ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឈមមុខតានតឹងនៅតំបន់អាស៊ីនិងមជ្ឈិមបូព៌ា ធ្វើឲ្យការទិញអាវុធកើនឡើងខ្ពស់នៅក្នុងតំបន់នេះ

តាមរបាយការណ៍ស្តីពីការលក់អាវុធនៅលើពិភពលោក នាពេលចុងក្រោយនេះបានបង្ហាញឲ្យឃើញថា ការលក់អាវុធទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាស៊ីមានច្រើនជាងគេទាំងអស់នៅលើពិភពលោក ដោយសារតែតំបន់ទាំងនោះកំពុងតែមានជម្លោះ ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិភាគបាន លើកឡើងថា ប្រសិនបើអាមេរិកនិងកូរ៉េ ខាងជើង បានព្រមព្រៀងគ្នាបញ្ចប់វិបត្តិនោះ ការលក់អាវុធនៅតំបន់អាស៊ី នឹងថយ ចុះ ជាងតំបន់មជ្ឈិមបូព៌ា ។ ប៉ុន្តែនៅក្នុង តំបន់នេះអាច បន្ត តានតឹង រវាង ប៉ាគីស្ថាន នឹងឥណ្ឌា ឬឥណ្ឌានឹងចិន ជាបន្តទៀត។ របាយការណ៍របស់វិទ្យាស្ថាន Sipri បាន កត់សម្គាល់ឃើញជារួមថា បើគិតជា លក្ខណៈសកល ការលក់អាវុធដែលមានការកើនឡើងតាំងពីឆ្នាំ ២០០៣ បានកើន ឡើងចំនួន ១០% ក្នុងចន្លោះឆ្នាំ ២០១៣ និង ២០១៧។ តែគ្រឿងសព្វាវុធដែល Sipri បាននិយាយនៅក្នុងរបាយការណ៍ របស់ខ្លួន គឺទាក់ទងតែគ្រឿងសព្វាវុធ សំខាន់ៗដូចជាយន្តហោះចម្បាំង ប្រព័ន្ធ ការពារផ្លូវអាកាស រថក្រោះ គ្រាប់មីស៊ីល នាវាចម្បាំង ឬមួយក៏ផ្កាយរណបយោធា។ ចំណែកប្រទេសដែលលក់អាវុធច្រើនជាងគេ គឺសហរដ្ឋអាមេរិកដោយបានស្រូបយកតែម្នាក់ឯងដល់ទៅ ៣៤% នៃទីផ្សារអាវុធ ក្នុងលោក។

តាម Sipri អាស៊ី អូសេអានីជាតំបន់នាំអាវុធចូលច្រើនជាងគេដល់ទៅ ៤២% នៅពីមុខតំបន់មជ្ឈិមបូព៌ាដែលមានតែ៣២% គឺតំបន់មួយនេះដែលការនាំអាវុធចូលមានការកើនឡើងលឿន។ អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសទិញអាវុធលំដាប់ទី២ ក្នុងលោក ជាមួយនឹងកំណើន ២២៥% បន្ទាប់ពី ប្រទេសឥណ្ឌា ហើយគឺអាមេរិកដែលបានលក់អាវុធឲ្យអារ៉ាប៊ីសាអ៊ូឌីតច្រើនជាងគេ បន្តដោយប្រទេសអង់គ្លេស។ ជាក់ស្តែង កាលពីថ្ងៃសុក្រ ទី៩ មីនាកន្លងទៅ ទីក្រុងឡុងបានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងឲ្យអារ៉ាប៊ីសាអ៊ូឌីតក្នុងទឹកប្រាក់ច្រើនពាន់លានដុល្លារ។

នៅតំបន់អាស៊ី ឥណ្ឌាជាប្រទេសទី១ ទិញអាវុធពីគេ ព្រោះនៅមិនទាន់មានរោងចក្រផលិតអាវុធដោយខ្លួនឯងទេ ពោល ខុសពីប្រទេសចិន។ រុស្ស៊ីជាប្រទេសដែលលក់អាវុធច្រើនជាងគេឲ្យឥណ្ឌាក្នុងអត្រាដល់ទៅ ៦២%។ តម្រូវការខ្ពស់របស់ ឥណ្ឌាក៏ដោយសារតែប្រទេសអាស៊ីមួយនេះកំពុងបន្តមានភាពតានតឹងជាមួយ ប្រទេសប៉ាគីស្ថាន និងចិន។ ចិនខ្លួនឯងក៏ជាប្រទេសលក់អាវុធដែលការនាំចេញ បានកើនចំនួន ៣៨% ពិសេសលក់ទៅឲ្យ ប្រទេសមីយ៉ាន់ម៉ា។

ក្រៅពីជាអតិថិជន ចិនក៏ជាប្រទេសស្ថិតចំណាត់ថ្នាក់ទី៣ ខាងនាំចេញគ្រឿងសព្វា វុធទៅបរទេស បន្ទាប់ពីអាមេរិក និងរុស្ស៊ី។ ចូរកុំភ្លេចថា ចិនដែលពីមុនពឹងតែលើកម្ម វិធីយោធាក្នុងជំនាន់សហភាពសូវៀត ឬមួយរុស្ស៊ីសព្វថ្ងៃ បានផ្តើមទៅពឹងលើការ ស្រាវជ្រាវ ការអភិវឌ្ឍននិងការផលិតអាវុធជាមួយនឹងបច្ចេកវិទ្យារបស់ខ្លួន ព្រមទាំងចាប់ផ្តើមបង្កើនការលក់អាវុធរបស់ខ្លួនទៅបរទេស ពិសេសទៅឲ្យទ្វីបអាហ្រ្វិក។ គ្រាន់តែក្នុងរយៈពេលពីឆ្នាំ ២០១២ ដល់ ឆ្នាំ ២០១៦ ការលក់អាវុធរបស់ចិនទៅ អាហ្រ្វិកបានកើនជាង ១២២%។ បន្ទាប់មក នៅមានប្រទេសអាស៊ីជាច្រើនផ្សេងទៀតដែលបានទិញអាវុធរបស់ចិន។

ចំណែកនៅអឺរ៉ុបត្រូវបានរបាយការណ៍ Sipri បញ្ជាក់ថា បារាំង និងអាល្លឺម៉ង់ជា ប្រទេសនាំចេញគ្រឿងសព្វាវុធស្ថិតលំដាប់ទី៤ បន្ទាប់ពីចិនដោយមានចំណែកគ្រប់គ្រងទីផ្សារពី ៥ ទៅ ៦%។ តាមធម្មតា អាល្លឺម៉ង់ត្រូវស្ថិតចំណាត់ថ្នាក់ទី៣ ខាង នាំចេញគ្រឿងសព្វាវុធ តែអាល្លឺម៉ង់បានបាត់បង់ចំណាត់ថ្នាក់នេះវិញដោយសារតែការលក់អាវុធរបស់ខ្លួនទៅបរទេសបានធ្លាក់ចុះ ៣៦% ក្នុងរយៈពេលពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧។

អាស៊ីត្រូវបាន Sipri ចាត់ទុកជាតំបន់ដែលបាននាំចូលគ្រឿងសព្វាវុធច្រើនជាងគេក្នុងរយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០១២ ដល់ ឆ្នាំ ២០១៦ ហើយឥណ្ឌាជាប្រទេសស្ថិត ចំណាត់ថ្នាក់ទី១ បន្តដោយក្រុមប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស។ រីឯប្រទេស អឺរ៉ុបដែលធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុតាំងពីឆ្នាំ ២០០៨ ក៏បានចាប់ផ្តើមកាត់បន្ថយការ ចំណាយរបស់ខ្លួនក្នុងវិស័យការពារជាតិ។ តាម Sipri ឥណ្ឌាជាប្រទេសដែលបាន ចំណាយលុយទិញអាវុធច្រើនជាងគេក្នុងលោក ព្រោះក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ ការនាំអាវុធចូលបានកើនឡើង ៤៣%។ ការដែលឥណ្ឌាបានទិញអាវុធច្រើនពី បរទេសក៏ដោយសារតែឥណ្ឌានៅមិនទាន់អាចផលិតអាវុធដែលមានបច្ចេកវិទ្យា ទំនើប និងមានប្រសិទ្ធភាពខ្ពស់នៅឡើយ។

នៅមជ្ឈិមបូព៌ា អារ៉ាប៊ីសាអ៊ូឌីតជា ប្រទេសដែលបានបង្កើនការទិញគ្រឿង សព្វាវុធ១គុណជា៣ ក្នុងរយៈពេល ៥ឆ្នាំ កន្លងទៅ និងបន្តដោយប្រទេសកាតារ។ នៅទ្វីបអាហ្រ្វិកជាលក្ខណៈទូទៅ ការនាំ អាវុធចូលមានការធ្លាក់ចុះ ៦,៦% ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦។ តែនៅក្នុងតំបន់ Maghreb ការប្រជែងគ្នាខាងសព្វាវុធកំពុងបន្តមាន ព្រោះគ្រាន់តែប្រទេសអាល់ហ្សេរីម្នាក់ឯងបានគ្រប់គ្រងចំណែកទីផ្សារ ៤៦% នៅក្នុងតំបន់ បន្តដោយប្រទេសម៉ារ៉ុកចំនួន ១៥%។ នៅក្នុងតំបន់អាហ្រ្វិកសាហារ៉ា ប្រទេសដែលទិញអាវុធច្រើនជាងគេ គឺ នីហ្សេរីយ៉ា ស៊ូដង់ និងអេត្យូពីដែលជា ប្រទេស ៣ ស្ថិតក្នុងតំបន់ជម្លោះ៕ ម៉ែវ សាធី