ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ ខកការច្រៀងនៅកូរ៉េ ព្រោះជំងឺគ្រុនឈាម

ភ្នំពេញ៖ ការប្រគំតន្ត្រី ដែលប្រមូលផ្តុំដោយតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា នៅលើទឹកដីនៃប្រទេសកូរ៉េ បានប្រព្រឹត្តិទៅតាមការគ្រោងទុក ។ ប៉ុន្តែកូនប្រុសច្បងរបស់តារាចម្រៀងព្រាប សុវត្ថិ បានខកខានក្នុងការចូលរួម ព្រោះតែតារាចម្រៀងរូបនេះ មានជំងឺគ្រុនឈាម ។

ប្រភពពីអ្នកសិល្បៈ ដែលបានចូលរួមកម្មវិធីប្រគំតន្ត្រីខ្នាតធំនេះបានបញ្ជាក់ថា សុវត្ថិ មុន្នីវណ្ណ ជាកូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ ខកខានក្នុងសម្តែងនៅប្រទេសកូរ៉េ តាមការកំណត់ ព្រោះតែតារាចម្រៀងរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺ ដែលក្រោយពីពិនិត្យរកឃើញថា កូនប្រុសច្បងរបស់ព្រាប សុវត្ថិ គឺមានជំងឺគ្រុនឈាម បន្ទាប់ពីប្អូនប្រុសពីរនាក់ផ្សេងទៀតទើបនឹងជាសះស្បើយហើយថ្មីៗ ។

ការខកខានរបស់កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ ក៏បានធ្វើឲ្យគម្រោងចេញមកច្រៀង និងកម្សាន្តរួមគ្នាទាំងគ្រួសារ ត្រូវបានខកខានផងដែរ ព្រោះតែសមាជិកគ្រួសារត្រូវនៅជួយមើលថែ ។ ទោះជាយ៉ាងណា គម្រោងនៃការឡើងឆាកមិនបានលុបចោលនោះទេ ពោលគឺលោកព្រាប សុវត្ថិ រួមទាំងកូនប្រុសទាំងពីរ និងតារាចម្រៀងប្រុសស្រីល្បីឈ្មោះដទៃទៀត នៅតែបន្តការច្រៀងរាំយ៉ាងជោគជ័យ ជាមួយនឹងការចូលរួមច្រើនពីអ្នកទស្សនា ពិសេសពលរដ្ឋខ្មែរ ដែលជាពលករបម្រើការងារនៅប្រទេសកូរ៉េនោះ ។

គួរបញ្ជាក់ដែរថា តារាចម្រៀងល្បីៗមួយក្រុមបាន ចេញដំណើរទៅប្រទេសកូរ៉េកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងដំណើរចេញច្រៀងរាំនោះ គឺមានកំពូលតារាចម្រៀងល្បីលំដាប់ប្រទេសលោកព្រាប សុវត្ថិ អ្នកនាងពេជ្រ សោភា លោក ឆាយ វីរៈយុទ្ធ កញ្ញា រ៉ាប៊ី នាយពែកមី លោក ប៉ែន ចំរ៉ុងជាដើម ក្រោមការរៀបចំរបស់លោកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា ។ ថ្ងៃទី២៤ ខែកញ្ញា តារាចម្រៀងទាំងអស់បានជុំគ្នាច្រៀងរាំ បើកឆាកនៅទីក្រុង អាន់សាន់ ហើយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តារាចម្រៀងទាំងអស់បានបន្តទៅច្រៀងនៅទីក្រុង ក្វាងជូ ខណៈ ដែលល្ងាចថ្ងៃ២៦ ខែកញ្ញា តារាចម្រៀង និងក្រុមការងារទាំងអស់ នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ៕ វឌ្ឍនា