ព័ត៌មានទាន់ហេតុការណ៍៖

កាំង ហ្គេចអ៊ាវ ហៅ ឌុច និយាយថាកាលដែលជនជាប់ចោទនួនជាអះអាងថា លោកមិនដែលទទួលខុសត្រូវចំពោះដំណើរការនៅមន្ទីរស-២១គឺខុសទាំងស្រុង

ភ្នំពេញ ៖​ ស្តាប់សក្ខីកម្មក្នុងសំណុំរឿង ០០២/០២ថា កាលដែលជនជាប់ចោទ នួន ជា អះអាងថាលោកមិនដែលទទួល ខុសត្រូវចំពោះដំណើរការនៅ​មន្ទីរស-២១ គឺខុសទាំងស្រុង និងគ្មានន័យឡើយ ។ ការថ្លែងបែបនេះរបស់ឌុច ដើម្បីឆ្លើយតបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារង អន្តរជាតិសាលី សាក់ ដែល ស្នើសុំឱ្យឌុចឆ្លើយតបនឹងការលើកឡើងរបស់ជនជាប់ចោទ នួន ជា កាលពីបួនឆ្នាំ មុនថា លោកមិនដែលទទួលខុសត្រូវចំពោះដំណើរការនៅ មន្ទីរស-២១នោះឡើយ អ្វីដែលឌុចបានចោទប្រកាន់មកលើលោកគឺជារឿងមិនពិត ប្រាកដ និងជារឿងអយុត្តិធម៌បំផុតសម្រាប់លោក នួន ជា ។ នួន ជា អះអាងថាលោកមិនដែលបញ្ជាមិនដែលបានទទួលឯកសារពីឌុចឡើយ ហើយលោកក៏មិនដែលជាមេដឹកនាំរបស់ឌុចដែរ ។

ឌុចបានថ្លែងពីពាក្យអះអាងរបស់នួន​ ជា ដែលថា អ្វីដែលឌុចបានចោទប្រកាន់មកខ្ញុំគឺជារឿង មិនពិតប្រាកដ និង ជារឿងអយុត្តិធម៌បំផុតសម្រាប់ខ្ញុំ ។ ខ្ញុំមិនដែលបញ្ជា ខ្ញុំមិនដែលបានទទួលឯកសារពីឌុចឡើយ ហើយខ្ញុំក៏មិនដែលជាមេដឹកនាំរបស់ឌុចដែរ។ការបដិសេធរបស់ពូនួន (នួន ជា) ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន ។ ខ្ញុំមិនស្មាន ថាដល់អីចឹងសោះ។ មន្ទីរស-២១ ក៏ដូចជាមន្ទីរនគរបាលទាំងអស់នៅក្នុងបក្សកុម្មុយ នីស្តកម្ពុជាវាស្ថិតនៅក្រោមការដឹកនាំ និង ការបញ្ជារបស់បក្សកុម្មុយនីស្តកម្ពុជា ។ គោលនយោបាយរបស់បក្សកុម្មុយនីស្ត កម្ពុជាថាខ្មាំងត្រូវតែកម្ទេចវាចេញនៅឆ្នាំ ១៩៧១ នៅក្នុងមហាសន្និបាតលើកទី៤ របស់បក្ស ។​ នៅក្នុងមហាសន្និបាតនោះ ហើយដែលគេចាត់តាំងខ្ញុំឱ្យធ្វើជាប្រធានមន្ទីរសន្តិសុខភូមិភាគពិសេសដែលស្ថិតនៅក្រោមការដឹកនាំផ្ទាល់របស់សមាជិក មជ្ឈិមម្នាក់ គឺវន វេ៉ត ដែលជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស ។ នៅក្នុង បក្សកុម្មុយនីស្តកម្ពុជានរណាមិនគោរព បក្សនរណាធ្វើការងារដោយគ្មានលេខា និងអនុលេខាបក្សសម្រេច? ដូច្នេះការ បដិសេធរបស់ពូ នួន ជា គឺគ្មានន័យឡើយ “។

ទាក់ទងនឹងការចូលរួមទូទៅរបស់ នួន ជា ត្រូវបានឌុចបញ្ជាក់ថា រចនាសម្ព័ន្ធចាត់ តាំង របស់ មជ្ឈិម បក្ស គឺ នួន ជា មានតួនាទីជាអនុលេខាធិការមជ្ឈិមបក្សផង ហើយ ជាសមាជិក ការិយាល័យមជ្ឈិមបក្ស ឬ ការិយាល័យ ៨៧០។ ការិយាល័យ ៨៧០ នេះរួមមាន ប៉ុល ពត នួន ជា អៀង សារី សុន សេន វន វ៉េត និងខៀវ សំផន​។ ឌុចបាន បន្ថែមថា បើទោះបីជាពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៧ លោកមិនបានជួបដោយផ្ទាល់ ជាមួយ នួន ជា ក៏ដោយ តែតាមរយៈសុន សេន មានការលើកឡើងពីតួនាទីរបស់ គណៈមជ្ឈិមការិយាល័យ៨៧០និងបញ្ជាក់ថាមុននឹងធ្វើអ្វីមួយសុន សេន ត្រូវស្នើសុំ យោបល់ពីប៉ុល ពត និងនួន ជា លេខា និងអនុលេខាបក្សកុម្មុយនីស្តជាមុនសិន ។

ឌុចបានបញ្ជាក់ប្រាប់អង្គជំនុំជម្រះថាយោងតាមឯកសារបក្ស គេបាននិយាយពី របបប្រធានពីរដែលត្រូវដឹងទាំងអស់គ្នា ប្រសិនបើមួយមិននៅមួយទៀតអាចចាត់ការបាន។ សាក្សីបានបញ្ជាក់ថា ក្រោយពី ថ្ងៃទី១៥ សីហា ឆ្នាំ ១៩៧៧ នៅពេលសុន សេន ទទួលបញ្ជាឱ្យទៅសមរភូមិ លោក បានធ្វើការងារផ្ទាល់ជាមួយ នួន ជា ។ ឌុច បានថ្លែង ថា លោក នួន ជា បានហៅលោក ទៅជួបនិងបានប្រាប់លោកថា សុន សេន ត្រូវបានបញ្ជូនទៅកាន់សមរភូមិហើយ គឺឌុចត្រូវធ្វើការជាមួយគាត់។ តាមឌុច មន្ទីរស-២១ ត្រូវបានគេស្គាល់ថាជាមន្ទីរ នគរបាលមជ្ឈិម ព្រោះមន្ទីរនេះទទួលបានការណែនាំបញ្ជាពីគណៈអចិន្ត្រៃយ៍មជ្ឈិម បក្សឬការិយាល័យនយោបាយមជ្ឈិម មន្ទីរ៨៧០។

ទាក់ទងនឹងការកោះហៅឌុចឡើងមកផ្តល់សក្ខីកម្មនេះ ត្រូវបានលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឱ្យដឹងថា ធ្វើឡើងក្នុងក្របខ័ណ្ឌនៃការជំនុំជម្រះក្តីក្នុងសំណុំ រឿង ០០២/០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន នៅក្នុងប្រធានបទទីបួនទាក់ទងនឹងមន្ទីរសន្តិសុខ និង ការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ ស-២១ ។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃ ដើម្បីសាកសួរទៅ លើសាក្សីរូបនេះ ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែល កាំង ហ្គេក អ៊ាវ ត្រូវបានបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/ ០១ នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ ២០១២ ។ កាំង ហ្គេកអ៊ាវ គឺជាជនជាប់ ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខ អ.វ.ត.ក។ នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២ អង្គជំនុំជម្រះតុលាការ ​ កំពូលនៃអ.វ.ត.កបានសម្រេចតម្កល់ពិរុទ្ធភាពរបស់គាត់សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចបង្កើនការផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត ។

ចាប់តាំងពីដំណើរការសវនាការលើ សំណុំរឿង០០២/០២ នៅខែតុលា ឆ្នាំ ២០១៤ មកអង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន៨៥រូបដើម បណ្តឹងរដ្ឋប្បវេណីចំនួន ៣៩ រូប និងអ្នក ជំនាញចំនួន៣រូប សម្រាប់សវនាការ ចំនួន១៨៩ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការស្តីពីមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធាន បទបន្ទាប់ (ប្រធានបទទីប្រាំ) នៃសវនាការគឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម ។ បន្ទាប់ពីចប់ប្រធានបទក្រោយនេះអង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការស្តីពី ជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាមហើយចុងក្រោយបំផុតនឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។អង្គជំនុំជម្រះរំពឹងថា សវនាការពិភាក្សាដេញដោលលើភ័ស្តុតាងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រម នឹងប្រកាសនៅក្នុងឆ្នាំ ២០១៧ ៕

1609a4fd-dc1b-4150-acc8-366b3b4cde4e