ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ៤នាក់ក្នុងចំណោម៣២នាក់ជួបគ្នាក្នុងវគ្គជម្រុះជើងឯក TV5 Knock Out Series by K.cementទម្ងន់៦៥ គីឡូក្រាម

ភ្នំពេញ៖ សប្តាហ៍ទី២នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ វគ្គជម្រុះវិលជុំដែលប្រមូលផ្តុំដោយកីឡាករ៣២នាក់ សម្រាប់ថ្ងៃសៅរ៍ទី៩ខេកញ្ញាឆ្នាំ២០១៧នេះ តម្រូវលើកីឡាករ ៤នាក់ គឺវ៉ែន ហុងជីវ៉ុង ហ៊ឹម សារ៉ាន់ ទេស ជីវ៉ា និង ចេង គា ប្រកួតដណ្តើម កៅអីវគ្គ ១៦នាក់ ឈានទៅដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.cementទម្ងន់ ៦៥ គីឡូក្រាមនៅសង្វៀន TV5 ព្រែកកំពឹស ។

សម្រាប់ការប្រកួតជម្រុះសប្តាហ៍នេះកីឡាករ វ៉ែន ហុងជីវ៉ុង មកពីក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ជួបប្រកួតជាមួយ ហ៊ឹម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ខណៈដែល កីឡាករ ទេស ជីវ៉ា មកពីក្លិបកងពលលេខ៧០ ប្រកួតជាមួយ ចេង គា មកពី សាលវ័ន្តកីឡា តាមរូបមន្តដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកំណត ជាមួយម្ចាស់ស្ថានីយទូរទស្សន៍ ។

ការប្រកួតរវាង វ៉ែន ហុងជីវ៉ុង និង ហ៊ឹម សារ៉ាន់ ទាំង២នាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះ សារ៉ាន់ អ្នកប្រដាល់ជំនាន់មុនរីឯ វ៉ែន ហុងជីវ៉ុង ជាអ្នកប្រដាល់ទើបឡើងថ្មី។ តាមក្រុមអ្នកតាមដាន កម្មវិធីប្រដាល់បានអះអាងនោះថា ហុងជីវ៉ុង ទំនងមិនអាចឈ្នះ សារ៉ាន់ បានទេនេះយោងតាមបទពិសោធប្រកួតកន្លងមក របស់សារ៉ាន់ ។ ចាំមើល តើ ហ៊ឹម សារ៉ាន់ អាចយកឈ្នះ វ៉ែន ហុងជីវ៉ុង បានឬអត់?។

ចំពោះការជួបគ្នារវាង ទេស ជីវ៉ា និង ចេង គាវិញពួកគរក៏មិនធ្លាប់ជួបគ្នាដែរ ប៉ុន្តែជំនួបលើកទី១នេះ អ្នកទាំងសុទ្ធតែត្រូវ៣ពិន្ទុដូចគ្នាដើម្បីទទួលបានឱកាសឡើងទៅប្រកួតវគ្គជម្រុះ១៦នាក់បន្ត ។ ទោះបីយ៉ាងណា ទេស ជីវ៉ា មានយុទ្ធសាសក្នុងការវាយសន្ធប់ ទៅលើ ចេង គាច្រើន ។ ចាំមើល កីឡាករ ទេស ជីវ៉ា និង ចេង គា នរណាអាចទទួលបាន៣ពិន្ទុពីចៅក្រមទាំង៥រូបនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ? ។

គួររំលឹកថា កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out ទម្ងន់ ៦៥ គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួម ចែកចេញចំនួន ៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ ប្រកួតជម្រុះវិលជុំចាញ់ធ្លាក់ ឈ្នះនៅបន្តវគ្គ១៦នាក់ ។ ដំណាក់ទី២ ប្រកួតជម្រុះក្នុងចំណោម ១៦នាក់ ទុក ៨នាក់ បន្តប្រកួតដំណាក់កាលទី៣ និងប្រកួតជម្រុះ ៨នាក់ ទុក តែ៤នាក់ ដើម្បីប្រកួតដំណាល់ទី៤ និងទី៥ ដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ៕ សារីម