ព័ត៌មានទាន់ហេតុការណ៍៖

កាស៊ីណូឃ្វីនបើកទ្វារចំហទទួលពលរដ្ឋខ្មែរចូលលេងល្បែងដោយសេរី

ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលជា ច្រើនរូបត្រូវបានដាក់ពង្រាយដើម្បីបើកទ្វារ និងការពារឲ្យពលរដ្ឋខ្មែរចូលលេងក្នុង កាស៊ីណូមួយកន្លែងមានយីហោឃ្វីននៅស្រុកកំរៀង ខេត្តបាត់ដំបង។ កាស៊ីណូនេះ បច្ចុប្បន្នក៏កំពុងតែបំផ្លាញអនាគតពលរដ្ឋខ្មែរ និងបង្កភាពអសន្តិសុខសង្គម ។

លោកវរសេនីយ៍ឯក គីម ពន្លក អធិការនគរបាលស្រុកកំរៀងបានថ្លែងតាមទូរស័ព្ទថា កាស៊ីណូនេះកន្លងមកត្រូវបានអាជ្ញាធរបិទម្តងរួចមកហើយដោយសារតែមិនមានឯកសារគ្រប់គ្រាន់។ តែបិទមិនបានមួយ ដង្ហើមចង្រិតផងក៏ចាប់ផ្តើមបើកជាថ្មីដែលមានអគារប្រណីតជាមុន។ លោកបានបន្ត ថា កាស៊ីណូនេះមានច្បាប់ត្រឹមត្រូវ តែច្បាប់មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងទេ គឺបើកសម្រាប់ជនបរទេសតែប៉ុណ្ណោះ។

អ្នករកស៊ីក្បែរកាស៊ីណូឃ្វីនបាននិយាយ ថា ជារៀងរាល់ថ្ងៃគេហាក់មិនដែលឃើញជនបរទេសចូលលេងទេ សូម្បីតែពលរដ្ឋ ថៃដែលមានព្រំដែនជាប់គ្នាក៏មិនដែលចូលលេងដែរគឺឃើញតែពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងតែម្ដង ដោយអ្នកខ្លះមក ពីចម្ងាយខ្លះក៏មានទីលំនៅក្នុងមូលដ្ឋានស្រុកតែម្ដង។ ពួកគាត់និយាយបញ្ជាក់ថា មានបងប្អូនពលរដ្ឋខ្មែរយើងខ្លះក្រោយពី ចូលទៅលេងចាញ់អស់ពេលចេញមកវិញ ក៏មានការឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធរហូតខ្លះកើតជាអំពើហិង្សាកាប់ចាក់គ្នា។ មួយ វិញទៀតពួកគាត់ពិតជាមិនចង់ឲ្យកើតមានកាស៊ីណូនៅកណ្តាលស្រុកនេះទេ។ ពួកគាត់ពិតជាមានការព្រួយបារម្ភខ្លាំង ព្រោះ តាំងពីមានកាស៊ីណូនេះមកគឺបាត់បង់អស់សណ្តាប់ធ្នាប់ និងកើតចោរលួចប្លន់កាន់តែ ច្រើន បងតូចបងធំ ការជួញដូរគ្រឿងញៀន កើតមានរាល់ថ្ងៃ ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានមេត្តាចុះពិនិត្យឡើងវិញចំពោះ កាស៊ីណូមួយនេះ ព្រោះការបើកឲ្យខ្មែរចូល លេងមិនមានផលល្អសម្រាប់ពលរដ្ឋខ្មែរ និងសន្តិសុខសង្គមឡើយ ។

លោកអធិការស្រុកកំរៀងបានបញ្ជាក់ ថា ចំពោះប្រជាពលរដ្ឋខ្មែរចូលលេងក្នុងកាស៊ីណូឃ្វីនដែលមានថៅកែជាជនជាតិខ្មែរលោកពិតជាបានដឹង តែលោកគ្មាន លទ្ធភាពទប់ស្កាត់ ហើយចំពោះការដាក់ ពង្រាយកម្លាំងនគរបាលឲ្យឈរបើកទ្វារ និងយាមឲ្យខ្មែរចូលលេងនៅទីនោះគ្មានទេគឺមានតែសន្តិសុខក្រុមហ៊ុនពាក់អាវនគរបាលតែប៉ុណ្ណោះ ៕ ហេង នរិន្ទ្រ