ព័ត៌មានទាន់ហេតុការណ៍៖

កូនក្របីមួយក្បាល ស្រែកថ្ងូរសំឡេងឮដ៏រន្ធត់ ខ្លោចចិត្ត ដូចជាសំឡេងកូនក្មេងរកម្ដាយឲ្យជួយ ដោយពាក្យថា «ម៉ាក់អើយ… ម៉ាក់អើយ… ម៉ាក់អើយ…»

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កូនក្របីមួយក្បាល ដែលម្ចាស់ទីសត្តឃាតទិញដើម្បីត្រៀមកាប់សម្លាប់ធ្វើអាជីវកម្មលក់សាច់ បែរជាមានរឿងចម្លែក ហាក់មិនគួឲ្យជឿទាល់តែសោះថាៈ កូនក្របីមួយក្បាលនេះបានស្រែកទ្រហូយំ ដោយសំឡេងយ៉ាងគ្រលួចសែនរន្ធត់ ស្រែករកមេរបស់គេ ដែលសំឡេងស្រែកឮស្រដៀងឬសម្លេងដូចមនុស្សសុទ្ធសាធគឺ សំឡេងបានបង្ហើយ៉ាងដូច្នេះថា «ម៉ាក់អើយ… ម៉ាក់អើយ… ម៉ាក់អើយ…» ជាមួយនឹងចំណងខ្សែជាប់.ក ក្នុងវេលាដ៏ខ្លី ប្រឈមទៅនឹងម្ចាស់ទីសត្តឃាតត្រៀមយកទៅវាយសម្លាប់ សម្រាប់ជាមុខរបរអាជីវកម្ម។

សំឡេងកូនក្របី ដែលមិនធ្លាប់ឮបែបនេះពីមុនមក បានក្លាយទៅជា ក្ដីអាណិតអាសូរនិងរន្ធត់ខ្លោចផ្សាក្នុងចិត្តពីអ្នកជិតខាង ហើយនាំគ្នាស្ដាប់ ម្ដងហើយម្ដងទៀត ដោយមិនអស់ចិត្ត ហេតុអីក៏កូនក្របីមួយនេះស្រែកដូចសម្លេងមនុស្ស។ ករណីខាងលើបានបង្កឲ្យភ្ញាក់ផ្អើលកន្លងទៅថ្មីៗនៅកន្លែងទីសត្តឃាតនាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយមករឿងដ៏ចម្លែកនេះបានលេចឮទៅកាន់មនុស្សជាច្រើនទៀតទើបធ្វើឲ្យ លោក ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឃើញនិងឮសំឡេង ដោយផ្ទាល់ទើបផ្ដើមចេញឲ្យមានផ្នត់គំនិត អាណិតអាសូរកូនក្របីមួយក្បាលនេះ បានចំណាយប្រាក់ទិញពីទីសត្តឃាតយកទៅចិញ្ចឹម ឲ្យរួចផុតពីកំណែនមច្ចុរាជ ដែលនឹងត្រូវអូសកកូនក្របីនេះតែក្នុងរយៈពេលប៉ុន្មាននាទីទៀត បញ្ជូនទៅកាន់សមរភូមិមរណៈនោះ។

បច្ចុប្បន្នកូនក្របីមួយក្បាលនេះ បានរួចផុតពីការកាប់សម្លាប់និងជាជំនឿផងនោះ ចាត់ទុកកូនក្របី អាចជាអ្នកមានបុណ្យពីអតីតជាតិ ទើបធ្វើឲ្យសត្វមួយនេះស្រែកឮសំឡេងដូចជាមនុស្សបេះបិត និងបានទៅរស់នៅដោយសោយសុខក្នុងដំបូលភូមិគ្រិះលោកឧត្តមសេនីយ៍ ភ្លន់ តារា ។ មានប្រជាពលរដ្ឋជាច្រើន ក្នុងជំនឿផងនោះ បានគោរពនិងយល់ថា កូនក្របីមួយក្បាលនេះជាសត្វមានបរមីណ៍ ហើយសម្ដែងនូវការគាំទ្រចំពោះសណ្ដានចិត្តប្រោសប្រណី យិតយោងសត្វកូនក្របីមួយក្បាលនេះឲ្យរួចផុតពីសេចក្ដីងាប់ ជាពិសេសក៏បាននាំគ្នាជូនពរផងដែរដល់មេយោធាខេត្ត ជាមួយនិងក្រុមគ្រួសារទទួលបានសុខុដុមរមនា ក្នុងក្រុមគ្រួសារ។

លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់គណនីហ្វេសប៊ុក បង្ហោះហេតុការណ៍ទាំងនេះ ក៏បានទទួលស្គាល់ថា រឿងនេះជាការពិតនិងបញ្ជាក់ប្រាប់ទៅកាន់មិត្តរបស់គាត់ផងដែរថា ក្របីមួយក្បាលនេះបានរស់នៅក្នុងត្រកូលមេយោធាខេត្តបន្ទាយមានជ័យ គឺលោក ភ្លន់ តារា ដែលមានទីលំនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្រុងសិរីសោភ័ណ នាផ្លូវទៅកាន់ខេត្តសៀមរាបអង្គរ។

គួររំលឹកថា បើរឿងនេះក្លាយទៅជាការពិត អាចជាអច្ឆរិយៈ ស្របនិងជំនឿសាសនារបស់ពលរដ្ឋខ្មែរ ដែលតែងមានទម្លាប់គោរព សត្វគោ ជាសត្វមានបរមី ដូចក្នុងរឿង «ព្រះគោ ព្រះកែវ» រួមទាំងបន្សល់ទុកនូវរូបសំណាកចម្លាក់លើផ្ទាំងសីលាធំៗ នៃប្រាង្គប្រាសាទដ៏ល្បីល្បាញជាច្រើនរបស់ប្រទេសកម្ពុជា។ ដល់ពេលនេះស្រាប់តែលេចឮនូវការពិតពីកូនក្របីស្រែកហៅមេរបស់គេ សំឡេងដូចកូនមនុស្សបេះបិតគឺ «ម៉ាក់អើយ… ម៉ាក់អើយ… ម៉ាក់អើយ…» គ្រាភ័យសម្រាប់ពេលវេលាដែលនឹងត្រូវម្ចាស់ទីសត្តឃាតត្រៀមហូសកយកទៅកាប់សម្លាប់.

ប្រភពព័ត៌មានដែលផ្ដល់ចុងក្រោយនារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បានអះអាងប្រាប់ នគរវត្ត ឲ្យដឹងថា រឿងខាងលើគឺជាការពិត ដែលមកទល់បច្ចុប្បន្នមានរយៈពេល១ឆ្នាំកន្លងផុតទៅហើយ កូនក្របីដ៏មានភ័ព្វសំណាងនេះក៏ទទួលបានសេចក្ដីសុខរស់នៅក្នុងដំបូលផ្ទះលោក ភ្លន់ តារា ដល់សព្វថ្ងៃនេះដែរ៕ សុខ ខេមរា


ចែករំលែក៖