ព័ត៌មានទាន់ហេតុការណ៍៖

ការ​សិក្សា​បង្ហាញ​ឱ្យ​ឃើញ​ថា​ព្រៃ​ឡង់​ជា​តំបន់​មាន​ជីវចម្រុះ​លំដាប់​ អន្ដរជាតិ​

​ភ្នំពេញ​ ៖​ សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់​អភិវឌ្ឍន៍​អន្ដរជាតិ​ (USAID)​ បានឱ្យ​ដឹង​ថា​ ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​ បាន​រៀបចំ​ផ្សព្វផ្សាយ​ដោយ​ USAID​ តាម​រយៈ​គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវ​ ចម្រុះ​បាន​អះអាង​ថា​ ព្រៃ​ឡង់​របស់​ ប្រទេស​កម្ពុជា​មាន​ជីវចម្រុះ​ដ៏​សំខាន់​ បំផុត​មួយ​ក្នុង​ចំណោម​តំបន់​មាន​ជីវ​ ចម្រុះ​សំខាន់ៗ​ទាំង​១០​នៅ​លើ​ពិភព​ លោក​ដែល​មាន​ប្រភេទ​សត្វ​និង​រុក្ខជាតិ​កំពុង​រស់នៅ​ជិត​១.០០០​ប្រភេទ​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​គូស​ បញ្ជាក់​ថា​ ការ​សិក្សា​ស្រាវជ្រាវ​ដែល​ អនុវត្ដ​ដោយ​អង្គការ​អភិរក្ស​អន្ដរជាតិ​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​គឺជា​ អាទិភាព​មួយ​តាម​រយៈ​ការ​ស្នើ​សុំ​របស់​ រដ្ឋបាល​ព្រៃឈើ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ អាទិភាព​ថ្នាក់​ជាតិ​ដើម្បី​ការពារ​តំបន់​ ព្រៃ​ឡង់​ ។​ ជាមួយនឹង​ការ​ស្រាវជ្រាវ​រដ្ឋ​ បាល​ព្រៃឈើ​អាច​រៀបចំ​ដំណើរ​ព្រាង​អនុក្រឹត្យ​ដើម្បី​ដាក់​ទំហំ​ផ្ទៃដី​៣០០.០០០​ ហិ​កតា​របស់ព្រៃ​ឡង់​ជា​តំបន់​ព្រៃ​ការពារ​។​

​លោកស្រី​ Rebecca​ Black​ នាយិកា​ USAID​ ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ ប្រសាសន៍​ថា​ ការ​យកចិត្ដទុកដាក់​ ចំពោះ​បរិស្ថាន​ការ​ការពារ​ជីវចម្រុះ​និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ជា​ការងារ​អាទិភាព​របស់​ប្រទេស​កម្ពុជា​និង​ត្រូវ​ បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​យុទ្ធសាស្ដ្រ​ចតុ​ កោណ​របស់​រាជរដ្ឋាភិបាល​ ។​ លោកស្រី​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ USAID​ ពិតជា​រីករាយ​នឹង​ផ្ដល់​ថវិកា​គាំទ្រ​ដល់​ ការ​សិក្សា​ស្រាវជ្រាវ​និង​លទ្ធផល​រក​ ឃើញ​ដ៏​អស្ចារ្យ​នេះ​។​ នេះ​បង្ហាញ​ថា​ មាន​ មូលហេតុ​សំខាន់ៗ​ជា​ច្រើន​ ដើម្បី​អភិ​ រក្ស​និង​ដាក់​ព្រៃ​ឡង់​ជា​បេតិកភណ្ឌ​ធម្ម​ ជាតិ​។​

​លោកស្រី​ Tracy​ Farrell​ នាយិកា​ បច្ចេកទេស​របស់​អង្គការ​អភិរក្ស​អន្ដរ​ ជាតិ​បាន​មាន​ប្រសាសន៍​ថា​ បើ​ទោះបីជា​ តម្លៃ​ផ្នែក​ជីវចម្រុះ​គួរ​ឱ្យ​កត់សម្គាល់​ ជាង​ឃ្លាំង​ស្ដុក​និង​ឱកាស​សេដ្ឋកិច្ច​សំខាន់​ ព្រៃ​ឡង់​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ ព្រៃឈើ​ក្នុង​អត្រា​កើនឡើង​មួយ​ខ្ពស់​ ។​ ការ​កាប់​ឈើ​ខុសច្បាប់​និង​ការ​ជួញដូរ​ សត្វព្រៃ​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​ តំបន់​ព្រៃ​ឡង់​និង​កើត​មាន​យ៉ាង​ប្រត្យក្ស​នៅ​ទូ​ទាំង​តំបន់​ព្រៃ​ឡង់​ក្នុង​អត្រា​ខ្ពស់​ ។​ លោកស្រី​បាន​បន្ដ​ទៀត​ថា​ ប្រសិនបើ​មិន​ មានការ​ធ្វើ​សកម្មភាព​ជា​បន្ទាន់​ណា​ មួយ​ដើម្បី​ការពារ​ព្រៃ​ឡង់​នោះ​ទេ​តំបន់​ ព្រៃ​ដែល​មាន​ជីវចម្រុះ​ដ៏​មាន​តម្លៃ​និង​ សេវាកម្ម​ព្រៃឈើ​ដែល​ផ្ដល់​កម្រៃ​ច្រើន​មួយ​នេះ​នឹង​ត្រូវ​បាត់បង់​ជា​រៀង​រហូត​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​គូស​ បញ្ជាក់​បន្ថែម​ទៀត​ថា​ ព្រៃ​ឡង់​គឺជា​គំរូ​ ដ៏​អស្ចារ្យ​មួយ​នៃ​តំបន់​ទំនាប​ព្រៃស្រោង​តំបន់​ឥណ្ឌូ​ភូមា​ ដែល​មាន​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​ជិត​១.០០០​ប្រភេទ​ដែល​ក្នុង​ នោះ​មាន​រុក្ខជាតិ​៥៣០​ប្រភេទ​ថ​និក​ សត្វ​៦០​ប្រភេទ​ សត្វ​ស្លាប​២៦៦​ប្រភេទ​ និង​ឧរង្គសត្វ​ និង​ថលជលិក​៧៦​ប្រភេទ​ ហើយ​ជា​តំបន់​ជីវចម្រុះ​សំខាន់​បំផុត​មួយ​ ក្នុង​ចំណោម​តំបន់​ជីវចម្រុះ​សំខាន់ៗ​ទាំង​១០​នៅ​លើ​ពិភពលោក​ ។​ ព្រៃ​ឡង់​មាន​ ទីតាំង​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ទន្លេ​មេ​ គ​ង្គ​ចំ​ភាគ​កណ្ដាល​ប្រទេស​កម្ពុជា​និង​ លាតសន្ធឹង​លើ​ខេត្ដ​ចំនួន​៤​គឺ​ខេត្ដក្រចេះ​ កំពង់ធំ​ ស្ទឹង​ត្រែង​ និង​ព្រះ​វិហារ​ ព្រម​ ទាំង​ស្ថិត​នៅ​លើ​ជម្រាល​ចំនួន​៣​ដូច​ជា​ស្ទឹង​សែន​ ស្ទឹង​ជី​ន​និ​ត​ និង​សៀម​បូក​ និង​ជា​ផ្លូវទឹក​បែងចែក​រវាង​បឹង​ទន្លេ​ សាប​នឹង​អាង​ទន្លេមេគង្គ​។​

​ព្រៃ​ឡង់​គឺជា​ជម្រាល​របស់​បឹង​ទន្លេ​ សាប​ដែល​បម្រើ​សេចក្ដី​ត្រូវការ​របស់​ ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​និង​រួម​ ចំណែក​មួយ​ភាគ​ធំ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​ កិច្ច​ជាតិ​ ជា​ពិសេស​ប្រជាជន​ប្រមាណ​ ជាង​២៥០.០០០​នាក់​ដែល​រស់នៅ​ក្នុង​ ភូមិ​ចំនួន​៣៤០​នៅ​ក្នុង​និង​ជុំវិញ​តំបន់​ ព្រៃ​ឡង់​ពឹង​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​ទៅ​លើ​តំបន់​ព្រៃ​ឡង់​នេះ​សម្រាប់​ការ​ចិញ្ចឹមជីវិត​ដូច​ជា​ការ​ប្រមូល​ក្រវាញ​ ជ័រទឹក​ ទឹកឃ្មុំ​ព្រៃ​ ផ្ដៅ​ ឫស្សី​ និង​ផ្លែ​ឈើ​ព្រៃ​ ជាដើម​។​

​បច្ចុប្បន្ន​នេះ​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវចម្រុះ​របស់​ USAID​ កំពុង​ធ្វើ​ ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​ រយៈ​រដ្ឋបាល​ព្រៃឈើ​និង​ក្រសួងបរិស្ថាន​ ដើម្បី​ការពារ​ព្រៃ​ការពារ​ភាគ​ឦសាន​ និង​តំបន់​ព្រៃ​ឡង់​ដើម្បី​កាត់​បន្ថយ​ផល​ ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​អភិរក្ស​ជីវចម្រុះ​ ។​ បើ​តាម​ការ​ ស្រាវជ្រាវ​បាន​រក​ឃើញ​សត្វ​ដំរី​យ៉ាង​ ហោច​ណាស់​១៣​ក្បាល​ ហើយ​បាន​ប៉ាន់​ ប្រមាណ​ថា​មាន​សត្វ​ដំរី​ប្រមាណ​ជាង​ ២០​ក្បាល​កំពុង​រស់នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​សត្វ​ដំរី​មាននៅ​សេសសល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕ ​ហេង​ សូ​រិ​យា​