ព័ត៌មានទាន់ហេតុការណ៍៖

កីឡាប្រពៃណីខ្មែរ៤ប្រភេទបន្តបង្ហាញវត្តមាននៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៧

ភ្នំពេញ៖ ប្រភេទកីឡាប្រពៃណីខ្មែរចំនួន៤ប្រភេទ នៅតែបន្តវត្តមានរបស់ខ្លួនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ដដែល ក្នុងចំណោមល្បែងប្រជាប្រិយជាច្រើនទៀត ។ វត្តមានរបស់កីឡាទាំង៤ខាងលើនេះ ក្រោយពីទទួលបានប្រជាប្រិយភាពខ្លាំងអស់រយៈពេល៤ឆ្នាំកន្លងទៅ នៅលើទឹកដីសុវណ្ណភូមិដ៏ពិសិទ្ធ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាថ្លែងកោតសរសើរ របស់លោក សំហេង បុរស អនុប្រធានក្រុមប្រឹក្សាភិបាលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់កណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា។

លោក សំហេង បុរស បានឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ បានរៀបចំបែងចែក កម្មវិធីជា២ គឺកម្មវិធីសម្រាប់ពេលថ្ងៃ និងកម្មវិធីសម្រាប់ពេលយប់ ដោយចាប់ផ្តើមដំណើរការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅឧទ្យានជាតិអង្គរវត្ត ។ ជាមួយកម្មវិធីដ៏សំបូរបែបក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះដែរ កម្មការរៀបចំពិធី ក៏បានចាតទុក កម្មវិធីប្រកួតកីឡាប្រពៃណីខ្មែរ ជាល្បែងកម្សាន្តមួយបែបសម្រាប់ឲ្យប្រជាពលរដ្ឋ បានទស្សនា ក៏ដូចជាការបង្កើនភាពសប្បាយរីករាយ ។ កីឡាប្រពៃណីខ្មែរទាំង៤ខាងលើនោះ មាន កីឡាល្បុក្កតោ កីឡាអុកចត្រង្គ កីឡាទាញព្រ័ត្រ និងកីឡាប្រណាំង រទេះគោ រទេះក្របី ។ កីឡាទាំង៤ប្រភេទនេះ មានប្រជាពលរដ្ឋចូលរួមទស្សនា រាប់ម៉ឺននាក់ក្នុង១ថ្ងៃៗ ហើយមានផ្តល់ឱកាសឲ្យភ្ញៀវទេសចរណ៍បរទេសចូលរួម លេងកម្សាន្ត ក៏ដូចជាហ្វឹក ហាត់ផងដែរ។

NKD-36x6_outline

លោក សំហេង បុរស បានបញ្ជាក់បន្ថែមថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦កន្លងទៅ កម្ពុជាទទួលបានអ្នកចូលរួម ប្រមាណ១លាន៣សែននាក់ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈឆ្នាំនេះ លោករំពឹងថា នឹងអាចកើនដល់១លាន៥សែននាក់ ។ អ្វីដែលក្រុមការងារព្រឹត្តិការណ៍អង្គសង្ក្រាន្តបានកំពុងធ្វើនាពេលនេះ សំដៅ ទាក់ទាញទេសចរបរទេសឲ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕ សារីម

1 2 3 មាន សុនីតា