កំពុងតែពង្រឹងការឈរជើងរបស់ខ្លួនក្នុងនាមជាកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់ពេញនិយមរបស់កម្ពុជាផងដែរ ។

នៅពេលដែលអ្នកប្រើប្រាស់ទាញយកកម្មវិធី ផាយ ផេ នេះរួចហើយ ពួកគាត់នឹងត្រូវបានសុំឲ្យចុះឈ្មោះជាមួយនឹងព័ត៌មានផ្ទាល់ខ្លួន ដោយអនុលោមទៅតាមលក្ខខណ្ឌពាណិជ្ជកម្មអេឡិកត្រូនិក កំណត់ដោយធនាគារជាតិនៃកម្ពុជា ដែលមានតួនាទីពិនិត្យលើសេវាទូទាត់ដោយភាគីទីបីទាំងអស់ ។

បន្ទាប់មក អ្នកប្រើប្រាស់អាចបញ្ចូលប្រាក់ទៅក្នុងគណនី ផាយ ផេ របស់ខ្លួននៅតាមបញ្ជរ Pay & Go ឬតាមរយៈតំណាងរបស់ ផាយ ផេ ដែលឈរជើងនៅជាមួយនឹងអាជីវករ ដែលប្រើប្រាស់កម្មវិធី ផាយ ផេ ហើយបន្ទាប់មកទៀត ពួកគេអាចចាប់ផ្ដើមរីករាយក្នុងការប្រើប្រាស់កម្មវិធី ផាយ ផេ នៅតាមបណ្ដារហាងនានា ក្នុងទីក្រុងភ្នំពេញ មានដូចជា កាហ្វេ កូស្តា ហាង Tour Les Jour, ភីហ្សា ខមផេនី ឱសថស្ថានយូឃែរ ហាងសម្លៀកបំពក់ លីថល ហ្វេសិន និងរោងកុន Legend (លេជិន) ជាដើម ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ ៥០ភាគរយ៕ វឌ្ឍនា