ព័ត៌មានទាន់ហេតុការណ៍៖

ការ​ដឹក​ជញ្ជូន​ឈើ​អារ​រួច​យក​មក​លក់​តាម​ដេប៉ូ​តាម​ស្រុក​ស្រី​សន្ធរ​ ដំណើរការ​យ៉ាង​ស្ងាត់ស្ងៀម​ ​

ខេត្តកំពង់ចាមៈ​ ក្នុង​មួ​យស​ប្តា​ហ៍​យ៉ាង​ហោច​ណាស់​ក៏​គេ​ប្រទះ​ឃើញ​រថយន្ត​ធំៗ​៣​ ទៅ​៤​គ្រឿង​ដឹកឈើ​អារ​រួច​យក​មក​ទម្លាក់​នៅ​តាម​ដេប៉ូ​នានា​នៅ​ក្នុងស្រុក​សន្ធរ​ ខេត្តកំពង់ចាម​ ។​ ឈើ​ទាំងនោះ​ត្រូវ​គេ​រាយការណ៍​ថា​ បាន​ដឹក​មក​ពី​បណ្តា​ខេត្ត​មួយ​ភាគ​ឦសាន​ មក​ចែកចាយ​លក់​នៅ​ក្នុងស្រុក​ស្រី​សន្ធរ​យ៉ាង​ស្ងាត់ស្ងៀម​។​ ជាក់ស្តែង​កាលពី​យប់​ ថ្ងៃ​ទី​១​ ខែមិថុនា​ រថយន្ត​ធុន​ធំ​៤​គ្រឿង​ដឹកឈើ​ពេញ​ប្រៀប​ចូល​មក​ទម្លាក់​នៅផ្ទះ​ឈ្មួញ​ ឈ្មោះ​ ទី​ន​ ក្នុង​ឃុំ​ព្រែក​ពោធិ​ ។​

​រថយន្ត​នីមួយៗ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​ ផ្ទុក​ឈើ​មិន​តិច​ជាង​៤០​ម៉ែត្រគូប​នោះ​ឡើយ​ ។​ ឈើ​ទាំងនោះ​ត្រូវ​បាន​ដឹក​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​ ។​ នៅ​តាម​ផ្លូវ​ឆ្ពោះ​មក​កាន់​ស្រុក​ស្រី​សន្ធរ​ មិន​មាន​សមត្ថកិច្ច​ជំនាញ​ច្រើន​ដែល​ត្រូវ​បង់លុយ​ទេ​ ពីព្រោះ​តែ​ជា​ផ្លូវ​មិន​ធ្លាប់​មានការ​ដឹក​ជញ្ជូន​ឈើ​ ។​

​ប្រភព​រាយការណ៍​ថា​ ថៅកែ​ឈើ​ឈ្មោះ​ ទី​ន​ ជា​អ្នក​ចែកចាយ​ឈើ​ដ៏​ធំ​នៅ​ក្នុងស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ។​ រថយន្ត​ដឹកឈើ​ធំៗ​ទាំងនោះ​ ត្រូវ​បាន​លោក​ទី​ន​ ជួយ​សម្រួល​ឲ្យ​ធ្វើ​ដំណើរ​ពី​ស្រុក​កោះសូទិន​ ចូល​ទឹកដី​ស្រុក​ស្រី​សន្ធរ​ដោយ​ស្រួល​ ។​ គេ​រាយការណ៍​ថា​ អាជ្ញាធរ​ទំនងជា​ស៊ុំគ្រលុំ​ជាមួយ​ឈ្មួញ​ ទើប​អនុញ្ញាត​ឲ្យ​ដឹកឈើ​ស្ទើរ​បែកផ្លូវ​ ។​

​នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រី​សន្ធរ​ លោក​ជា​ បញ្ញា​ ប្រាប់​កាសែត​ក្នុងស្រុក​ថា​ មិន​អាច​បញ្ជាក់​អំពី​បញ្ហា​ឈើ​ទាំង​អស់នោះ​បាន​ទេ​ ប៉ុន្តែ​វា​ជា​ប្រភេទ​ឈើក្រហម​ដែល​ក្រុមហ៊ុន​មួយ​ដឹក​ជញ្ជូន​ដោយ​ស្របច្បាប់​។​

​ប្រជាពលរដ្ឋ​កត់សម្គាល់​ឃើញ​ថា​ រថយន្ត​ដឹកឈើ​ធំៗ​ តែងតែ​ធ្វើ​សកម្មភាព​ចូល​ទីតាំង​លក់​ឈើ​របស់​លោក​ទី​ន​ ជា​យូរ​មក​ហើយ​។​ ឈើ​ខ្លះ​ត្រូវ​បាន​បែងចែក​លក់​បន្ត​ទៅ​ឲ្យ​ដេប៉ូ​ផ្សេងៗ​ទៀត​ ។​ ឈើ​ទាំង​អស់នោះ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា​ ជា​ឈើ​ស្របច្បាប់​?៕​ ហេង​ សូ​រិ​យា​

photo 2
photo 3