ព័ត៌មានទាន់ហេតុការណ៍៖

ការបើកបរមិនប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរបុកបន្តគ្នានៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត៣គ្រឿងបានរងនូវការខូចខាតផ្នែកខាងមុខ ចំណែកគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ១ គ្រឿងបានធ្លាក់ចេញពីរថយន្តក្រឡាប់ផ្ងាជើងនៅចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងករណីគ្រោះថ្នាក់ចរាចរបុករវាងរថយន្ត និងរថយន្តបុកបន្តគ្នាកាលពីវេលាម៉ោង៧ និង៤០ នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ភូមិឡត៍ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឡែកអ្នកបើកបរ និងអ្នកដំណើរពុំមានគ្រោះថ្នាក់អ្វីឡើយ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់មានរថយន្តដឹកថ្មមួយគ្រឿងបានបើកបរក្នុងទិសដៅពីកំពង់ស្ពឺទៅភ្នំពេញ ពេលមកដល់ចំនុចគ្រោះថ្នាក់រថយន្តដឹកថ្មបានបើកប្រជែងរថយន្តមួយគ្រឿងទៀតដែលនៅពីមុខ ។ ស្របពេលនោះ ក៏មានរថយន្តដឹកគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ១គ្រឿងបើកទៅដល់ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីភ្នំពេញទៅកំពង់ស្ពឺបានទៅដល់ ក៏ត្រូវរថយន្តដឹកថ្មបើកបុកចំពីមុខចំហៀងខាងឆ្វេងតែម្តង បណ្តាលឲ្យគ្រឿងចក្រអេស្កាវ៉ាទ័រនៅលើរថយន្តធ្លាក់ក្រឡាប់មកលើផ្លូវជាតិលេខ៤តែម្តង ចំណែករថយន្តដឹកថ្មខ្ទេចក្បាលខាងមុខចាក់កម្ទេចថ្មពេញនៅលើផ្លូវជាតិ ។

បន្ទាប់ពីរថយន្តធំ២គ្រឿងបុកគ្នាស្រាប់តែមានរថយន្តម៉ាក អ៊ីស៊ុយហ្សុយ ១គ្រឿងទៀត បើកបរក្នុងស្របទិសគ្នាជាមួយរថយន្តដឹកគ្រឿងចក្របានទៅបុកគ្រឿងចក្រអេស្កាវ៉ាទ័របន្ថែមទៀតបណ្តាលឲ្យខ្ទេចក្បាលរថយន្តផ្នែកខាងមុខ ។

បើតាមសាក្សីម្នាក់ទៀតបានប្រាប់ថាករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត៣គ្រឿងបុកបន្តគ្នានេះ បណ្តាលមកពីរថយន្តដឹកគ្រឿងចក្រខ្វះការប្រុងប្រយ័ត្នធ្វើឲ្យគ្រឿងចក្រនៅលើរថយន្តគ្រលែងធ្លាក់មកលើផ្លូវជាតិ ស្រាប់តែពេលនោះប៉ែលអេស្ការវ៉ាទ័របានគ្រវ័ធត្រូវរថយន្តដឹកថ្មបណ្តាលឲ្យខូចខាតផ្នែកខាងមុខ និងធ្លាក់កំទេចថ្មពេញលើផ្លូវជាតិ បន្ទាប់មកក៍មានរថយន្តម៉ាកអ៉ីស៊ុយហ្សុយពណ៍ស១គ្រឿងបើកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៍បុកអេស្កាវ៉ាទ័រតែម្តង ។

ក្រោយកើតហេតុមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរទាំងអស់ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរនេះដែរកើតឡើងដោយសារការបើកបរមិនប្រយ័ត្នប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គតែ ពុំមានមនុស្សរងរបួសនោះឡើយ គ្រាន់តែខូចខាតមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះ ៕ សណ្តោស