ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ឃីម បូរ៉ា និង ឡុង សំណាង ធ្វើឲ្យទស្សនិកជនរារែកចិត្តនៅវគ្គផ្តាច់ព្រ័ត្រជើងឯក TV5 Knock Out Series

 

ភ្នំពេញ ៖ អ្នកប្រដាល់ ឡុង សំណាង ក្លិបសាលវ័ន្តកីឡា និងកីឡាករ ឃីម បូរ៉ា អ្នកប្រដាល់ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ធ្វើឲ្យអ្នកនិយមទស្សនា ការប្រកួតកីឡាប្រដាល់រារែកចិត្តយ៉ាងខ្លាំង ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងតំណែងម្ចាស់ពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់ ៦០គីឡូក្រាម ដែលមានទឹកប្រាក់៤.០០០ដុល្លារអាមេរិក នៅសង្វៀន TIFFY Arena នាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ។

ប្រវត្តិសង្ខេបរបស់កីឡាករ ឃីម បូរ៉ាវិញ ៤ដំណាក់កាលកន្លងមក វាយឈ្នះ លើកទី១ កីឡាករ ព្រឹម ព្រេម មកពីក្លិបបាគងមានឫទ្ធិ ខេត្តសៀមរាប ក្នុងទឹកទី២ លើទី២ឈ្នះកីឡាករ ផាន់ សារុន មកពីក្លិបគជ់សាកីឡាដោយពិន្ទុ លើកទី៣ ឈ្នះកីឡាករ វេន សុភ័ក្រ មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ដោយពិន្ទុ និងលើកទី៤ ប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ វាយឈ្នះកីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ដោយពិន្ទុ ។

ដោយឡែកអ្នកប្រដាល់ ឡុង សំណាង វិញបានឆ្លងកាត់ការប្រកួតជម្រុះចំនួន៤ដំណាក់កាលដែរ ដោយ វាយឈ្នះទាំង៤ប្រកួត ។ ក្នុងនោះលើកទី១ ឈ្នះ ធឿន ធី ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ លើកទី២ឈ្នះកីឡាករ ញ៉េ សិទ្ធ មកពីក្លិបអេ ភូថងកីឡាក្នុងទឹកទី២ លើកទី៣ឈ្នះកីឡាករ ឌុម កែវដប មកពីក្លិបសុភានូមានជ័យ ដោយពិន្ទុ និងលើកទី៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាករ ឡុង សំណាង វាយឈ្នះ កីឡាករជើងចាស់ លាស់ យីន មកពីក្លិបសម្រែករាជសីហ៍ ដោយពិន្ទុ ។

អ្នកគាំទ្រ ពិបាកសម្រេចចិត្តព្យាករណ៍ទុកមុន ចំពោះលទ្ធផលប្រកួតចុងក្រោយ របស់កីឡាករទាំង២នាក់នេះ ។ តាមការកត់សម្គាល់នោះ ពួគេពុំធ្លាប់មានប្រវត្តិជួបប្រកួតគ្នាទេកន្លងមក តែបើតាមក្រុមអ្នកវិភាគប្រដាល់ក្នុងស្រុកអះអាងថា ឃីម បូរ៉ា នឹងអាចទទួលបានតំណែងជើងឯកនេះ ព្រោះ បូរ៉ា មានស្នៀតវាយចេញល្អជាង ឡុង សំណាង ។

NKD-36x6_outline

ចំពោះកីឡាករ លាស់ យីន អ្នកប្រដាល់ក្លិបសម្រែករាជសីហ៍ ដែលត្រូវប្រកួតដណ្តើមយកលេខ៣ ជាមួយបឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាកវាយដណ្តើមយកចំណាត់ថ្នាក់លេខ៣និងលេខ៤ ។

គួរបញ្ជាក់ថា សម្រាប់អ្នកទទួលបានជើងឯកប្រចាំ TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមទទួលបានពាន១ និងប្រាក់រង្វាន់ចំនួន៤.០០០ដុល្លារ, លេខ២ ទទួលបានពាន១ ប្រាក់រង្វាន់២.០០០ដុល្លារ, លេខ៣ ទទួលបានពាន១ ប្រាក់រង្វាន់អម៧៥០ដុល្លារ និងលេខ៤ ទទួលបានប្រាក់ចំនួន៥០០ដុល្លារ ៕ សារីម

photo_2017-03-16_06-19-35 photo_2017-03-16_06-19-04 photo_2017-03-16_06-19-18 photo_2017-03-16_06-19-27