ព័ត៌មានទាន់ហេតុការណ៍៖

ការបង្កបង្កើតផលដាំដំណាំសណ្តែកបាយឆ្នាំនេះទទួលបានផលល្អ បែរជាតម្លៃថោក ពិបាករកទីផ្សារលក់

ខេត្តស្ទឹងត្រែងៈ ពលរដ្ឋដែលប្រកបមុខរបរផ្នែកកសិឧស្សាហ៍កម្មនៅតាមស្រុកស្រែចំការ ទីជនបទដាច់ឆ្ងាយពីខេត្ត ពួកគាត់បានលើកឡើងថា ការបង្កបង្កើតផលដាំដំណាំសណ្តែកបាយនៅក្នុងឆ្នាំនេះទទួលបានផលល្អប្រសើហើយ ក៏ប៉ុន្តែតម្លៃហាងឆេងចុះថោក ពិបាកក្នុងការរកទីផ្សារលក់ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចព្រៃស្លឹក ស្ថិតនៅក្នុងភូមិទាល់ ឃំុចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

តាមការរៀបរាប់ពីប្រជាកសិករឈ្មោះ រំុ សាវួន ភេទប្រុសអាយុ៣៩ឆ្នាំមានស្រុកកំណើតរស់នៅខេត្តកំពង់ចាម ដោយបច្ចុប្បន្ននេះមករស់នៅក្នុងភូមិឃំុខាងលើ បានប្រាប់ពីហេតុផលលើកឡើងថា ក្នុងការប្រមូលកសិផលមានដូចជា សណ្តែកបាយ សណ្តែកសៀង ដំឡូងមី ស្រស់និងគ្រៀម ជាដើម ។ពួកគាត់តែងតែធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃនិងឌុបតាមម៉ូតូ យកមកលក់នៅទីផ្សារម្តងៗជូនកាលលក់ឱ្យឈ្មួញកណ្តាល និងខ្លះទៀតលក់ឱ្យថៅកែឈរចាំទិញនៅតាមផ្ទះ ក្នុងខេត្តស្ទឹងត្រែង គេឱ្យថ្លៃសណ្តែកបាយលេខ១ក្នុងតម្លៃ១គីឡូក្រាម៣៥០០រៀល ដោយឡែកចំពោះសណ្តែកបាយលេខ២វិញ គេឱ្យតម្លៃក្រោម៣២០០រៀលតែប៉ុណ្ណោះ ក្នុង១គីឡូក្រាម ។គឺចាប់តាំងពីថ្ងៃដែលបោះឆ្នោតរួចមកនេះ ស្រាប់តែតម្លៃសណ្តែកបាយធ្លាក់ចុះល្អ លេខ១ក្នុង១គីឡូក្រាមលក់បានតែ២០០០រៀល អញ្ចឹងគាត់ថា មិនរួចថ្លៃជួលកម្មករ ជួលត្រាក់ទ័រភ្ជួរាស់ ដីនិងថ្លៃបាញ់ថ្នាំការពារសត្វល្អិតផង បើព្រៀបធៀបទៅឆ្នាំមុនៗនិងឆ្នាំនេះគឺតម្លៃខុសគ្នាច្រើនណាស់ ។

នៅជុំវិញក្នុងរឿងនេះ លោក អួន​សុខា ប្រធានស្តីទីមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា ខាងក្រសួងគេមានគោលការណ៍ហើយខាងមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែងយើង បានខិតខំដោះស្រាយអំពីបញ្ហារកទីផ្សារដែល ក៏ប៉ុន្តែដំណាំកសិកម្មរបស់យើងហ្នឹង វាទាក់ទិនទៅនិងហាងឆេងនៅលើទីផ្សារអន្តរជាតិវាធ្លាក់ចុះ ។ លោកបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះលោកបានទៅប្រជំុ តាមសហគមន៍ ដែលមាននៅតាមស្រុកស្រែចំការទីជនបទដាច់ស្រយាល ឆ្ងាយពីទីរួមខេត្តស្ទឹងត្រែង ។ ដោយសារបច្ចុប្បន្ននេះយើងកំពុងជួបនិងបញ្ហាមានក្រុមឈ្មួញកណ្តាលបានដើរទិញដំណាំកសិកម្មរបស់ប្រជាពលរដ្ឋហ្នឹង ទំលាក់ថ្លៃឱ្យតម្លៃថោក ក្នុងនោះមានអ្នកខ្លះដាំដំណាំបានហើយ ខ្វះមធ្យោបាយដឹកជញ្ជូនយកទៅលក់ទៀត ៕ មាស សុផាត

NKD-36x6_outline