ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីលេខមួយពិភពលោកធ្លាក់ចេញពីកម្មវិធី US Open ក្នុងជុំទី១

កីឡាការិនីវាយតឺន្នីសលេខមួយពិភពលោក Simona Halep បានក្លាយទៅជាកីឡាករ លំដាប់កំពូលដំបូងគេដែលធ្លាក់ចេញពីកម្មវិធី US Openក្នុងជុំទី១ក្រោមស្នាដៃរបស់កីឡាការិនី Kaia Kanepi ។

បរាជ័យរបស់កីឡាការិនីសញ្ជាតិរ៉ូម៉ានីវ័យ២៦ឆ្នាំ Simona Halep បានកើតឡើង នៅក្នុងកីឡដ្ឋាន Louis Armstrong ក្នុងលទ្ធផល 6-2 និង 6-4។ បរាជ័យដែលមិនគួរឲ្យ ជឿនេះអាចបណ្តាលមកពីមូលហេតុដែលនាងបានដកខ្លួនចេញពីកម្មវិធី New Haven Open ព្រោះតែនាងអស់កំលាំងនិងឈឺជើងឆ្វេង។

ប៉ុន្តែកីឡាការិនី Simona Halepបាននិយាយក្រោយការប្រកួតចប់ថា “មកពីសំលេងស្រែកពីអ្នកគាំទ្រខ្លាំង មកពីទីក្រុងមានមនុស្សច្រើនហើយមានរឿងជា ច្រើនផ្សេងទៀតរួមផ្សុំគ្នាទើបធ្វើឲ្យខ្ញុំចាញ់។ ខ្ញុំជាមនុស្សចូលចិត្តភាពស្ងៀម ស្ងាត់ហើយចង់នៅកន្លែងតូចជាងនេះ។ ខ្ញុំអាចនិយាយបានថាខ្ញុំមិនមានអារម្មណ៍ ល្អមួយរយភាគរយទេមិនពេលឈានជើងចូលមកកាន់ទីលាន។ ប៉ុន្តែខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគតខ្ញុំនឹងព្យាយាមឲ្យបានកាន់តែប្រសើរ” ។

ចំណែកឯកីឡាការិនីវ័យ៣៣ឆ្នាំ Kaia Kanepi វិញបាននិយាយផ្ទុយពី Simona Halepថា “ខ្ញុំចូលចិត្តទីក្រុង New York។ ខ្ញុំគិតថាទីលាននៅទីនេះពិតជាស័ក្តិសមនឹង ខ្ញុំហើយខ្ញុំចូលចិត្តអាកាសធាតុផងដែរ” ៕