ព័ត៌មានទាន់ហេតុការណ៍៖

កាំកុងត្រូលខេត្តតាកែវ ចុះពិនិត្យគុណភាពចំណីអាហារ នៅផ្សារនានាក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ ដើម្បីធានាបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តតាកែវ មានសហការជាមួយមន្ទីពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញជាគ្រឿងកំប៉ុង និងចំណីអាហារ នៅផ្សារអង្គតាសោម និងក្រុងដូនកែវ ។

លោក ប៉ោ លាងគង់ ប្រធានសាខា បានឲ្យដឹងថា នៅផ្សារអង្គតាសោម មន្រ្តីជំនាញបានធ្វើតេស្តបឋមទៅលើគុយទាវបាញ់កាញ់ ឈាមជ្រូក ជ្រួក សណ្តែកបណ្តុះ ស្ករត្នោត មឹក និងបន្លែផ្លែឈើជាច្រើនមុខ ក្នុងនោះមន្រ្តីជំនាញបានរកឃើញសារធាតុគីមីសូដ្យូមអីដ្រូសូហ្វីត នៅក្នុងស្ករត្នោត ដោយដកហូតស្ករត្នោតចំនួន៣០គីឡូក្រាមយកមកបំផ្លាញចោល ។

លោកបានបន្តរទៀតថា បន្ទាប់ពីបានត្រួតពិនិត្យទំនិញនៅក្នុងផ្សារអង្គតាសោមរួចមក មន្រ្តីជំនាញកាំកុងត្រូល បានត្រួតពិនិត្យទំនិញនៅក្នុងក្រុងដូនកែវ ក្នុងនោះបានរកឃើញទឹកបរិសុទ្ធម៉ាក Eva ចំណុះ៣៥០ml ចំនួន៦០កេះ ស្មើនឹង១៤៤០ដប ក្នុងដេប៉ូចែកចាយតាំង ណាំថាំង យកទៅបំផ្លាញចោលផងដែរនៅឯស្នាក់ការកាំកុងត្រូល ដោយមានការចូលរួមបំផ្លាញពីលោក ប៉ាន់ ភារៈ អភិបាលរងក្រុងដូនកែវ។

លោក ប៉ោ លាងគង់ ក៏បានអំពាវនាវដល់អាជីវករលក់មុខទំនិញគ្រប់ប្រភេទនៅគ្រប់ផ្សារទាំងអស់ សូមលក់នូវមុខទំនិញណាដែលប្រកបដោយសុវត្ថិភាព និងត្រូវកំណត់ឲ្យច្បាស់ថា មុខទំនិញរបស់ខ្លួន មិនទាន់ហួសកាលបរិច្ឆេទប្រើប្រាស់។ ដោយឡែក ចំពោះអ្នកប្រើប្រាស់ ឬបរិភោគ មុននឹងទិញទំនិញផ្សេងៗ សូមមេត្តាពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រូវ ចៀសវាងប៉ះនូវផលិតផលហួសកាលបរិច្ឆេទ ដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក ៕ ភ្នំដា