ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករទាំង១៣នាក់ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup

ចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup ត្រូវបង្កើតឡើងមក កីឡាករជាង១.២០០នាក់ធ្លាប់រកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេក្នុងព្រឹត្តិការណ៍នេះ។ ក្នុងចំណោមកីឡាករជាច្រើននោះមានតែកីឡាករ១៣នាក់ប៉ុណ្ណោះ ដែលធ្លាប់រកគ្រាប់បាល់បានចាប់ពី១០គ្រាប់ឡើងទៅ។ កីឡាករទាំង១៣នាក់នោះភាគច្រើនគឺជា កីឡាករក្នុងក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ ហើយមិនទាន់មានកីឡាករណាបំបែក កំណត់ត្រានេះនៅឡើយទេ ដោយគ្រាប់បាល់ច្រើនជាងគេគឺ១៦គ្រាប់។

ខាងក្រោមនេះគឺជាឈ្មោះកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេទាំង១៣រូបនៅក្នុង ក្រុមជម្រើសជាតិរបស់ខ្លួន៖

១- ខ្សែប្រយុទ្ធ Miroslav Klose របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ៖ ១៦គ្រាប់

២- ខ្សែប្រយុទ្ធ Ronaldo របស់ក្រុមជម្រើសជាតិប្រេស៊ីល ៖ ១៥គ្រាប់

៣- ខ្សែប្រយុទ្ធ Gerd Muller របស់ក្រុមអាល្លឺម៉ង់ (អតីតអាល្លឺម៉ង់ខាងលិច) ៖ ១៤គ្រាប់

៤- ខ្សែប្រយុទ្ធ Just Fontaine របស់បារាំង ៖ ១៣គ្រាប់

៥- ខ្សែប្រយុទ្ធ Pele របស់ប្រេស៊ីល ៖ ១២គ្រាប់

៦- ខ្សែប្រយុទ្ធ Sandor Kocsis របស់ហុងគ្រី ៖ ១១គ្រាប់

៧- ខ្សែប្រយុទ្ធ Jurgen Klinsmann របស់អាល្លឺម៉ង់ (អតីតអាល្លឺម៉ង់ខាងលិច) ៖ ១១គ្រាប់

៨- ខ្សែប្រយុទ្ធ Helmut Rahn របស់អាល្លឺម៉ង់ (អតីតអាល្លឺម៉ង់ខាងលិច) ៖ ១០គ្រាប់

៩- ខ្សែប្រយុទ្ធ Gary Lineker របស់អង់គ្លេស ៖ ១០គ្រាប់

១០- ខ្សែប្រយុទ្ធ Gabriel Batistuta របស់អាហ្សង់ទីន ៖ ១០គ្រាប់

១១- ខ្សែបម្រើប្រយុទ្ធ Teofilo Cubillas របស់ប៉េរូ ៖ ១០គ្រាប់

១២- ខ្សែប្រយុទ្ធ Thomas Muller របស់អាល្លឺម៉ង់ ៖ ១០គ្រាប់

១៣- ខ្សែបម្រើស្លាប Grzegorz Lato របស់ប៉ូឡូញ ៖ ១០គ្រាប់ ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះមានកីឡាករលេច ធ្លោរកគ្រាប់បាល់ក្នុងវគ្គជម្រុះតាមពូលមួយចំនួនក្នុងនោះមានកីឡាករCheryshev របស់រុស្សុីរកបាន៣គ្រាប់, ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo រកបាន៣គ្រាប់, ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញDiego Costa រកបាន២គ្រាប់, កីឡាករ Dzyubaរបស់រុស្សុីរកបាន២គ្រាប់, ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសKane រកបាន២គ្រាប់ និងខ្សែប្រយុទ្ធសញ្ជាតិបែលហ្សុិកLukaku រកបាន២គ្រាប់។ ប៉ុន្តែចំនួនគ្រាប់បាល់អាចនឹងមានការប្រែប្រួលនៅវគ្គបន្តបន្ទាប់ទៀតប្រសិនបើកីឡាករទាំងនេះនៅតែបន្តស៊ុតបាល់បញ្ចូលទីគូប្រកួតទៀត ៕ ដេវីត