ព័ត៌មានទាន់ហេតុការណ៍៖

កុមារីអាយុ៨ឆ្នាំលិចអូប័រលង់ស្លាប់២ថ្ងៃទើបរកសពឃើញ

ខេត្តកំពត៖ ក្មេងស្រីម្នាក់ដែលជិះអូប័រជាមួយគ្រួសារហើយលិច បណ្តាលឲ្យបាត់ខ្លួនរហូតនោះ មកដល់ពេលព្រឹក ថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៨ក្រុមគ្រួសារបានរកឃើញសពនាងអណ្តែតហើយ បន្ទាប់ពីបាត់ខ្លួនអស់ពេល២ថ្ងៃរួចមក។

គួររំលឹកថាកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ហេតុការណ៍នេះ បានកើតឡើងក្នុងភូមិបត់ក្បាលដំរី ឃុំមាក់ប្រាង ស្រុកទឹកឈូ ជាទីនៃបណ្តុំតំបន់ទេសចរណ៍ទឹកឈូ ហើយកុមារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វ៉ាវ អេនជី អាយុ ៨ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានរៀបរាប់ថានៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ អ្នកភ្នំពេញមួយគ្រួសារមានគ្នាប្រាំបីនាក់បានមកដល់កន្លែងកម្សាន្តជិះខ្សែរ៉ត និងបន្តដោយជិះអូប័រក្នុងដំណើរទៅជួបសួរសុខទុក្ខសាច់ញាតិនៅភូមិមាត់ពាម ឃុំមាក់ប្រាងស្ថិតនៅត្រើយខាងជើង។ លុះដល់ម៉ោងប្រហែល៧ និង៣០នាទីយប់ថ្ងៃដដែល ភ្ញៀវទាំងនោះក៏វិលត្រឡប់មកវិញដោយជិះអូប័រដដែល។ ចៃដន្យគ្រាន់តែដល់ត្រឹមពាក់កណ្តាលស្ទឹង អូប័របានលិចធ្វើឱ្យអ្នកដំណើរស្រែកទ្រហឹងអឺងកង ឮដល់អ្នកជិតខាងទើបប្រញាប់ប្រញាល់នាំគ្នាយកទូកម៉ាស៊ីនមកជួយសង្គ្រោះភ្លាមៗ ហើយស្រង់បានមនុស្សប្រាំបីនាក់រួមទាំងអ្នកបើកអូប័រផងប៉ុន្តែពួកគេបាត់កុមារីវ័យ៨ឆ្នាំម្នាក់។មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា រហូតមកដល់ម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ការតាមស្វែងរកកុមាររងគ្រោះមិនទាន់ប្រទះឃើញនៅឡើយទេ។ លុះមកដល់ព្រឹកថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៨ ទើបឃើញសពអណ្តែតឡើង ក្រុមគ្រួសារបានត្រឹម ស្រែកទ្រហោរយំសោកស្តាយយ៉ាងក្តុកក្តួល និងយកសពទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ ៕ សហការី