ព័ត៌មានទាន់ហេតុការណ៍៖

ការផ្អាកសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូងជាសញ្ញាវិជ្ជមានឆ្ពោះទៅរកសន្តិភាពឧបទ្វីបកូរ៉េ

រដ្ឋាភិបាលរបស់ប្រធានាធិបតី ត្រាំ បាន ធ្វើឲ្យកូរ៉េខាងជើងមានទំនុកចិត្តជាងមុនដោយសារតែលោក ត្រាំ ប្រកាសផ្អាកសម យុទ្ធយោធាផ្សេងទៀតជាមួយកូរ៉េខាងត្បូង ជាការផ្តល់ទំនុកចិត្ត និងការចរចាជាមួយ កូរ៉េខាងជើងឈានទៅរកសន្តិភាព។

ថ្មីៗនេះ មន្ទីរបញ្ចកោណអាមេរិកបាន ប្រកាសថា សហរដ្ឋអាមេរិក និងកូរ៉េខាង ត្បូងបានសម្រេចផ្អាកការធ្វើសមយុទ្ធយោធាមួយផ្សេងទៀត ដែលបានគ្រោងទុករួច ស្រេចទៅហើយ ក្នុងគោលបំណងបន្តកិច្ចប្រឹងប្រែងផ្នែកការទូតជាមួយកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Independent នៅយប់ ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

សេចក្តីប្រកាសខាងលើ ត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក ស្រី Dana White។ លោកស្រី White បាន ប្រាប់ថា ទីក្រុងវ៉ាសុីនតោន និងទីក្រុងសេ អ៊ូល នឹងផ្អាកការធ្វើសមយុទ្ធយោធាផ្លូវ អាកាសមួយឈ្មោះថា Vigilant Ace បន្ថែម ទៀតដើម្បីផ្តល់ឱកាសតាមតែអាចធ្វើទៅបានសម្រាប់ការបន្តកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាតាមផ្លូវការទូតជាមួយប្រទេស កូរ៉េខាងជើង។

សេចក្តីប្រកាសនេះ បានកើតមានឡើង ខណៈដែលរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ជែម ម៉ាទីស ស្ថិតនៅប្រទេសសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំមួយជាមួយ បណ្តាប្រមុខការពារជាតិរបស់អាសុី។

គួរជម្រាបថា សមយុទ្ធផ្លូវអាកាស Vigilant Ace នាពេលនេះស្ថិតក្នុង ចំណោមសមយុទ្ធយោធាមួយចំនួនទៀត រួមមានសមយុទ្ធ Freedom Guardian នាឆ្នាំនេះ ដែលត្រូវបានផ្អាកចាប់តាំងពីខែមិថុនាមក ដោយអាមេរិក និងកូរ៉េខាងត្បូងនៅក្រោយកិច្ចប្រជុំកំពូលអន្តរកូរ៉េ និង ជំនួបជាប្រវត្តិសាស្រ្តរវាងលោក គីម ជុង អ៊ុន នឹងលោក ដូណាល់ ត្រាំ ដើម្បីលើក កម្ពស់កិច្ចសន្ទនាសំដៅបញ្ចុះបញ្ចូលឲ្យ កូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែរ៕ ម៉ែវ សាធី