ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ វេង សាវ៉ន ជួប ទេស សំខាន់ ក្នុងនាមមិត្តភាពនៅលើសង្វៀន TIFFY ARENA

ភ្នំពេញ ៖កីឡាគឺជាមិត្តភាពគ្មានព្រំដែន បើទោះបីការប្រកួតរបស់គូភាគីម្ខាងៗមានស្នាមបែកឈាមមុខមាត់ ឬក៏បាក់ដៃបាក់ជើងប្រសិនធ្វេសប្រហែស ប៉ុន្តែពួកគេគ្មានគំនុំនឹងគ្នានោះទេ ជាទូទៅគេតែងសង្កេតឃើញកីឡាករ កីឡាការិនីពេលចប់ការប្រកួតម្តងៗតែងចូលមកចាប់ដៃស្វាគមន៍ទុកជាការគោរពគ្នាទៅវិញទៅមក នេះគឺជាទ្រឹស្តីរបស់កីឡា ។

តួយ៉ាងដូចកីឡាករ វេង សាវ៉ន និង ទេស សំខាន់ ពួកគេត្រូវប្រឈមមុខដាក់គ្នាលើសង្វៀនប៉ុស្តិ៍លេខ៥TIFFY ARENA នាល្ងាចថ្ងៃអាទិត្យទី៣ ខែមេសា ឆ្នាំ២០១៦នេះ។

តួនាទីរបស់អ្នកប្រដាល់បច្ចុប្បន្នធ្វើយ៉ាងណាប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនដើម្បីទាមទារតម្លៃខ្លួនកាន់តែខ្ពស់ ។ ដូច្នេះជំនួបប្រកួតរវាងកីឡាករ វេង សាវ៉ន មកពីក្លិបគីសែមានប្ញទ្ធិ នឹងទេស សំខាន់ សិស្សលោក ទេស សារិន មកពីក្លិបកងពលតូចលេខ៧០ ពួកគេប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមធ្វើយ៉ាងណាទាញអារម្មណ៍ឲ្យជក់ចិត្តលើការប្រកួតរបស់ពួកគេ។

លទ្ធផលប្រកួតចុងក្រោយ របស់កីឡាករ ទេស សំខាន់ គឺវាយចាញ់អ្នកប្រដាល់ថៃដោយពិន្ទុនៅសង្វៀនស៊ីអិនស៊ី ។ ចំណែក វេង សាវ៉ន ប្រកួតចុងក្រោយវាយចាញ់ កីឡាករ ហេង វិឆ័យ មកពីក្លិបមកុដរាជសីហ៍ដោយពិន្ទុ ។

ដោយឡែកកីឡាករ វ៉ែន សុវណ្ណ សិស្សគុនក្លិបកងកេងមានប្ញទ្ធិត្រូវជួបប្រកួតជាមួយកីឡាករ យ៉ាម ខេមរា មកពីក្លិបរស្មីកុមារកំព្រា ។ កីឡាករ ងួន គា មកពីក្លិបតាឡីដំរីមានប្ញទ្ធិប្រកួតជាមួយកីឡាករ គឿម សុវណ្ណនឿត មកពីក្លិបឃ្លាំមឿងកីឡា។

កីឡាករ ងួន គា ប្រកួតចុងក្រោយវាយឈ្នះ ឆាយ ម៉េត មកពីក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុ រីឯ គឿម សុវណ្ណនឿត វាយឈ្នះ កីឡាករ អ៊ុង ស៊ីណា មកពីក្លិបមុដរាជសីហ៍ដោយពិន្ទុដែរ ៕សារីម

Tes Samkan