ព័ត៌មានទាន់ហេតុការណ៍៖

កូនឈើគ្រញូង១០០ដើមត្រូវបានដាំនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ

ភ្នំពេញ ៖ ក្នុងគោលបំណងបង្កើនសោភណភាពសាលានិងចូលរួមលើកកម្ពស់បរិស្ថាន កូនឈើគ្រញូង១០០ដើមត្រូវបានដាំនៅក្នុងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ នាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ដោយមានការចូលរួមពីសំណាក់ ព្រះសង្ឃ សប្បុរសជន គណៈ គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សជាច្រើនរូបទៀត។

ស្ថិតក្នុងផ្ទៃដីសាលាមធ្យមសិក្សាវិចិត្រសិល្បៈជិត៤ហិកតាគឺនៅមិនទាន់មានដើមឈើច្រើននៅឡើយ ហេតុនេះហើយទើបសប្បុរសជនបានផ្តល់ដើមឈើគ្រញូងនិងរុក្ខជាតិលម្អសាលាមួយចំនួនដល់សាលាមួយនេះ។

ព្រះតេជព្រះគុណ នី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤នៃវត្តនាគវ័នបានមានថេរដីកាថា កូនដើមគ្រញូងចំនួន១០០ដើម និងដើមឈើលម្អមួយចំនួនទៀតដែលយកមកដាំដុះនៅក្នុងសាលាមធ្យមសិក្សាវិចិត្រសិល្បៈនេះគឺបានមកពីសទ្ធាជ្រះថ្លារបស់លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ដែលបានសន្យាផ្តល់ជូនដល់សាលាគ្រាដែលលោកស្រីបានអញ្ជើញមកចូលរួមចែកអំណោយជាសម្ភារសិក្សា និងបរិក្ខារមួយចំនួនកាលពីប៉ុន្មានខែមុននេះ។

ព្រះតេជព្រះគុណបន្តថា ការដាំដើមឈើគឺពិតជាមានអត្ថប្រយោជន៍ច្រើនដែលមិនត្រឹមតែជាសោភណភាពសាលាជាម្លប់សម្រាប់សិស្សានុសិស្សលោកគ្រូអ្នកគ្រូទេ គឺបានជួយឲ្យមានលំនឹងផ្នែកបរិស្ថានផងដែរ។

ព្រះតេជព្រះគុណបន្តថា ក្រៅពីអត្ថប្រយោជន៍ទាំងនេះការដាំដើមឈើនៅពេលនេះក៏នឹងជួយឲ្យសិស្សានុសិស្សជំនាន់ក្រោយបានស្គាល់ពីដើមឈើពិសេសគឺការជួយបណ្តុះបញ្ញាស្មារតីឲ្យក្មេងៗជំនាន់ក្រោយចេះស្រលាញ់ថែរក្សាការពារបរិស្ថានទាំងអស់គ្នាផងដែរ។

ព្រះតេជព្រះគុណរំពឹងដែរថា អគ្គនាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នឹងរួមគ្នាចូលរួមចំណែកថែរក្សាការពារដើមឈើដែលបានដាំនៅពេលនេះឲ្យរីកលូតលាស់បានល្អប្រសើរសម្រាប់ក្មេងៗជំនាន់ក្រោយបានដឹងបានស្គាល់ និងធ្វើឲ្យបរិស្ថានរស់នៅជុំវិញពោរពេញដោយភាពស្រស់ថ្លាស្រស់បំព្រង ។

អ្នកស្រី សៀង វៀង អគ្គនាយិការសាលាធម្យមសិក្សាវិចិត្រសិល្បៈបានបញ្ជាក់ថា ការផ្តល់កូនឈើគ្រញូងនិងដើមឈើលម្អសាលាមួយចំនួនរបស់លោកស្រី សៀង ចាន់ហេង នៅពេលនេះគឺបង្ហាញពីទឹកចិត្តស្រលាញ់បរិស្ថាននិងភាពស្រស់បំព្រង។

អ្នកស្រីបន្តថា កន្លងមកសប្បុរសជនខាងលើតែងយកចិត្តទុកដាក់សាកសួរសុខទុក្ខ ផ្តល់អំណោយជាថវិកា និងសម្ភារដល់លោកគ្រូអ្នកគ្រូនិងសាលារៀនផងដែរ។

អ្នកស្រីបញ្ជាក់ថា កូនឈើញគ្រញូងនេះពិតជាមានសារសំខាន់សម្រាប់សាលា ទាំងសោភណភាពនិងបរិស្ថាន ហើយអ្នក ស្រីសន្យាថា នឹងបន្តដឹកនាំសិស្សានុសិស្សឲ្យចូលរួមថែរក្សាការពារកូនឈើទាំងនេះឲ្យរីកលូតលាស់ធំធាត់ដើម្បីចូលរួមលើកកម្ពស់ផ្នែកសោភណភាព និងបរិស្ថានសាលាផងដែរ៕ វឌ្ឍនា

2

1

3