ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Andre Schurrle អតីតខ្សែប្រយុទ្ធក្លិបតោខៀវយល់ព្រមមកលេងនៅអង់គ្លេស Premier League វិញ

ខ្សែប្រយុទ្ធសញ្ជាតិអល្លឺម៉ង់ Andre Schurrle អតីតកីឡាករតោខៀវChelsea បានយល់ព្រមចាកចេញពីក្រុម Borussia Dortmundមកលេងឲ្យក្រុម Fulham អង់គ្លេសPremier Leagueរយៈពេល២ឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើង។

កីឡាករវ័យ២៧ឆ្នាំរូបនេះមានបទពិសោធលេងនៅអង់គ្លេសពីឆ្នាំ២០១៣ដល់ឆ្នាំ ២០១៥ អំឡុងពេលនៅជាមួយ Chelsea ហើយឈ្នះជើងឯក Premier League ម្ដង មុន វិលទៅអាល្លឺម៉ង់វិញដោយចូលរួម Wolfsburg ក្នុងរដូវកាល២០១៥-២០១៦ មុនបន្តទៅ Dortmund។

អតីតយុវជន Mainz 05 ខាងលើនិយាយថា គេអន្ទះសារចង់ចាប់ផ្ដើមលេងឱ្យ Fulham ណាស់ ហើយគេនឹងតស៊ូដើម្បីប្រជែងកៅអីលេង និងបង្ហាញគុណភាពដែលគេមាន ដូច្នេះគេអាចជាសមាជិកម្នាក់ដែលពិតជាជួយក្រុមបាន។

Schurrle ជាប់ជម្រើសជាតិក្រុមធំអាល្លឺម៉ង់ក្នុងឆ្នាំ២០១០ លេងបាន៥៧លើក ស៊ុតចូល២២គ្រាប់ ប៉ុន្តែគ្មានឈ្មោះទៅ FIFA World Cup 2018 ឡើយ៕