ព័ត៌មានទាន់ហេតុការណ៍៖

កូនដើមប្តឹងឪពុកចុងថាចាប់រំលោភនាងច្រើនដង

ខេត្តកំពង់ស្ពឺ៖ នារីជាកូនចុងម្នាក់ បានទៅរាយការណ៍ប្រាប់ប្រជាការពារភូមិ ឲ្យជួយប្តឹងសមត្ថកិច្ច ដោយចោទប្រកាន់ថា បុរសជាឪពុកចុង បានចាប់រំលោភនាងច្រើនដងមកហើយ លើកចុងក្រោយនេះ ដោយទ្រាំមិនបាន ក៏ប្តឹងតែម្តង ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ នារីរងគ្រោះឈ្មោះ អ ស នអាយុ១៧ឆ្នាំ ។

នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ធីម ភេទប្រុស អាយុ៤០ឆ្នាំ (ត្រូវជាឪពុកចុង)ត្រូវបាននារីរងគ្រោះប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ។

មុនឈានដល់ការឃាត់ខ្លួន គឺនារីរងគ្រោះបានទៅប្រាប់ឈ្មោះ អ៊ុំ វ៉ុន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច (ជាប្រជាការពារភូមិ)ថា ឈ្មោះ សុខ ធីម ភេទប្រុស អាយុ៤០ឆ្នាំ (ត្រូវជាឪពុកចុង) បានចាប់រំលោភសេពសន្ថវៈ មកលើរូបនាង ។

ប្រភពបន្តថា ពេលឈ្មោះ អ៊ុំ វ៉ុន លឺដូច្នេះក៏រាយការណ៍ជូនសមត្ថកិច្ច ហើយឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅអធិការដ្ឋាន ។ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមការបំភ្លឺរបស់នារីរងគ្រោះបានចោទប្រកាន់ទៅលើបុរសសង្ស័យថា បានធ្វើសកម្មភាពរំលោភមកលើរូបនាងច្រើនដងមកហើយ ។ នាងថា នៅលើកចុងក្រោយនេះ ថ្ងៃកើតហេតុដោយទ្រាំនឹងសកម្មភាពរំលោភរបស់ឪពុកចុងលែងបាន នាងក៏សម្រេចចិត្តប្រាប់ប្រជាការពារឲ្យប្តឹងសមត្ថកិច្ចតែម្តង ។

ពេលនេះ សមត្ថកិច្ខបាននឹងកំពុងសាកសួរទៅលើជនសង្ស័យ ខណៈជននេះបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។

បើទោះជាបែបនេះក្តី សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី ៕ សេនាស័ក